ថ្ងៃ ចន្ទ 05 សីហា 2013
ដោយ ប៉ែន បូណា
RFI
បន្ទាប់ពីធ្វើដំណើរទៅកាន់បណ្តាខេត្តមួយចំនួន ដើម្បីអរគុណម្ចាស់ឆ្នោតនោះមេដឹកនាំគណប្សសង្គ្រោះជាតិនៅថ្ងៃ ចន្ទ ទី៥ សីហា ឆ្នាំ២០១៣ បានធ្វើដំណើរទៅជួបប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅបឹងកក់។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានធ្វើដំណើរទៅកាន់តំបន់បឹងកក់ នៅថ្ងៃទី៥ ខែសីហានេះ មានការស្វាគមន៍ពីពលរដ្ឋបឹងកក់។ rfi/siv channa
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានចុះជួបប្រជាពលរដ្ឋអ្នកភូមិបឹងកក់ នៅរសៀលថ្ងៃចន្ទនេះដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីបញ្ហារបស់ពួកគេ។ វត្តមានរបស់មេដឹកនាំបក្សប្រឆាំងជាមួយអ្នកភូមិដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ បានធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរចុះជួបថ្លែងអំណគុណដល់អ្នកបោះឆ្នោតដែលលោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។
លោក សម រង្ស៊ី អមដំណើរដោយ លោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនផង ត្រូវបានទទួលស្វាគមន៍ដោយអ្នកភូមិបឹងកក់របស់ក្រុមអ្នកស្រី ទេព វន្នី រួមទាំងសហគមន៍បូរីកីឡា និងថ្មគោល ដែលមានជម្លោះដីធ្លីផងដែរ។ លោក សម រង្ស៊ី ដែលអះអាងថា ខ្លួននឹងក្លាយជានាយករដ្ឋមន្ត្រីអាណត្តិទី៥នេះ បានសន្យាថានឹងប្រគល់ដីឲ្យប្រជាពលរដ្ឋទាំងនោះវិញ ឬយ៉ាងហោចណាស់នឹងផ្តល់សំណងសមស្របតាមតម្លៃដីដែលពួកគេត្រូវទទួល៕


