ក្រោយពេលបោះឆ្នោតបានបញ្ចប់ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ មេដឹកនាំគណបក្សនយោបាយមួយចំនួនចាប់ផ្ដើមចេញយុទ្ធនាការរបស់ខ្លួន ដើម្បីចុះទៅជួបប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្នុងនោះមានបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ។ ដំណើរសួរសុខទុក្ខម្ចាស់ឆ្នោតរបស់គណបក្សប្រជាជន គឺប្រព្រឹត្តឡើងដោយគ្មានអ្នករំខាន ប៉ុន្តែចំពោះបក្សសង្គ្រោះជាតិ គឺមានសកម្មភាពរំខានតាមមូលដ្ឋាន ដូចមានគេរុះរើស្ពានមិនឲ្យឆ្លងជាដើម។
ដោយ សូត សុខប្រាថ្នា
2013-08-05
RFA
គ្រាន់តែថ្ងៃបោះឆ្នោតបញ្ចប់សឹងតែមិនទាន់ មេដឹកនាំគណបក្សធំៗទាំងពីរ បានចាប់ផ្ដើមបង្ហាញមុខជាសាធារណៈក្នុងការចុះទៅសួរសុខទុក្ខប្រជាជន និងដើម្បីសម្ដែងការអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្របក្សខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំមន្ត្រីរបស់ខ្លួនមួយចំនួន ទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី២ សីហា គឺមានភាពល្អប្រសើរ ដោយមិនមានអ្វីចោទជាបញ្ហានោះទេ។ ប៉ុន្តែ ចំពោះដំណើរសួរសុខទុក្ខរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ សីហា ដឹកនាំដោយ លោក សម រង្ស៊ី វិញ គេសង្កេតឃើញថា មានការរំខាន ដោយសារការធ្វើដំណើរពីស្រុកស្អាង ទៅស្រុកកោះធំ ដែលមានសមាជិករបស់បក្សសង្គ្រោះជាតិ រាប់ពាន់នាក់នៅរង់ចាំនោះ ត្រូវរាំងស្ទះដោយសារមានការរុះរើស្ពានភ្លាមៗ។ ការរុះរើស្ពានភ្លាមៗនោះ មន្ត្រីខាងគណបក្សសង្គ្រោះជាតិ បានអះអាងថា ជាចេតនារំខានមិនឱ្យមេបក្សប្រឆាំងអាចទៅជួបអ្នកគាំទ្ររបស់ខ្លួនបាន។
ក៏ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល លោក ម៉ឹង យូឡេង បដិសេធ។ លោកបានបញ្ជាក់នៅថ្ងៃទី៥ សីហា ទាំងអស់សំណើចថា ការរុះរើស្ពានកាលពីថ្ងៃទី៣ សីហា ដោយសារតែស្ពាននោះវាមានសភាពទ្រុឌទ្រោម មិនអាចបន្តដំណើរបាន។ ដូចនេះ ខាងមន្ទីរក៏បានសម្រេចចិត្តរុះរើចេញភ្លាមៗ ដោយមិនបានដឹងពីដំណើររបស់ លោក សម រង្ស៊ី ចុះសួរសុខទុក្ខប្រជាជននៅស្រុកកោះធំ នោះទេ។
លោកបន្តថា ការរុះរើស្ពាននោះ គឺមិនមានចេតនាណាមួយដើម្បីបង្អាក់ដំណើររបស់ លោក សម រង្ស៊ី និង លោក កឹម សុខា មិនឱ្យទៅជួបអ្នកគាំទ្រខ្លួននៅស្រុកកោះធំ នោះទេ៖ «ហាស់ហាស់! អីចេះ ស្ពានហ្នឹងវាបាក់ណាបង វាជេឌេប៉ុង បងស្គាល់ហើយ ពាក្យជេឌេប៉ុង គឺបានន័យថា វារលូតស្ពាន ហើយអីចឹងទៅ យើងត្រូវការជួសជុលបន្ទាន់។ ការងារហ្នឹង ខ្ញុំមិនបានដឹងថា លោក សម រង្ស៊ី និង លោក កឹម សុខា លោកអញ្ជើញទៅទេ។ ខ្ញុំអត់ដែលបានដឹងទេ ពីព្រោះតួនាទីភារកិច្ចរបស់ខ្ញុំ កាលណាស្ពានបាក់ គឺយើងត្រូវតែធ្វើហើយ មិនអីចឹងណា! បាទ! ខ្ញុំទៅធ្វើហ្នឹង គឺក្នុងកិច្ចការងារមួយក្នុងមុខងារនៃមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីមើលការខុសត្រូវការងារហ្នឹង តែប៉ុណ្ណឹងទេបង!»។
លោកបន្ថែមទៀតថា ការសម្រេចចិត្តរុះរើស្ពាននេះ គឺធ្វើឡើងដោយមានការសហការពីមន្ត្រីអន្តរក្រសួង ដែលពាក់ព័ន្ធ ហើយខាងមន្ទីរក៏បានជូនដំណឹងជាមុនដែរ៖ «ដូចជាថ្ងៃៗដែលប្រជាពលរដ្ឋប្រាប់មកហ្នឹង គឺយើងបានជូនដំណឹងទៅតាំងពីថ្ងៃ ដូចជាថ្ងៃព្រហស្បតិ៍ ហ្អេះ!»។
ទោះយ៉ាងណាក៏ដោយ បេក្ខជនតំណាងរាស្ត្រខេត្តកណ្ដាល លោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់ថា គ្រាន់តែបញ្ចប់ការជួបអ្នកគាំទ្ររបស់ លោក សម រង្ស៊ី និង លោក កឹម សុខា នៅស្រុកស្អាង ភ្លាមនោះ ក៏មេដឹកនាំទាំងពីរបានបន្តដំណើរទៅស្រុកកោះធំ ដើម្បីជួបអ្នកគាំទ្រទៀត តែពេលចេញដំណើរត្រូវរាំងស្ទះ ដោយភ្លាមៗនោះស្ពានត្រូវបានគេរុះរើបន្ទះដែកចេញអស់។ លោកបន្ថែមទៀតថា នេះជាសកម្មភាពរារាំងដំណើរមិនចង់ឱ្យគណៈប្រតិភូបក្សសង្គ្រោះជាតិ ទៅជួបអ្នកគាំទ្រ ពីព្រោះវាមិនមានរឿងចៃដន្យពេកនោះទេ ក្នុងការដែលរុះរើស្ពានភ្លាមៗនោះ៖ «គឺថាជាទង្វើមួយដែលវាហួសចិត្ត បាទ! ដែលមិនគួរមានការកើតឡើងអីចឹង ដែលធ្វើឱ្យយើងត្រូវឆ្លងដរ ឆ្លងអីអីចឹងទេបាទ។ វាចៃដន្យអីពេលដែលយើងចេញពីវត្តទៅហើយ បានចាប់ផ្ដើមរុះស្ពានអីចឹងទេ? បាទ! បើសិនវាស្រុតវាអីហ្នឹង វាត្រូវឱ្យស្ទះឡានរាប់រយឡានផ្លូវហ្នឹង»។
ដូចគ្នានេះដែរ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្ដាល លោក ផួង សុខា បានឱ្យដឹងថា ករណីបែបនេះបានកើតឡើងនៅស្រុកស្អាង ជាញឹកញាប់ចំពោះគណបក្សសង្គ្រោះជាតិ ដែលចង់ទៅជួបអ្នកគាំទ្ររបស់ខ្លួន។
ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងដើម្បីថ្លែងអំណរគុណចំពោះការបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ លោក សម រង្ស៊ី និង លោក កឹម សុខា បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ សីហា នៅក្នុងឃុំកោះខែល ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលបារម្ភពីការគំរាមកំហែងទៅលើសកម្មជនបក្សនយោបាយ
- មេដឹកនាំបក្សសង្គ្រោះជាតិថ្លែងអំណរគុណម្ចាស់ឆ្នោតនៅព្រៃវែង
- សកម្មជនបក្សប្រឆាំងខេត្តព្រះវិហារភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន
- បក្សប្រឆាំងមិនយល់ព្រមចំពោះសមាសភាពគណៈកម្មការចម្រុះ
- លោក សម រង្ស៊ី ប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តកណ្ដាលថាឈ្នះឆ្នោត
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ពលរដ្ឋនៅភាគពាយ័ព្យរក្សាភាពស្ងប់ស្ងាត់ក្រោយការបោះឆ្នោត
- បក្សសង្គ្រោះជាតិបដិសេធពាក្យចចាមអារ៉ាមលើបណ្ដាញហ្វេសប៊ុក
- លោក ហ៊ុន សែន មិនបារម្ភពីអាមេរិកកាត់ផ្ដាច់ជំនួយ
ចេតនាសុទ្ធសាធ បើចង់ដឹងសួរតែប្រជាពលរដ្ឋភូមិហ្នឹងទៅដឹងហើយ គួរអោយក្តៅហ្មង
ចេះតែមានហ្មង!កោតតែធ្វើអញ្ចឹងទៅកើត!
ធ្វើអញ្ចឹងនាំតែខាតបង់ប្រជាប្រិយភាពបក្សខ្លួនឯងទៅវិញទេ!
មិនខុសពីបាចអង្កាមបញ្ច្រាស់ខ្យល់ឡើយ!បើនៅតែធ្វើរបៀបនេះតទៅទៀតនោះមុខជាបាត់បង់ការ
គាំទ្រកាន់តែច្រើនហើយ!
វាមិនដែលមានមនុស្សឯណាទៅធ្វើរឿងឡប់ៗដូចកូនក្មេងលេងគប់វង្សនោះទេ តែប្រសិនបើមនុស្ស អស់ធំហើយ មានបំណងទៅធ្វើរឿងដ៍គួរឲ្យអស់សំណើចមែនវិញនោះមិនដឹងជាហៅថាជាមនុស្សស្អី ទេ ឬក៍មិនមែនជាកាយវិការរបស់មនុស្សនោះទេ។ កន្លងមកធ្លាប់ឮបក្សប្រជាជនថាបើរិះគន់បក្សប្រ ជាជនដូច្នេះសូមមេត្តាបក្សប្រឆាំងកុំទៅដើរលើផ្លូវឬស្ពានដែលបក្សប្រជាជនបានសាងសង់ហើយបក្ស ប្រឆាំងបានសួរទៅវិញថាបើសិនជាផ្លូវឬស្ពាននោះសាងសង់ដោយប្រើថវិការរបស់បក្សប្រជាជននោះ គេមិនដើរលើទេតែនេះជាថវិការជាតិដែលរដ្ឋាភិបាលខ្ចីពីប្រទេសគេមកអភិវឌ្ឃន៍។ ដូច្នេះខ្ញុំអាចសន្និ ដ្ឋានថារឿងដែលកើតឡើងខាងលើនេះវាអាចមានចេតនាឬមិនចេតនាហើយលោកអ្នកអាចយល់ ឃើញបានថាតើវាពិតជាមានចេតនាឬមិនចេតនា។
លោកយូឡេងអើយលោកឯងជួសជុលស្ពាននិងផ្លូវលេខ២១ដូចឆ្កែកាយអាចម៏ ប្រហែលជាលោកមានសញ្ញាប័ត្រមកពីស្រុកយួនហើយមើលទៅ។
កុំនិយាយដោយមិនបើកភ្នែក។ស្ពានតាមផ្លូវនោះវាទ្រុឌទ្រោម។សួរអ្នករកស៊ីដឹកបន្លែទៅ។
បើមិនល្ងង់ទេ ម្តេចមិនវាងផ្លូ៏វដី ដែលនៅរ៉បគ្នានឹងទៅ។ផ្លូវនេះយើងចេញចូលរកស៊ី១ខែគឺ៣០ថ្ងៃមិនដែលលោះទេ។