ថ្ងៃទី 6 សីហា 2013
ដោយ: ម៉ាលីស
CEN
ភ្នំពេញ: ពិធីការិនីដែលទើបកែច្រមុះ និងមាត់រួច កញ្ញា ថន លក្ខិណា បានបង្ហោះរូប បួនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ដែលនាងបានដើរកម្សាន្តជាមួយមិត្តនៅរមណីយដ្ឋានកៀនស្វាយ កាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០១៣ ។ រូបទាំងនោះក៏មានមិត្តភក្តិបញ្ចេញ យោលបល់ និងចូលចិត្តជាច្រើន តែមានអ្នកសួរនាំពីរថយន្តថ្មីរបស់នាង បែរជានាងខឹងសម្បារទៅវិញ ។

ការដើរកម្សាន្តនោះ កញ្ញាថន លក្ខិណា ពាក់អាវយឺត ស វាលក្លៀក ជាមួយនឹងសំពត់ ពណ៌ខៀវខ្ចី ដោយពាក់វ៉ែនតាខ្មៅយ៉ាងស្រស់ស្អាត ( Cute ) ហើយរថយន្តដែលនាងជិះ Lexus RX330 ពណ៌ទឹកប្រាក់ ហើយមិនដឹងជាគេទៅប៉ុន្មាននាក់នោះទេ គ្រាន់តែឃើញថតជាមួយ មិត្តភក្តិស្រីម្នាក់របស់នាង ។
បន្ទាប់ពីបង្ហោះរូបទាំងនោះហើយ ក៏មានការជជែកគ្នាទៅវិញទៅមកជាច្រើន ប៉ុន្តែការជជែកជាមួយមិត្តម្នាក់ បានធ្វើឲ្យនាង ថន លក្ខិណា សម្តែងការមិនពេញចិត្ត ។ សម្តីដែលមិត្តម្នាក់នោះសួរថា “ឡានថ្មីមែន បានជាខំបញ្ចេញ” នាងក៏បានតបវិញថា “ជាឡានរបស់ខ្ញុំ មិនមែនជារបស់អ្នកឯងទេ ហើយខ្ញុំពិតជាខឹងខ្លាំងណាស់”។

ទាក់ទងនឹងរឿងនេះដែរ មិត្តនោះតបដោយភាពអត់ធ្មត់ថា គ្រាន់តែសួរថា ទើបនឹងទិញឡានថ្មីមែន តែប៉ុណ្ណឹងសោះ ហេតុអីក៏ខឹងសម្បើមម្ល៉េះ ។ ថន លក្ខិណា លែងឆ្លើយតប បន្ទាប់មកក៏ឈប់លេងចូលមិត្តម្នាក់នោះទៅ ដោយសាររឿងសួរលេង ។
ក្នុងនាមជាអ្នកសិល្បៈ គ្រាន់តែរឿងអីចឹង ក៏កើតមានការខឹងសម្បារ ពិតជាមានចិត្តចង្អៀតចង្អល់មែនទែន ព្រោះអ្នកសិល្បៈអាចធ្វើជាគំរូដល់ទស្សនិកជន ។ ទោះយ៉ាងណា គេមិនដឹងថា ហេតុអ្វីបានកញ្ញារូបស្រស់ម្នាក់នេះ មិនចូលចិត្តនោះទេ បើសិនជាឡានរបស់នាងពិត ទិញដោយគ្មានអ្នកឧបត្ថម្ភ តើខ្លាចអីនឹងនិយាយ? មិនចាំបាច់លាក់លៀមដូចជារបស់គេនោះដែរ ។

តារាដែលទើបកែច្រមុះ និងមាត់ហើយ ថន លក្ខិណា សូម្បីតែអ្នកសារព័ត៌មាន ក៏នាងមិនចូលចិត្តដែរ ចុះទម្រាំមិត្តក្នុងហ្វេសប៊ុក វាទៅជាយ៉ាងណា ។ គេនៅចាំបានថា កាលពីគ្រាមុន មានពិធីជប់លៀងរបស់អ្នកសិល្បៈម្នាក់ ដែលមានអ្នកសារព័ត៌មានជាច្រើននាក់ ចូលរួម ខណៈពេលនោះ នាងមកដល់ហើយឃើញអ្នកកាសែតច្រើន នាងក៏លាន់មាត់និងប្រើ សម្តីបែបឡូយថា “ពិធីជប់លៀងអីចឹង មានអ្នកកាសែតមកដែរ” ហើយនាងធ្វើឫក ដូចជាមិនចង់ឱ្យអ្នកកាសែតទាំងអស់នោះ ផ្តិតយករូបភាពនាងនោះទេ ដោយមិនដឹងមូលហេតុអ្វី បានជានាងធ្វើដូច្នេះ ។
តារាមួយចំនួននោះ ក៏តែងតែប្រតិកម្មជាមួយនឹងអ្នកសារព័ត៌មានដែលថា និយាយខុសពីការពិត សរសេរបំផ្លើស ចេះតែសរសេរពីរឿងមិនល្អពីពួកគេ ។ តែបើយើងគិតឲ្យមែនទែន បើមិនមានរឿងអាស្រូវអ្វីមួយ ដែលត្រូវលាក់បាំង មិនគួរខ្លាចនោះទេ ដូចពាក្យចាស់លោកថា មាសសុទ្ធមិនខ្លាចភ្លើង ។
គួររំលឹកថា កាលពីពេលមុន នាងលក្ខិណា ធ្លាប់បានបណ្តើរបុរសម្នាក់ចូលរាំនៅក្លឹប កម្សាន្តមួយកន្លែងក្នុងរាជធានីភ្នំពេញ និងបង្ហាញខ្លួនជាញឹកញាប់ជាមួយបុរសវ័យក្មេងនោះ ។ ក្នុងចំណោមបុរសមួយក្រុម មានម្នាក់ត្រូវបានគេចាប់អារម្មណ៍ថា មានភាពស្និទ្ធស្នាលជាមួយនាង ដែលធ្វើឱ្យគេគិតថា ជាគូស្នេហ៍របស់នាងទៀតផង តែក្រោយមកត្រូវនាងច្រាលចោលថា មិនមែនទេ៕