អ្នក​ផ្សងព្រេង​ជុំវិញ​ពិភពលោក​ដោយ​ប្រើ​រ៉ឺម៉ក​ម៉ូតូ​បាន​មក​ដល់​កម្ពុជា​ហើយ​!

Tuesday, 06 August 2013
Bennett Murray
ភ្នំពេញ ប៉ុស្តិ៍

130806_21a

លោក រិក សៀរ និង​លោក នីក ហ្គូ ជិះ​រ៉ឺម៉ក​ម៉ូតូ​​​ជុំវិញ​ពិភពលោក ដើម្បីបំបែក​ឯតទគ្គកម្មពិភពលោក។ រូបថត Bennett Murray

ភ្នំពេញៈ​រ៉ឺម៉ក​ម៉ូតូ​គឺជា​យានជំនិះ​ដ៏​ចាំបាច់​សម្រាប់​ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​នៅ​បណ្ដា​ប្រទេស​តំបន់​អាស៊ី​។

តែ​សម្រាប់​គ្រូបង្រៀន​ជាតិ​អង់គ្លេស​ពីរ​រូប​គឺ​លោក​រិច សៀរ​(Rich Sears) និង​និក​ហ្គូ​(Nick Gough) បាន​ប្រើ​រ៉ឺម៉ក​ម៉ូតូ​ម៉ាក Piaggio​ របស់​ឥណ្ឌា​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពិភពលោក​មាន​ចម្ងាយ​ជាង​៣​ម៉ឺន​គីឡូម៉ែត្រ​ឯណោះ​ដោយ​បាន​ជ្រើសរើស​ទីក្រុង​ឡុងដ៍​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ដំណើរ​ផ្សងព្រេង​លើ​យាន​កង់​៣​មួយ​នេះ​។

កាលពី​ថ្ងៃ​ព្រហសត្បិ៍​កន្លង​ទៅ ពួកគេ​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ក្រោយ​ពី​ចេញ​ដំណើរ​ពី​ទីក្រុង​ឡុងដ៍​មក​តាំងពី​ខែ​សីហា​ឆ្នាំ​មុន​ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ចម្ងាយ​វែង​ជាង​គេ​បំផុត​ដោយ​មធ្យោបាយ​រ៉ឺម៉ក​ម៉ូតូ​។ ពួកគេ​បាន​សម្រេច​ធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​សរុប​៣៧​៤០៩​គីឡូម៉ែត្រ​។

រយៈពេល​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​មាន​ចំនួន​១១​ខែ​ដោយ​បាន​ឆ្លងកាត់​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​អា្រហ្វិក​ប្រទេស​ឥណ្ឌា​និង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ផង​ដែរ​។ ចំពោះ​ដំណើរ​បន្ត​ពួកគេ​នឹង​ចេញ​ទៅ​ដល់​ប្រទេស​ប្រេស៊ីល​នៅ​ខែ​ធ្នូ​ខាង​មុខ​។ ពួកគេ​សង្ឃឹម​ថា​នឹង​អាច​បំបែក​កំណត់ត្រា​ពិភពលោក​បាន​ខណៈ​ពេល​ទៅ​ដល់​ក្រុង​ឡាសវេហ្គាស​នៅ​អាមេរិក​ខាង​ជើង​នោះ​។

លោក រិច​សៀរ​និយាយ​ថា​៖ «​យើង​គិត​ថា​រ៉ឺម៉ក​ម៉ូតូ​ជា​មធ្យោបាយ​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​ពួកយើង​ដើម្បី​ឆ្លងកាត់​និង​ស្វែងយល់​ពី​វប្បធម៌​និង​សហគមន៍​ជាតិសាសន៍​នានា​»។

គួរ​បញ្ជាក់​ថា​លោក​រិច សៀរ និង​និកហ្គូ​​សហស្ថាបនិក​នៃ​អង្គការ​អប់រំ​សប្បុរសធម៌​(​Tuk-Tuk Educational Trust​)​តាម​យានជំនិះ​រ៉ឺម៉ក​ម៉ូតូ​។ ពួកគេ​សង្ឃឹម​ថា​នឹង​អាច​ចែក​រំលែក​ចំណេះដឹង​របស់​ពួកគេ​លើ​វិស័យ​អប់រំ​សកល​ក្នុង​ចំនួន​៣៤​ប្រទេស​ផ្សេង​ៗ​គ្នា​បាន​ខណៈ​ពេល​ដំណើរ​ផ្សងព្រេង​ពួកគេ​នោះ​។

កាលពី​សប្តាហ៍​មុន​នេះ​ពួកគេ​បាន​មក​ដល់​មជ្ឈមណ្ឌល​សុភមង្គល​កុមារ​(CCH)​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​រិច​សៀរ​បន្ត​ថា​៖ «​យើង​ទាំង​ពីរ​នាក់​គឺជា​គ្រូបង្រៀន​និង​មាន​ឆន្ទៈ​ដូចគ្នា​ក្នុង​ការ​យក​តួនាទី​របស់​ខ្លួន​ដើម្បី​អប់រំ​សម្រាប់​ការ​អភិវឌ្ឍ​»។

ទោះ​បី​ជា​ការ​ធ្វើ​ដំណើរ​ដោយ​ប្រើ​យានជំនិះ​រ៉ឺម៉ក​ម៉ូតូ​របស់​ពួកគេ​នៅ​មិន​ទាន់​បាន​ជួបប្រទះ​គ្រោះថ្នាក់​អ្វី​នៅ​ឡើយ​ក្តី ក៏​ការ​ធ្វើ​ដំណើរ​ពួកគេ​មិន​ជា​ងាយស្រួល​ប៉ុន្មាន​ដែរ​។ តួ​យ៉ាង​ពួកគេ​ធ្លាប់​ជួប​ផលលំបាក​ខណៈ​ធ្វើ​ដំណើរ​ទៅ​ដល់​ភាគ​ខាង​ជើង​ប្រទេស​កេនយ៉ា​ជាដើម​។

លោក​និក​ហ្គូ​រំឭក​ថា​៖ «​តំបន់​នោះ​(​កេនយ៉ា​)​មាន​លក្ខណៈ​លំបាក​គួរសម​ដោយ​ប្រជាជន​ភាគច្រើន​តែង​មាន​វិបត្តិ​សង្គម​ដោយ​ការ​ឆក់ប្លន់​និង​បង្ក​ជម្លោះ​នានា​។ គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ច្រើន​ឡើយ​ដូច្នេះ​យើង​បាន​ចំណាយ​ពេល​៨​ថ្ងៃ​ឯណោះ​ក្នុង​ស្ថានភាព​ធ្វើ​ដំណើរ​គ្មាន​ផ្លូវ​ដោយ​ភាគច្រើន​រុញ​វា​»។

ដោយឡែក​ពួកគេ​ក៏​បាន​ជួប​នឹង​គ្រោះថ្នាក់​ជាមួយ​ហ្វូង​សត្វ​ដំរី​នៅឯ​ប្រទេស​អ៊ូហ្គង់ដា​និង​បូស្វានី​នោះ​ដែរ​។

លោក​រិក សៀរ​រៀបរាប់​ថា​៖ «​មាន​ពេល​មួយ​នោះ​យើង​កំពុង​បើកបរ​ស្រាប់​តែ​មាន​ហ្វូង​សត្វ​ដំរី​មក​ហ៊ុមព័ទ្ធ​ពួកយើង​ដោយ​យើង​មិន​បាន​ដឹង​ខ្លួន​។ តែ​រំពេច​នោះ​យើង​បាន​បិទ​សំឡេង​ម៉ាស៊ីន ស្រាប់​តែ​ពួកវា​ព័ទ្ធ​យើង​ជុំជិត​តែ​ម្តង​ដោយ​បញ្ចេញ​អាការ​បក់​ស្លឹកត្រចៀក​ស្រែក​បន្លឺ​កងរំពង​ឡើង​ៗ​។ យើង​មាន​ការ​ភ័យខ្លាច​ណាស់​។ ខ្ញុំ​មាន​កាមេរ៉ា​មួយ​ក៏​បាន​ថត​យក​រូបភាព​នោះ​តែ​ម្តង​»។

ពួកគេ​ថា​នេះ​ជា​រឿង​គួរ​ភ័យខ្លាច​និង​ជា​ដៃគូ​តស៊ូ​យ៉ាង​ស្វិតស្វាញ​បំផុត​សម្រាប់​ជីវិត​ពួកគេ​តាំង​ពី​ក្មេង​មក​។

លោក រិច​សៀ​និង​និក​ហ្គូ​និយាយ​ថា​ទោះ​បី​ជា​មាន​ស្ថានភាព​លំបាក​តានតឹង​យ៉ាង​ណា​ក៏​គោលដៅ​អប់រំ​ក្នុង​គំនិត​ពួកគេ​ក៏​មិន​បាន​ផ្លាស់ប្តូរ​ដែរ​។

រិច​សៀរ បន្ថែម​ថា​៖ «​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​គឺជា​ឆន្ទៈ​ចេញ​ពី​បេះដូង​ពួកយើង​កំពុង​តែ​ធ្វើ​»៕ PR

 

What Next?

Recent Articles

One Response to "អ្នក​ផ្សងព្រេង​ជុំវិញ​ពិភពលោក​ដោយ​ប្រើ​រ៉ឺម៉ក​ម៉ូតូ​បាន​មក​ដល់​កម្ពុជា​ហើយ​!"

  1. Tyrone says:

    It really wonderful