ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​ក្រោយ​ការ​បោះ​ឆ្នោត

Tuesday, 06 August 2013
ភ្នំពេញប៉ុស្តិ៍

IMG_6604

ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​បំភិត​បំភ័យ ការ​គំគួន​ ការ​គំរាម​កំហែង​ក្នុង​ចំណោម​​ប្រជាពល​រដ្ឋ​មួយ​ចំនួន​និង​បញ្ហា​ហិង្សា​ដោយ​ពាក្យ​សម្ដី​ពី​ក្រុម​គាំទ្រ​គណបក្ស​នយោបាយ​មួយ​ទៅ​គណ​បក្ស​នយោបាយ​មួយ​ផ្សេង​ទៀត ពិសេ​សការ​គំរាម​កំហែង​ពី​មន្ត្រី​ថ្នាក់​​មូលដ្ឋាន​ដូចជា​មេភូមិ​​ មេឃុំ និង​អាជ្ញាធរ​មួយ​ចំនួន​ដែល​មាន​និន្នាការ​នយោបាយ​គាំទ្រ​គណបក្ស​កំពុង​កាន់​អំណាច​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ នីតិកាល​ទី៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣​ត្រូវ​បាន​បញ្ចប់។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​បរិយា​កាស​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣ នេះបាន​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង​និង​ការ​វាយ​ប្រហារ​ពាក្យ​​សំដី​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោយសារ​តែ​អាជ្ញាធរ​ទាំង​នោះ​បាន​ចោទ​ប្រកាន់​ថា មិន​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ ទង្វើ​បែប​នេះ​គឺជា​សកម្មភាព​រំលោភ​ច្បាប់​និង​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​តែ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ក្នុង​ការ​ទប់​ស្កាត់​ក៏​ដូចជា​ការ​ដាក់​ពិន័យ​ដល់​ជន​ដែល​បាន​ប្រព្រឹត្តិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ដើម្បី​លុប​បំបាត់​ការ​សង្ស័យ ការ​ភ័យខ្លាច និង​ការ​គំរាម​កំហែង និង​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដល់​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត និង​ដើម្បី​លើក​តំកល់​ផល​ប្រយោជន៍​ជាតិ​ជាធំ សូម​ឲ្យ​គណបក្ស​ដែល​បាន​ជាប់​ឆ្នោត​ទាំង​ពីរ​ចេញ​ប្រកាស​សេចក្តី​ណែនាំ​ជា​សាធារណៈ​ទៅ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ក៏​ដូចជា​អាជ្ញាធរ​សាធារណៈ កុំ​ឲ្យ​ប្រព្រឹត្តិ​អំពើ​ដែល​បង្ករ​នូវ​ភាព​ភ័យ​ខ្លាច ភាព​រំជើប​រំជួល​ក្នុង​សង្គម និង​បង្កើត​ឧបសគ្គ​ផ្សេងៗ ដែល​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សាមគ្គី និង​ភាព​សុខដុម នៃ​សង្គម​ទាំង​មូល​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀប​ចំ​រាជរដ្ឋាភិបាល​ថ្មី។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សូម​សំណូមពរ​ដល់​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដាក់​ចេញ​នូវ​វិធាន​ការ​ដើម្បី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​តាម​គ្រប់​រូប​ភាព​ការ​គំគួន និង​ការ​រើស​អើង​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​និន្នាការ​នយោបាយ និង​សូម​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ទៅ​លើ​ជន​ណា​ដែល​ប្រើ​រូប​ភាព​ជា​អាជ្ញាធរ​រដ្ឋ​ក្នុង​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ។​ ក្រុមអង្គការ​សង្គម​​ស៊ីវិល​ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​កុំ​ឲ្យ​មាន​ការ​រើស​អើង​និន្នាការ​គណបក្ស​នយោបាយ កុំ​ឲ្យ​គំគួន​គ្នា ដោយ​ប្រកាន់​នូវ​គុណ​ធម៌ និង​ការ​យោគ​យល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅមក​​ក្នុង​នាម​ជា​ប្រជាពលរដ្ឋខ្មែរ​ ដែល​មាន​ចរិក​ថ្លៃថ្នូរ​ ស្រឡាញ់​ជាតិ និង​សន្តិភាព។

 

What Next?

Recent Articles