លទ្ធផលបោះឆ្នោតបណ្ដោះអាសន្នដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ សីហា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សសង្គ្រោះជាតិ។
ដោយ ទេព សុរ៉ាវី និង ដែន អយុធ្យា
2013-08-12
RFA

ពលរដ្ឋចូលរួមបោះឆ្នោតបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នាមណ្ឌលបោះឆ្នោត ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។ RFA/Mom Sophon
គណបក្សប្រជាជនកម្ពុជា បានសំឡេងគាំទ្រចំនួនជាង ៣លានសំឡេង (៣.២៣៥.៩៦៩) ឈ្នះដាច់គណបក្សសង្គ្រោះជាតិ ដែលមានសំឡេងគាំទ្រជាង ២លានសំឡេង (២.៩៤៦.១៧៦)។ នេះបើតាមការប្រកាសលទ្ធផលបណ្ដោះអាសន្នផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. ដែលបានប្រកាសកាលពីព្រឹកថ្ងៃទី១២ ខែសីហា។
តួលេខប្រកាសដោយ គ.ជ.ប មានតែគណបក្ស ២ប៉ុណ្ណោះ ដែលបានចំនួនអាសនៈនៅក្នុងរដ្ឋសភា គឺទី១ គណបក្សប្រជាជនកម្ពុជា និងទី២ គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ គ.ជ.ប នៅមិនទាន់ប្រកាសបែងចែកចំនួនអាសនៈដែលត្រូវទទួលបាននៅឡើយទេ។
យ៉ាងណាលទ្ធផលប្រកាសដោយ គ.ជ.ប នោះត្រូវបាននាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា យកទៅគណនាតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដើម្បីរកចំនួនអាសនៈដែលគណបក្សទាំងពីរត្រូវទទួលបានក្នុងរដ្ឋសភា។
លោក ហង្ស ពុទ្ធា គណនាឃើញថា គណបក្សប្រជាជនកម្ពុជា បាន ៦៨អាសនៈ គណបក្សសង្គ្រោះជាតិ បាន ៥៥អាសនៈ។ លទ្ធផលនេះគឺដូចនឹងការប្រកាសរបស់លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលដែលប្រកាសភ្លាមៗក្រោយការបោះឆ្នោតតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពីជ័យជំនះរបស់គណបក្សប្រជាជនដែលឈ្នះគណបក្សប្រឆាំង ហើយថា លទ្ធផលនោះនឹងគ្មានការផ្លាស់ប្ដូរ។
លទ្ធផលបណ្ដោះអាសន្នផ្លូវការមានការលំអៀងតិចតួចប៉ុណ្ណោះជាមួយនឹងលទ្ធផលបឋមដែលចេញដោយ គ.ជ.ប កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ។ នៅក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងគាំទ្រកើនឡើងខុសពីតួលេខមុន រួមមានខេត្តតាកែវ កំពង់ចាម ក្រចេះ ព្រះវិហារ បាត់ដំបង មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ឆ្នាំង ឧត្តរមានជ័យ ពោធិ៍សាត់ និងរាជធានីភ្នំពេញ កើនឡើងចន្លោះពី ១សំឡេង ដល់ជាង ៣.១៤១សំឡេង។ តួលេខដែលកើនឡើងខ្ពស់ជាងគេ គឺនៅរាជធានីភ្នំពេញ ដែលមានចំនួន ៣.១៤១សំឡេង។ រីឯខេត្តចំនួន ៧ទៀត សំឡេងគាំទ្រគណបក្សប្រជាជនមានការថយចុះ ចន្លោះពី ២សំឡេង ទៅ ៣០០ សំឡេង ក្នុងនោះមានខេត្តសៀមរាប ខេត្តកែប ព្រៃវែង កណ្ដាល កំពត កំពង់ស្ពឺ បន្ទាយមានជ័យ។ ខេត្តចំនួន ៥ទៀត សំឡេងគាំទ្រនៅដដែល រួមមានខេត្តប៉ៃលិន ស្វាយរៀង ព្រះសីហនុ កោះកុង និងខេត្តកំពង់ធំ។
ចំពោះគណបក្សសង្គ្រោះជាតិ តាមលទ្ធផលបណ្ដោះអាសន្នផ្លូវការ មានការលំអៀងខ្លះបើធៀបនឹងលទ្ធផលបឋម។ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ចាម បាត់ដំបង ក្រចេះ កំពង់ឆ្នាំង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កណ្ដាល និងរតនគិរី កើនពីចន្លោះជាង ១០០ ទៅជាង ១.០០០សំឡេង។ ចំនួនដែលកើនខ្ពស់ជាងគេ គឺនៅកំពង់ចាម មាន ១.៤២៤សំឡេង។ ខេត្តដែលធ្លាក់ចុះមានខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ព្រះសីហនុ សៀមរាប និងខេត្តមណ្ឌលគិរី ដែលធ្លាក់ចុះពី ២ ទៅ ៩៩សំឡេង។ បន្ថែមលើនេះ គណបក្សសង្គ្រោះជាតិ នៅរក្សាសំឡេងដដែលនៅក្នុងខេត្តពោធិ៍សាត់ ស្ទឹងត្រែង កំពត កែប កំពង់ធំ កោះកុង និងខេត្តប៉ៃលិន។
ក្នុងចំណោម ២៤ខេត្តក្រុង មានខេត្ត រាជធានី ចំនួន ៥ ដែលគណបក្សសង្គ្រោះជាតិ ឈ្នះ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ព្រៃវែង និងខេត្តកំពង់ស្ពឺ។ រីឯ ១៩ខេត្តផ្សេងទៀត គឺគណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣។ គណបក្សដែលទទួលបានសំឡេងគាំទ្រច្រើនទី៣ គឺគណបក្សហ៊្វុនស៊ិនប៉ិច។ អ្នកគាំទ្រគណបក្សនេះច្រើនជាងគេ គឺមានខេត្តបន្ទាយមានជ័យ ដែលទទួលសំឡេងគាំទ្រជាង ៣ម៉ឺនសំឡេង។
ភ្លាមៗក្រោយលទ្ធផលឆ្នោតដែលចេញដោយ គ.ជ.ប ត្រូវបានគណបក្សសង្គ្រោះជាតិ ទាត់ចោលនិងទទួលឲ្យបង្កើតគណៈកម្មការបច្ចេកទេសចម្រុះឯករាជ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ តាមច្បាប់បោះឆ្នោតគ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតទៅ គ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅថា និចហ្វិក លោក ហង្ស ពុទ្ធា យល់ថា ពលរដ្ឋមិនសប្បាយចិត្តចំពោះលទ្ធផលដែលប្រកាសរបស់ គ.ជ.ប ដែលម្ដងប្រាប់ថា ពន្យារពេលប្រកាសលទ្ធផលបណ្ដោះអាសន្ន ហើយសុខៗស្រាប់តែប្រកាសលទ្ធផលយ៉ាងតក់ក្រហល់ ដែលនាំឲ្យមានមន្ទិលថា អាចមានអ្វីឋិតនៅពីក្រោយ ខណៈដែលគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅតុចរចានៅឡើយ។
គ.ជ.ប បានចេញលិខិតមួយកាលពីរសៀលថ្ងៃទី១២ ខែសីហា ដោយពន្យល់ពីមូលហេតុដែលនាំឲ្យ គ.ជ.ប ចេញលទ្ធផលបណ្ដោះអាសន្ននៅពេលនេះ ដោយ គ.ជ.ប បានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់របាយការណ៍នៃភាពមិនប្រក្រតីដែលបានទទួល និងបានចេញនូវរបាយការណ៍ដែលបញ្ជាក់ថា ភាពមិនប្រក្រតីទាំងនោះមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះឡើយ។
យ៉ាងណា គ.ជ.ប ចាត់ទុករបាយការណ៍ពីភាពមិនប្រក្រតីដែលបានទទួលទាំងអស់នេះ ថាជាឯកសារដ៏សំខាន់ និងមានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ ជាមេរៀនពិសោធន៍សម្រាប់កែលម្អការរៀបចំការបោះឆ្នោតក្រោយៗទៀតឲ្យល្អប្រសើរ។
លទ្ធផលបណ្ដោះអាសន្នរបស់ គ.ជ.ប មានការខុសគ្នានឹងលទ្ធផលបឋម និងមិនផ្លូវការរបស់អង្គការ ខុមហ្វ្រែល (Comfrel) ដែលរកឃើញថា នៅក្នុងចំនួន ១២៣កៅអី ឬអាសនៈក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៧កៅអី ខណៈដែលគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៦កៅអី។
ក្រុមតាមដានការបោះឆ្នោតដែលហៅថា បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ដែលមានអង្គការសង្គមស៊ីវិលជាង ៣០ចូលរួមប្រជុំបន្ទាន់នៅថ្ងៃទី១២ ខែសីហា ត្រៀមរៀបចំកម្លាំងដើម្បីជួយការងារសង្គម រួមមានជំនួយសុខាភិបាល និងជំនួយផ្លូវច្បាប់ ក្នុងករណីដែលអំពើហិង្សាបង្ក្រាបក្រុមបាតុករដែលប្រឆាំងលទ្ធផលឆ្នោតកើតមាន។
គណបក្សសង្គ្រោះជាតិបដិសេធលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នរបស់គ.ជ.ប
ក្រោយពេល គ.ជ.ប បានប្រកាសពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតសភាអាណត្តិទី៥ នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែសីហា បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខ ឬឈ្នះការបោះឆ្នោតរួចមក លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំដទៃទៀត បានធ្វើសន្និសីទកាសែតច្រានចោលលទ្ធផលបោះឆ្នោតនេះភ្លាមៗ។
លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ក្នុងសន្និសីទកាសែតនាទីស្នាក់ការខណ្ឌទួលគោក ដោយចាត់ទុកការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់ គ.ជ.ប នៅពេលនេះ ថាជាសកម្មភាពបិទបាំង នូវរាល់កំហុសឆ្គងដែល គ.ជ.ប បានប្រព្រឹត្តលើការបោះឆ្នោតកន្លងទៅ។
លោក កឹម សុខា៖ «ការប្រកាសបែបនេះ ក្នុងស្ថានភាពនេះ គឺមានន័យថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការកើតឡើងនូវការបះបោរ ឬការតវ៉ាដែលអាចនឹងនាំឲ្យមានអស្ថិរភាពនយោបាយពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលគាត់ទន្ទឹងរង់ចាំរកយុត្តិធម៌ឲ្យគាត់ ហើយការមានៈរបស់ គ.ជ.ប នេះ គឺមានន័យថា មានៈប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលកំពុងតែចង់ដឹងរកយុត្តិធម៌»។
លោក កឹម សុខា នៅតែទទូចឲ្យបង្កើតគណៈកម្មការបច្ចេកទេសចម្រុះឯករាជ្យមួយ និងអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា ដែលបានសន្យាក្នុងកិច្ចប្រជុំទ្វេភាគីនៅមន្ទីររដ្ឋសភា កាលពីថ្ងៃទី៩ ខែសីហា ឆ្លើយតបបញ្ហានេះ។
មន្ត្រីគណបក្សប្រជាជនកម្ពុជា មិនធ្វើអត្ថាធិប្បាយទេ ចំពោះការច្រានចោលលទ្ធផលបោះឆ្នោតរបស់គណបក្សប្រឆាំង។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងនៅរសៀលថ្ងៃច័ន្ទ ទី១២ ខែសីហា ថា ការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នពេលនេះ គឺ គ.ជ.ប បានអនុវត្តទៅតាមច្បាប់បោះឆ្នោត ហើយថា បើគណបក្សនយោបាយណាមួយមិនយល់ស្របតាមលទ្ធផលបោះឆ្នោតនេះទេ ពួកគេអាចដាក់ពាក្យបណ្ដឹងចំពោះបញ្ហានេះ។
លោក ទេព នីថា៖ «យើងបានធ្វើឲ្យយឺតកម្មវិធីបោះឆ្នោត ដែលត្រូវផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតហ្នឹងតាំងពីថ្ងៃទី១០ ខែសីហា មកម្ល៉េះ ហើយដោយដល់មិនអាចថា បង្កើតគណៈកម្មការចម្រុះបាន ទើប គ.ជ.ប ងាកមកអនុវត្តភារកិច្ចរបស់ខ្លួនបន្ត។ យើងមិនអាចរង់ចាំបានទេ ព្រោះថា ពេលវេលាត្រូវបានកំណត់ដោយច្បាប់។ អ៊ីចឹងហើយបានជា គ.ជ.ប ប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតព្រឹកមិញនេះ (ថ្ងៃទី១២ ខែសីហា) ហើយគណបក្សនយោបាយដែលប្រកួតប្រជែងការបោះឆ្នោត បើមិនយល់ស្របនឹងលទ្ធផលនៃការបោះឆ្នោតទេ គឺអាចប្ដឹងទៅ គ.ជ.ប ឬប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់តែម្ដងក្នុងរយៈពេល ៧២ម៉ោង»។
យ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ផ្សាយនៅថ្ងៃច័ន្ទ ទី១២ ខែសីហា ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឲ្យជួយគាំទ្រ ការពារឆន្ទៈប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសអ្នកដឹកនាំខ្លួនតាមគោលការណ៍ប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀង។ ជាងនេះក៏បានទទូចដល់អន្តរជាតិមិនត្រូវទទួលស្គាល់នូវរាជរដ្ឋាភិបាលណាដែលកើតឡើងពីការបោះឆ្នោតពោរពេញដោយភាពមិនប្រក្រតី និងពុំមានការដោះស្រាយបញ្ហាផ្ទុយពីឆន្ទៈម្ចាស់ឆ្នោត។
តាមការគណនា ឬបែងចែកចំនួនអាសនៈសភាអាណត្តិទី៥ ក្រៅផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មានអង្គការខុមហ្វ្រែល (Comfrel) ជាដើម បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ៦៨ ឬ ៦៧អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥ ឬ ៥៦អាសនៈនៅក្នុងរដ្ឋសភា។ ប៉ុន្តែ លោក កឹម សុខា អះអាងថា គណបក្សសង្គ្រោះជាតិ អាចទទួលបានអាសនៈចំនួន ៦៣ ក្នុងរដ្ឋសភា។ លោកថ្លែងថា ការដឹកនាំមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ អាចជាជម្រើសចុងក្រោយ ប្រសិនបើភាពមិនប្រក្រតីកើតមានក្នុងពេលបោះឆ្នោត មិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវទេនោះ៕
ចុចមើលលទ្ធផលបណ្ដោះអាសន្នទាំង២៤ខេត្តក្រុង
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមាគមទេសចរណ៍ខ្លះមិនសប្បាយចិត្តនឹងការបង្ខំឲ្យគាំទ្រលទ្ធផលបោះឆ្នោត
- ប្រតិកម្មចំពោះគម្រោងប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្នរបស់គ.ជ.ប
- គ.ជ.បនឹងប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅថ្ងៃទី១២ សីហា
- គ.ជ.បពន្យារពេលប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន
- បក្សប្រជាជនកំពុងពិនិត្យសំណើបក្សសង្គ្រោះជាតិជុំវិញការបង្កើតគណៈកម្មការចម្រុះ
- អង្គការអន្តរជាតិអំពាវនាវឲ្យចាត់វិធានការទប់ស្កាត់អំពើហិង្សាដែលអាចកើតឡើង
- បក្សធំពីរជួបចរចាជាថ្មីដើម្បីបង្កើតក្រុមអង្កេតភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោត
- គណបក្សខ្មែរឈប់ក្រស្នើឲ្យមានការបោះឆ្នោតឡើងវិញ
- HRW៖ ការដកអាសនៈពីបក្សមួយទៅឲ្យបក្សផ្សេងជាជំហានទៅរករបបផ្ដាច់ការ