Monday, 12 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : ជាមួយភាពក្រៀមក្រំសោកសង្វេគដែលបាត់បង់ជីដូនបង្កើតគ្មានថ្ងៃត្រឡប់នោះ តារាសម្តែងនិងចម្រៀងរាងសង្ហាសាច់សដូចសំឡី លោក អេឡិច ចាន់ត្រាបានពោលពាក្យក្នុងអារម្មណ៍នៅក្តុកក្តួលអួលដើមកថា លោកមានការសោកស្តាយណាស់ដែលមិនបានបួសសងគុណដល់ជីដូនឲ្យគ្រប់រយៈពេល៧ថ្ងៃ។
តារារាងខ្ពស់ស្រឡះរូបនេះបានលើកហេតុផលថា លោកជាប់រវល់ការងារចាំបាច់មិនអាចរំលងបាន។
តាមការបង្ហើបឲ្យដឹងពីតារាសម្តែងរាងខ្ពស់ស្រឡះសង្ហា លោក អេឡិច ចាន់ត្រាថា ក្រុមគ្រួសារលោកទាំងមូលបានបាត់បង់ភាពស្រស់ស្រាយ ដែលប្តូរមកនូវភាពសោកសៅទុក្ខព្រួយនោះជាងមួយខែហើយ។
តារាដែលចេះទាំងច្រៀងរាំ សម្ដែង និងបង្ហាញម៉ូដរូបនេះបានបន្តថា៖ «ជីដូនរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺធ្ងន់រហូតត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមនោះ តាំងពីដើមខែកក្កដាម្ល៉េះ ហើយក៏ទើបតែបញ្ជូនគាត់មកផ្ទះវិញកាលពីមុនបោះឆ្នោតនេះដែរ»។
ប៉ុន្តែលោកបានបញ្ជាក់ថា ក្ដីទុក្ខព្រួយមុននោះ វាក៏លាយលំនូវការសប្បាយខ្លះដែរ ដ្បិតថាជីដូនឈឺនិងដេកនៅនឹងកន្ទេលយ៉ាងណាក៏ដោយ ដោយថា កូនចៅទាំងអស់នៅបានមើលឃើញគាត់នឹងភ្នែក។ មិនដូចពេលនេះទេ គឺគាត់ត្រូវឃ្លាតទាំងសំឡេងឃ្លាតទាំងរូបកាយ ឃ្លាតរហូតគ្មានថ្ងៃជួប។
បើទោះជាយ៉ាងណា ពេលនេះតារាសម្តែងនិងចម្រៀងរូបសង្ហាដែលកំពុងមានទុក្ខលោក អេឡិច ចាន់ត្រា បានអះអាងពីអារម្មណ៍ដែលកាត់ចិត្តបានច្រើនហើយដែរ ដោយលោក បានប្រាប់ថា៖ «ជីដូនខ្ញុំ គាត់ផុតរលត់ទៅនេះ ក៏កូនចៅអស់ចិត្តមិនសូវជាអាឡោះអាល័យនឹងគាត់ប៉ុន្មានទេ ព្រោះថា គាត់ក៏មានព្រះជន្មច្រើន៨១ឆ្នាំ អាយុវែងសឹងតែកម្រមានអ្នកណាអាយុវែងដូចគាត់ដែរ»។
លោកបានប្រាប់ទៀតថា៖ «ជីដូនខ្ញុំគាត់ស្លាប់រយៈពេល៨ថ្ងៃហើយ បើគិតត្រឹមថ្ងៃទី៨សីហានេះ ហើយតាំងពីគាត់ស្លាប់រហូតគម្រប់៧ថ្ងៃគឺ កូនចៅធ្វើបុណ្យជាប់ទាំង៧ថ្ងៃមិនមានរំលងមួយថ្ងៃឡើយ»។
បើទោះបីជាពិធីបុណ្យសពជីដូនប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមនិងមានមិត្តភក្កិកូនចៅសស្រាក់សស្រាំក្នុងការជួយគ្នាមួយដៃមួយជើង យ៉ាងណាក៏ដោយ ប៉ុន្តែអេឡិច ចាន់ត្រានៅតែមិនអស់ចិត្តនឹងកាយវិការសងគុណជីដូនរបស់ខ្លួនឡើយ។
លោក បានលើកឡើងថា៖ «ស្ថិតនៅក្នុងគ្រាជូនដំណើរជីដូនចុងក្រោយនេះ ខ្ញុំក៏ដូចជាចៅៗរបស់គាត់ទាំងប្រាំបីនាក់ផ្សេងទៀតគឺសុទ្ធតែបានបួសសងគុណនិងជូនដំណើរគាត់។ ប៉ុន្តែពួកយើងជាចៅៗបួស តែរយៈពេលមួយថ្ងៃក៏សឹកមកវិញទាំងអស់គ្នា»។
លោកបានបន្តថា៖«ប្អូនប្រុសពៅរបស់ជីដូនខ្ញុំ គាត់ក៏បួសដែរគឺគាត់បួសប្រាំពីរថ្ងៃហើយគង់នៅក្នុងវត្តសូត្រធម៌ និងឆាន់សង្ហាន់ដូចព្រះសង្សដែរ ហើយពេលនេះវត្តមានគ្រងស្បងចីវររបស់លោកតាដែលជាប្អូនប្រុសពៅរបស់ជីដូនខ្ញុំគឺកំពុងគង់នៅក្នុងវត្តសំពោងផលអណ្តែតដែលជាទីអារាមតម្កល់និងបូជាសពជីដូននោះ»។
ទាំងអារម្មណ៍សោកស្តាយនោះ តារាសម្តែងនិងចម្រៀងរាងសង្ហា ដែលល្បីមានមន្តស្នេហ៍និងដូរដៃគូតារាស្រីស្រស់ៗពីមួយទៅមួយលើវេទិកាសិល្បៈរូបនេះ បានបញ្ជាក់ថា៖ «រូបលោកក៏ដូចជាបងប្អូន៨នាក់ទៀតដែលសុទ្ធជាចៅរបស់សពពេលនេះបានសឹកមកជាគ្រហស្ថទាំងអស់គ្នាវិញហើយ ដោយបួសបានតែមួយថ្ងៃទេ។
ប៉ុន្តែលោកបញ្ជាក់បន្ថែមថា រូបលោកដ្បិតថា អាចារ្យប្រាប់ថា ជាចៅត្រឹមតែមិនចាំបាច់បួស៧ថ្ងៃក៏បានដែរ តែក្នុងចិត្តខ្ញុំនៅតែមិនស្ងប់ដែលមិនបានបួសកាន់ទុក្ខគាត់ឲ្យគ្រប់៧ថ្ងៃនោះ។
យ៉ាងណាក៏ដោយទឹកចិត្តចៅកត្តញ្ញូ ដែលជាតារាសម្តែងនិងចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ មិនអាចបំពេញតាមចិត្តទទូចរបស់ខ្លួននេះបានឡើយ ដោយរូបគេលើកហេតុផលថា៖«រូបគេនៅមានការងារចាំបាច់ច្រើនណាស់ ដែលមិនអាចខកខាន វត្តមានគេបាន»។ លោក អេឡិច ចាន់ត្រា បានប្រាប់ថា «ខ្ញុំមិនអាចបួសឲ្យបានគ្រប់ទាំង៧ថ្ងៃនោះទេ ព្រោះដំណើរមរណភាពរបស់ជីដូនមិនមានការគ្រោងទុកទេ ហើយលោកមានការងារច្រើនដែលខ្ញុំទទួលគេមុននោះ ហើយការងារទាំងនោះ សុទ្ធតែមានកុងត្រាមានលិខិត ស្នាម»។ លោកបញ្ជាក់ថា៖«ដូចដឹងស្រាប់ហើយមិនថាតែខ្ញុំទេ អ្នកសិល្បៈការងារមិនមានថ្ងៃសៅអាទិត្យទេ ដូចខ្ញុំគ្រាន់តែមួយរយៈ៥-៦ថ្ងៃនៃពិធីបុណ្យសពជីដូននេះ ខ្ញុំបានសុំគេលើកលែងការងារច្រើនកន្លែងណាស់»។ លោក បានបន្ថែមថា៖«ពេលនេះខ្ញុំមានការងារធំបីទី១ត្រៀមខ្លួនចេញទៅសម្តែងនៅអូស្រ្តាលីទី២កម្មវិធីអាណាចក្រតារានិងទី៣ កម្មវិធីខួបហាងប៉ារ៉ាឌី។ ដោយចាំបាច់មិនអាចរំលងកម្មវិធីនេះបានទើបមិនអាចឲ្យលោកបួសកាន់ទុក្ខជីដូនឲ្យបានពេញ៧ថ្ងៃនោះ»។
ប៉ុន្តែយ៉ាងណា លោកអេឡិច ចាន់ត្រាក៏បានសម្តែងអារម្មណ៍មោទនភាពដែលបានគ្រងស្បង់ចីវរកោសក់មុខសពជីដូនលោក បាននិយាយថា៖«ក្រោយពីបានកោរសក់នៅមុខសពជីដូននិងបានគ្រងស្បង់ចីវរនោះ មានអារម្មណ៍ថាទុក្ខព្រួយហាក់បានរសាយមួយកម្រិត ស្រឡះខ្លួនជាងមុនពេលប្រតិបត្តិបែបនេះ»៕