កម្មករ​នៅ​ក្រុង​ព្រះសីហនុ​ធ្វើ​បាតុកម្ម​ទាមទារ​កែ​លម្អ​លក្ខខណ្ឌ​ការងារ

កម្មករ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ដែល​កំពុង​សាងសង់​នៅ​ខណ្ឌ​ស្ទឹងហាវ ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា បាន​ធ្វើ​បាតុកម្ម​ដើម្បី​ស្នើ​ឱ្យ​ម្ចាស់​​ក្រុមហ៊ុន​ចិន ជួយ​ដោះ​ស្រាយ​សំណូមពរ​​ចំនួន ៨​ចំណុច​ដែល​ពួកគាត់​បាន​ស្នើ​សុំ​ឡើង។

ដោយ សាន សែល
2013-08-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជាមួយ​នឹង​កូន​មេក្រូ​បំពង​សំឡេង ក្រុម​កម្មករ​ប្រមាណ ១៥០​នាក់ នៅ​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​១២ សីហា នេះ​បាន​នាំ​គ្នា​ឈរ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​សាងសង់​​អគ្គិសនី​ដើម្បី​ស្នើ​ឱ្យ​ក្រុមហ៊ុន​ចេញ​មក​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ចំនួន ៨​ចំណុច ដែល​ពួកគេ​បាន​​ទទូច​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​​អស់​រយៈ​ជា​ច្រើន​ខែ​មក​ហើយ។

នៅ​ក្នុង​ហេតុការណ៍​នេះ​មិន​មានការ​ប៉ះទង្គិច​​អំពើ​ហិង្សា​ជាមួយ​​ប៉ូលិស នគរបាល ឬ​សន្តិសុខ​ក្រុមហ៊ុន​​នោះ​ទេ។

ចំណុច​ដែល​បាន​ស្នើ​ឡើង​នោះ​រួម​មាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បក​ប្រែ​ច្បាប់​ការងារ​ជា​ភាសា​ខ្មែរ។ ច្បាប់​ការងារ​របស់​ក្រុមហ៊ុន​ចិន ដែល​ត្រូវ​បាន​កម្មករ​រិះគន់​ថា មាន​លក្ខណៈ​ផ្តាច់ការ និង​ផ្ទុយ​ពី​ច្បាប់​ការងារ​ខ្មែរ។ ចំណុច​មួយ​ទៀត​នោះ គឺ​កម្មករ​ស្នើ​សុំ​បង្កើត​សហជីព​កម្មករ​ក្នុង​រោងចក្រ​ ព្រោះ​ពួក​គាត់​យល់​ថា សហជីព​ជា​តំណាង​សំឡេង​របស់​ពួក​​គាត់ ហើយ​​ពួកគាត់​អាច​ជួយ​ចេញ​មុខ​​ចរចា​បញ្ហា​នានា នៅ​ពេល​មាន​ការ​ខ្វែង​គំនិត​​ជា​មួយ​ក្រុមហ៊ុន។

សំឡេង​កម្មករ​តវ៉ា៖ «(១) ខ្ញុំ​ធ្វើការ​ទាម​ទារ​សិទ្ធិ​របស់​ពួកខ្ញុំ។ (២) មាន​ចំណុច​ត្រូវ​កែប្រែ អ៊ីចឹង​បាន​យើង​សុំ​ឱ្យ​គាត់​បកប្រែ​ជា​ភាសា​ខ្មែរ​ឱ្យ​អស់​មក ព្រោះ​ចំណុច​ខ្លះ​ យើង​មើល​អត់​យល់​ផង​ ហើយ​ត្រូវ​ស៊ីញ៉េ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ទៅ​លើ​ច្បាប់​ហ្នឹង។ យើង​ទទួល​ច្បាប់​ហ្នឹង យើង​ដឹង​ថា នៅ​ក្នុង​ហ្នឹង​មាន​អី​ខ្លះ​អត់ យើង​អត់​ដឹង យើង​ម៉េច​អាច​ទទួល​យក​បាន​ យើង​ម៉េច​អាច​ស៊ីញ៉េ​យក​បាន»

បន្ថែម​លើ​នេះ កម្មករ​សំណូម​ពរ​ឱ្យ​ក្រុមហ៊ុន​កុំ​ឱ្យ​មាន​ការ​គុំកួន និង​គាប​សង្កត់​ដល់​អ្នក​ដែល​ចេញ​មុខ​តវ៉ា។ ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​​កម្មករ​ពន្យល់​ថា ដោយសារ​តែ​កន្លង​មក​នៅ​ពេល​មាន​ការ​តវ៉ា ក្រុមហ៊ុន​បាន​បញ្ឈប់​ការងារ​ដល់​តំណាង​កម្មករ​ចំនួន ៨​នាក់​រួច​មក​ហើយ​​ ហើយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ដល់​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​នោះ​ទេ៖ «សូម​ឱ្យ​ក្រុមហ៊ុន​កុំ​ឱ្យ​បណ្ដេញ​ចេញ​អ្នក​ណា​ដែល​ដុត​ដៃ​ដុត​ជើង​តវ៉ា កុំ​ឱ្យ​ក្រុម​ហ៊ុន​គុំកួន​ជាមួយ​នឹង​អ្នក​ហ្នឹង ព្រោះ​ថា អ្នក​ដែល​ខំ​ធ្វើ​ ហើយ​បណ្ដេញ​ចេញ​នឹង​ត្រូវ​អាសាបង់​ហើយ»

ក្រៅ​ពី​​នេះ​កម្មករ​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​បៀវត្សរ៍​​ចំនួន ១៥០​ដុល្លារ​ក្នុង​មួយ​ខែ ​ប្រាក់​ថ្លៃ​បាយ​មួយ​ថ្ងៃ​ចំនួន ៤​ពាន់​រៀល​ និង​លុយ​ព្រីម​ចំនួន ១៥​ដុល្លារ​ក្នុង​មួយ​ខែ។

លោកស្រី ជាប សុធារី មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​តាម​ដាន​​ការ​តវ៉ា​នេះ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​គួរ​ទទួល​យក​ការ​ស្នើ​សុំ​របស់​ក្រុម​កម្មករ​ដោយ​ធ្វើ​យ៉ាង​ណា​​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​ពួកគាត់​​ឱ្យ​បាន​ឆាប់។

លោកស្រី ជាប សុធារី៖ «ការ​ទាមទារ​របស់​ពួក​គាត់​អត់​ខុស​ទេ ហើយ​មួយ​ទៀត​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ ព្រោះ​ក្នុង​មួយ​ខែ​ហ្នឹង ពួក​គាត់​ចំណាយ​អស់ ៣​ដុល្លារ​ហើយ ហើយ​ប្រាក់​ឧបត្ថម្ភ​របស់​ពួក​គាត់​ក្នុង​រយៈ​ពេល​បណ្ដុះបណ្ដាល​ហ្នឹង គាត់​ទទួល​បាន​តែ ១០០​ដុល្លារ​ហ្នឹង។ អ៊ីចឹង​គាត់​ចាយ​ម៉េច​គ្រាន់ ហើយ​ទៅ​ពេទ្យ​ចំណាយ​លុយ​ច្រើន​ទៀត»

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​តវ៉ា​របស់​កម្មករ​នេះ តំណាង​ក្រុមហ៊ុន​បាន​ចេញ​មក​ចរចា​ពិភាក្សា​ជា​កម្មករ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រួម​គ្នា។

លោក ជ័យ សុវណ្ណ​ ប្រធាន​សហព័ន្ធ​សហជីព​អំណាច​កម្មករ​ខ្មែរ​ដែល​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ចរចា​នេះ បាន​ឱ្យ​ដឹង​ថា ខាង​ភាគី​ក្រុមហ៊ុន និង​តំណាង​​កម្មករ​បាន​ពិភាក្សា​គ្នា​អំពី​ការ​ទាមទារ​របស់​កម្មករ ហើយ​លោក​សង្កេត​ឃើញ​ថា ស្ថានភាព​ដំណើរ​ការ​ទៅ​មុខ​ជា​វិជ្ជមាន ដោយ​ក្រុមហ៊ុន​ទទួល​ស្គាល់​ចំពោះ​ការ​ចង់​បាន​មួយ​ចំនួន​​ក្នុង​ចំណោម ៨​ចំណុច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles