Wednesday, 14 August 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រសួងការពារជាតិកម្ពុជា កាលពីម្សិលមិញ បានច្រានចោលចំពោះព័ត៌មានដែលថា កិច្ចសហការផ្នែកយោធាមួយចំនួន រវាងកម្ពុជា និងសហរដ្ឋអាមេរិកត្រូវបានផ្អាក ដោយសារតែស្ថានការណ៍នយោបាយក្រោយការបោះឆ្នោត។
លោក ឧត្ដម សេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសរបស់ក្រសួងការពារជាតិ បានប្រាប់ក្រុមអ្នកកាសែត នៅឯក្រសួងនេះកាលពីម្សិលមិញថា វាជារឿងមិនពិតដែលថា កិច្ចសហប្រតិបត្តិការរវាងយោធាកម្ពុជា និងសហរដ្ឋអាមេរិកត្រូវបានផ្អាកដោយសារតែស្ថានការណ៍នយោបាយ នៅកម្ពុជាបន្ទាប់ពីការបោះឆ្នោតនោះ។ ប៉ុន្តែលោក ណឹម សុវត្ថិ បានគូសបញ្ជាក់ថា៖ «យើងបានពន្យារពេលកម្មវិធីមួយចំនួនជាមួយសហរដ្ឋអាមេរិក គឺគ្រាន់តែផ្អាកប៉ុណ្ណោះមិនមែនលុបចោលទេព្រោះលទ្ធភាព និងធនធានរបស់យើងនៅមានកម្រិត ដូច្នេះយើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរៀបចំខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការ»។
លោកបន្តថា វាជាធម្មតាទេ ដែលភាគីណាមួយ អាចស្នើសុំពន្យារពេលកម្មវិធីសហប្រតិបត្តិការយោធា ដោយវាអាស្រ័យលើកិច្ចពិភាក្សា និងការព្រមព្រៀងគ្នាទៅវិញទៅមក។
លោក សុវត្ថិ បានលើកឡើងថា៖ « ជំនួយឧបករណ៍យោធាជាច្រើនប្រភេទ មកពីអាមេរិក បានមកដល់យឺត ហើយសន្និសីទ គ្រោងទុកជាលើកដំបូង ស្ដីពីសន្តិសុខដែនសមុទ្រមិនទាន់ត្រៀមរៀបចំទីតាំង និងក្រុមជំនាញធនធានមនុស្សនៅទីនោះនៅឡើយទេ ដូច្នេះយើងត្រូវការពេលវេលាសមរម្យដែលមិនប៉ះពាល់ដល់កម្មវិធី សហប្រតិបត្តិការយោធា ដែលមានស្រាប់រួចហើយ»។
លោកឲ្យដឹងទៀតថា ក្រៅពីអាមេរិក កម្ពុជា នៅមានកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ជាមួយបណ្ដាប្រទេសផ្សេងទៀត ដូចជា អូស្ត្រាលី ចិន វៀតណាម ថៃ ម៉ាឡេស៊ី និងប្រទេសជាដៃគូអន្តរជាតិជាច្រើនទៀតដែលកំពុងមានដំណើរការយ៉ាងសកម្ម ដើម្បីបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានៅក្នុងវិស័យការពារជាតិ។
ការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជានេះធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទថា កម្ពុជាបានផ្អាកកម្មវិធីកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ ជាមួយអាមេរិក និងប្រទេសផ្សេងទៀត ក្រោយពីមានបញ្ហាការបោះឆ្នោត នៅក្នុងប្រទេសនេះ។ ក្រសួងការបរទេសបានឲ្យដឹងពីថ្ងៃចន្ទថា កម្ពុជាបានផ្អាកកម្មវិធីកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ ជាមួយអាមេរិក និងប្រទេសផ្សេងទៀតក្រោយពីមានជម្លោះបោះឆ្នោតនៅក្នុងប្រទេសពេលនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Marie Harf បានប្រាប់ក្រុមអ្នកកាសែតដោយគ្រាន់តែថា ក្រសួងការពារជាតិកម្ពុជា បានពន្យារពេល ឬក៏លុបចោលកម្មវិធីមួយចំនួន។ ប៉ុន្តែលោកស្រី មិនបានផ្ដល់សេចក្ដីលម្អិតទេ។
លោកស្រីបន្តថា គេអាចមានវិធានការទប់ស្កាត់ជាមុន បន្ទាប់ពីក្រុមសមាជិកសភាអាមេរិកបានអំពាវនាវឲ្យមានការកាត់ បន្ថយជំនួយផ្ទាល់ទៅឲ្យរដ្ឋាភិបាលកម្ពុជាបើសិនការបោះឆ្នោតមិនសេរី និងយុត្តិធម៌។ ប៉ុន្តែលោកស្រី Harf ថ្លែងថា អាមេរិក មិនបានចាត់ទុកបញ្ហានេះជាការផ្អាកទំនាក់ទំនងយោធាទាំងស្រុងនោះទេ។ «យើងមិនបានបង្ហាញថា នោះជាអ្វីមួយដែលយើងចង់បាននោះទេ។ យើងកំពុងតែបន្តចាំមើលដំណើរការនេះ ខណៈវាបានបង្ហាញឲ្យឃើញថា តើនៅពេលនេះវាមកពីកន្លែងណា?»។
លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យបានថ្លែងថា វាជារឿងចម្លែក ប្រសិនបើកម្ពុជា បានផ្អាកកម្មវិធីសហប្រតិបត្តិការយោធាជាមួយអាមេរិក ខណៈកម្ពុជាកំពុងត្រូវការយ៉ាងខ្លាំងនូវជំនួយបរទេស។
លោក សុខ ទូច បានបញ្ជាក់ថា៖ «ជាធម្មតា នៅពេលមានការផ្អាកកម្មវិធីសហប្រតិបត្តិការយោធាជាមួយអាមេរិក វាជាបញ្ហាមួយ ហើយវាពិបាក ចំពោះខ្ញុំដើម្បីកំណត់ឲ្យបានច្បាស់ ប៉ុន្តែខ្ញុំគិតថា បើសិនកម្ពុជាពិតជាផ្អាកពិតមែន វាគឺជារឿងបញ្ហាទំនាក់ទំនងនយោបាយ»៕ PN