Wednesday, 14 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ស្របពេលដែលសម្រស់និងកេរ្តិ៍ឈ្មោះក្នុងការងារសិល្បៈកាន់តែវិវឌ្ឍឡើងក្រឺតៗពីមួយថ្ងៃទៅមួយថ្ងៃនោះ នៅពេលថ្មីៗនេះមានធ្លាយព័ត៌មានថ្មីសន្លាងថា តារាសម្តែងវ័យក្មេងខ្ចីវិជ្ជាក្លាយខ្លួនជាពិធីការិនីជើងថ្មីក្នុងទ្រនំ CTN ដោយមិនបាច់ប្រឹងនាង គង់ វង្សយ៉ាទី កំពុងសាងស្នេហ៍ផ្អែមត្រជាក់លាក់កំបាំងជាមួយតារាសម្តែងរូបសង្ហា លោក ជា សុវណ្ណនរាហ៍។ ប៉ុន្តែដំណឹងដ៏ភ្ញាក់ផ្អើលនេះ ត្រូវបាននាងនិងម្តាយបដិសេធយ៉ាងញ័រមាត់ហើយថែមទាំងប្រកាសថា ស្បថមុខព្រះក៏បានដែរ។
ឆ្លើយឆ្លងជាមួយភ្នំពេញប៉ុស្តិ៍កាលពីរសៀលថ្ងៃទី១៣សីហាម្សិលមិញម្តាយគង់ វង្សយ៉ាទីបានបដិសេធទាំងស្រុងចំពោះព័ត៌មានមួយដែលចេញផ្សាយថា កូនស្រីរបស់គាត់និងតារាសម្តែងរូបសង្ហា លោក ជា សុវណ្ណនរាហ៍មានស្នេហាក្រៅឆាកផ្អែមល្ហែមយល់ចិត្តយល់ថ្លើមគ្នា និងព្យាយាមបិទបាំងពីមហាជន ដោយឯកភាពគ្នា ខ្លាចបែកធ្លាយទៅនាំឲ្យប្រជាប្រិយភាពពួកគេមានភាពធ្លាក់ចុះ។
អ្នកស្រីហាស់ ចរិយា បានពោលទាំងហួសចិត្តថា៖«ដូចជាមិនស្ងប់ស្ងាត់សោះពីរឿងស្នេហ៍របស់កូនស្រីខ្ញុំ។ មុននោះមិនដឹងជាមើលឃើញយ៉ាងណា ឬក៏កត់សម្គាល់យ៉ាងនោះដែរទេ ក៏ស្រាប់តែផ្ទុះព័ត៌មានថា កូន យ៉ាទី និងតារាចម្រៀងសុគន្ធ ថេរ៉ាយុ មានស្នេហាក្រៅឆាកជាមួយគ្នា។ ចប់ពីនោះមិនបានប៉ុន្មានមុននោះក៏មានពាក្យចចាក់ចចុចថា កូនយ៉ាទីខ្ញុំនេះទៅមានស្នេហាក្រៅឆាកជាមួយលោក ប៉ែន ចំរ៉ុងទៀត ហើយពេលនេះក៏ស្រាប់តែមានព័ត៌មានចេញផ្សាយថា កូន យ៉ាទីមានស្នេហាផ្អែមល្ហែមជាមួយតារាសម្តែងលោក ជា សុវណ្ណរាហ៍ឯនោះម្តងវិញទៀត»។
អ្នកស្រីក៏បានថ្លែងបែបជាចម្ងល់ខ្លួនឯងថា៖«ខ្ញុំដូចជាឆ្ងល់ដែរ មិនដឹងជាហេតុអ្វីបានជាព័ត៌មានពីរឿងស្នេហាកូនស្រីខ្ញុំក៏ចេះតែលេចចេញជាបន្តបន្ទាប់បែបនេះ ទាំងព័ត៌មានមិនពិត និងម្ចាស់ខ្លួនគេមិនដឹងខ្លួនផងហ្នឹង»។
អ្នកស្រីហាស់ ចរិយា លើកឡើងថា៖«កូន យ៉ាទីកាលពីជាមួយលោក ថេរ៉ាយុ នោះ គ្រាន់តែរូបថតថតស្និទ្ធស្នាលក្នុងឈុតសម្តែងចម្រៀងកាយវិការខារ៉ាអូខេក៏គិតថា គ្នាមានស្នេហាជាមួយគ្នាដែរ ហើយមុននេះថ្មីទៀត មានរូបថតកាន់នំខេកជាមួយលោក ប៉ែន ចំរ៉ុងនោះក៏គេថា កូនយ៉ាទីហ្នឹងមានស្នេហាជាមួយលោកប៉ែន ចំរ៉ុងផងដែរ។ ដូចគ្នានេះដែរ ថ្មីៗក៏ស្រាប់តែថាកូនស្រីខ្ញុំនេះ ទៅមានស្នេហាជាមួយតារាសម្តែងរូបសង្ហា លោក ជា សុវណ្ណនរាហ៍ឯណា ឆ្កុយទៀត»។
ប្រតិកម្មពីព័ត៌មានដែលបានបោកខ្ទប់លើកូនស្រីដ៏ផូរផង់មិនដាច់សូរនោះ អ្នកស្រី ហាស់ ចរិយា មិនត្រឹមតែចេញមុខអះអាងថា ព័ត៌មានទាំងនោះ សុទ្ធតែមិនមែនជាការពិតនោះទេ តែបន្ថែមលើការអំណះអំណាងនោះ ម្តាយនាងពិធីការិនីដែលទើបឡើងកូដ វ័យ២០ឆ្នាំរូបនេះ ថែមទាំងលើកយកព្រះអង្គដ៏ស័ក្តិសិទ្ធិគ្រប់ទីកន្លែងមកឲ្យជួយធ្វើជាសាក្សីក្នុងរឿងកូនស្រីខ្លួនទៀតផង។
ម្តាយ គង់ វង្សយ៉ាទីបញ្ជាក់ថា៖«បើឲ្យខ្ញុំស្បថ ក៏ស្បថដែរ ថាកូនស្រីខ្ញុំគង់ វង្សយ៉ាទី មិនដែលមានស្នេហាជាមួយតារាសិល្បៈណាម្នាក់ឡើយ បើសូម្បីតែលោក ជា សុវណ្ណនរាហ៍ នោះក៏មិនដែលមានដែរហើយនាំខ្ញុំស្បថព្រះវត្តណាពូកែ ក៏ខ្ញុំនឹងស្បថជូនភ្លាមដែរ»។
ប៉ុន្តែអ្នកស្រីហាស់ ចរិយា ក៏បានទទួលស្គាល់ដែរថា វ័យរបស់កូនស្រីខ្លួនជាវ័យដែលពេញក្រមុំចៀសមិនផុតឡើយពីមានអ្នកតាមស្រឡាញ់នោះ។ អ្នកស្រីបានប្រាប់ថា៖«វាប្រាកដណាស់ យើងជាស្រីនិងជាអ្នកសិល្បៈទៀត មិនអាចចៀសផុតឡើយមិនអាចថាមិនមានគេស្រឡាញ់ទេ មាននោះ គឺមានហើយ តែអ្វីដែលយើងទទួលស្គាល់ថាពិតនោះ គឺនៅមិនទាន់មានទេព្រោះថា ស្រីពេលណាដែលគេចូលស្តីដណ្តឹងដល់ឪពុកម្តាយនោះ បានថា បុរសនោះពិតជាគូស្នេហ៍យើង តែបើគ្រាន់តែឆ្វែលៗក្រៅៗទេនោះ មិនមែនទេ»។
បើទោះជាការរៀបរាប់របស់អ្នកស្រីហាស់ ចរិយា ម្តាយក្រមុំឡើងខ្លួនបញ្ជាក់ថា កូនស្រីរបស់គាត់មិនមានជំពាក់វាក់វិនជាមួយបុរសណាម្នាក់នៅឡើយក៏ដោយ ប៉ុន្តែអ្នកស្រីបែរជាបង្ហើបចម្លើយបិទផ្លូវយ៉ាងជិតស្លុងចំពោះសិល្បករដែលមានបំណងចង់ក្លាយខ្លួនជាកូនប្រសាអ្នកស្រីថា៖«ខ្ញុំបានប្រគល់សិទ្ធិទាំងស្រុងចំពោះរឿងអនាគតកូនយ៉ាទី គឺឲ្យម្ចាស់ខ្លួនគេជាអ្នកសម្រេច ស្រេចតែគេ ចង់គេពេញចិត្តបុរសសម្រាប់អនាគតគេប្រភេទណា នោះខ្ញុំម្តាយចាំតែដើរតាមក្រោយទេ។ ប៉ុន្តែកូនយ៉ាទី នាងក៏ប្រាប់ខ្ញុំហើយថា នាងជាអ្នកសិល្បៈនាងនឹងមិនយកឡើយប្តីជាអ្នកសិល្បៈដូចគ្នា»។
បន្ថែមលើគន្លឹះតាំងចិត្តរបស់កូនស្រីនោះ អ្នកស្រីបាននិយាយទៀតថា៖«ដូច្នេះរឿងទាំងប៉ុន្មានដែលលេចឮថា កូនយ៉ាទី មានស្នេហាជាមួយតារាចម្រៀងនេះ ជាមួយតារាសម្តែងនោះ ដែលជាពួកគេម្នាក់ៗសុទ្ធតែមានអាជីពដូចនាងនោះ នោះវាមិនមែនជាការពិតទេ ព្រោះព័ត៌មានទាំងនោះវាផ្ទុយនឹងការតាំងចិត្តនាង»។
យ៉ាងណាមិញ ក្រៅពីអះអាងថាកូនស្រីវ័យទើប២០ឆ្នាំនៅក្មេងមិនទាន់ចង់ឲ្យកូនគិតពីរឿងប្តីសីនោះក៏ដោយ តែអ្នកស្រីប្រាប់ថា៖«កូនខ្ញុំក៏បានប្រាប់ដែរថា ដាច់ខាត មិនមែនអ្នកសិល្បៈ ហើយក៏មិនគិតថាកំលោះ ឬពោះម៉ាយនោះដែរ សំខាន់ឲ្យចេះយល់ចិត្តនាងនិងគោរពស្រឡាញ់ក្រុមគ្រួសារទៅបានហើយ»។
ថ្លែងលាងមន្ទិលមួយដែលថា យ៉ាទីមានឧកញ៉ាចិញ្ចឹម និងជាខ្នងជួយឲ្យនាងឈរជើងនៅCTN នោះ អ្នកស្រីក៏បានបដិសេធដែរថា យ៉ាទីចូលCTN គឺដោយសមត្ថភាពពិតៗតាមរយៈភ្នែកលោក សុវណ្ណ រិទ្ធីហៅវិចទ័រ មើលឃើញគឺមិនមានឧកញ៉ាពីក្រោយខ្នងរឿងនេះទេ ហើយក៏មិនមានឧកញ៉ាណាចិញ្ចឹមដែរ។ អ្វីៗកើតចេញពីញើសឈាមខំប្រឹងនិងសមត្ថភាពទាំងអស់»៕
