គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្ដើមចាត់ការបណ្ដឹងរបស់បក្សសង្គ្រោះជាតិ ដែលបានប្ដឹងអំពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត ចាប់ពីថ្ងៃទី១៥ សីហា នេះតទៅហើយ។ តែគ្រាន់តែបើកឆាកដោះស្រាយបណ្ដឹងនៅថ្ងៃដំបូងភ្លាម ក៏មានបញ្ហាភ្លែតដូចដែលគេរំពឹងទុកកន្លងមក គឺបក្សសង្គ្រោះជាតិ ចោទ គ.ជ.ប ថា ដោះស្រាយបណ្ដឹងរបៀបអាថ៌កំបាំងស្ងាត់ៗ មិនគួរឲ្យទុកចិត្ត ហើយបានអំពាវនាវឲ្យអ្នកសង្កេតការណ៍ចូលរួមពិនិត្យទាំងអស់គ្នា និងជួយធ្វើជាសាក្សីផង។
ដោយ វោហារ ជាតិ
2013-08-15
RFA

សកម្មភាពរបស់មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យតាមការដាក់បណ្ដឹងរបស់គណបក្សនយោបាយ នាទីស្នាក់ការ គ.ជ.ប នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣។ Photo: RFA
គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៥ សីហា ថា គ.ជ.ប បានទទួលពាក្យបណ្ដឹងពីបក្សសង្គ្រោះជាតិ សរុបចំនួន ១៧បណ្ដឹងនៅទូទាំងប្រទេស។
ទាក់ទងការដោះស្រាយបណ្ដឹងនេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប បានពិនិត្យបណ្ដឹងមកពីខេត្តក្រចេះ នៅថ្ងៃទី១៥ សីហា ហើយនឹងពិនិត្យសម្រេចបណ្ដឹងមកពីខេត្តបាត់ដំបង និងខេត្តផ្សេងៗទៀតនៅថ្ងៃបន្តបន្ទាប់។
សេចក្ដីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីបក្សសង្គ្រោះជាតិ ដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប កាលពីថ្ងៃទី១៤ សីហា ប្ដឹងតវ៉ាពីភាពមិនប្រក្រតីទៅនឹងលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នចំនួន ១៧ករណី នៅមណ្ឌលខេត្តក្រចេះ កណ្ដាល បាត់ដំបង និងខេត្តសៀមរាប។ បណ្ដឹងនោះបានសុំឲ្យ គ.ជ.ប ផ្ទៀងផ្ទាត់ទិន្នន័យនៅក្នុងទម្រង់ ១១០៤ ដែលបក្សសង្គ្រោះជាតិ ចោទថា ប្រធានការិយាល័យនៃមណ្ឌលបោះឆ្នោតក្នុងមណ្ឌលទាំងនោះមិនបានបំពេញត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ការបែងចែកកៅអីតំណាងរាស្ត្រក្នុងរដ្ឋសភា។
លោក កឹម សុខា អនុប្រធានបក្សសង្គ្រោះជាតិ ដែលកន្លងមកតែងតែចោទប្រកាន់ គ.ជ.ប ថាជាយន្តការរៀបចំការបោះឆ្នោតរបស់បក្សប្រជាជន ឈ្នះនោះ មានប្រសាសន៍ថា បើទោះជាលោកដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប ឲ្យដោះស្រាយយ៉ាងក៏ដោយ ក៏លោកមិនរំពឹងថា គ.ជ.ប ដោះស្រាយបណ្ដឹងបក្សសង្គ្រោះជាតិ ដោយឯករាជ្យទេ។ លោកបញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងនេះ គ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
ស្របពេលនេះដែរ គ.ជ.ប ក៏បានចាប់ផ្ដើមពិនិត្យ និងសម្រេចពាក្យបណ្ដឹងបក្សសង្គ្រោះជាតិ នៅថ្ងៃដំបូង គឺថ្ងៃទី១៥ សីហា នេះ ដែលប្ដឹងសុំឲ្យ គ.ជ.ប ផ្ទៀងផ្ទាត់ទិន្នន័យទម្រង់ ១១០២ និងទម្រង់ ១១០៤ នៅមណ្ឌលខេត្តក្រចេះ ដែលបក្សសង្គ្រោះជាតិ សង្ស័យថា មានការលួចបន្លំសន្លឹងឆ្នោតច្រើនតាមទម្រង់នេះ។
លោក គួយ ប៊ុនរឿន ដែលជាដើមបណ្ដឹងតំណាងបក្សសង្គ្រោះជាតិ ឲ្យដឹងថា ទម្រង់ ១១០២ គឺជាទម្រង់ដើមដែលអ្នកបោះឆ្នោតបោះដាក់ចូលទៅក្នុងហិបឆ្នោត រីឯទម្រង់ ១១០៤ គឺជាឯកសារដែលតំណាងបក្សនយោបាយចម្លងទិន្នន័យចេញពីទម្រង់ ១១០២ ដែលគេអាចបន្លំបាន។ លោកថា ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យទម្រង់ទាំងពីរនេះបានត្រឹមត្រូវ លុះត្រាតែ គ.ជ.ប បើកហិបឆ្នោតដែលគេហៅថាកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលដែលប្ដឹងនោះ ទើបដឹងថាត្រឹមត្រូវ ឬមិនត្រឹមត្រូវ ព្រោះកញ្ចប់សុវត្ថិភាព “ក” គេជឿថា មិនអាចមានគេលួចបន្លំសន្លឹកឆ្នោតបានទេ ព្រោះមានអ្នកសង្កេតការណ៍ និងតំណាងបក្សមើលឃើញជាសាក្សីមុនបិទហិបឆ្នោត ប៉ុន្តែ គ.ជ.ប មិនព្រម។
ទោះយ៉ាងណា គ.ជ.ប នៅតែបន្តពិនិត្យ និងសម្រេចពាក្យបណ្ដឹងដូចដែលបានគ្រោងទុក ដោយមន្ត្រី គ.ជ.ប បានឆ្លើយថា ពួកគាត់ធ្វើទៅតាមបញ្ជា និងតាមការកំណត់របស់ថ្នាក់ដឹកនាំ គ.ជ.ប។
ចំពោះការតវ៉ានេះ លោក ទេព នីថា បានឆ្លើយថា ជួនកាលការដោះស្រាយបណ្ដឹង គឺ គ.ជ.ប ផ្អែកលើច្បាប់កំណត់ទៅតាមកម្រិតនៃបណ្ដឹង តែលោកមិនបានពន្យល់ពិស្ដារទេ។
យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្ដឹងតវ៉ារបស់បក្សនយោបាយក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង។
លោក កឹម សុខា ដែលអះអាងថា លោកអស់ជំនឿលើ គ.ជ.ប នោះ បញ្ជាក់ថា បក្សសង្គ្រោះជាតិ នឹងដាក់ពាក្យបណ្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត បើ គ.ជ.ប សម្រេចពាក្យបណ្ដឹងទាំងនោះមិនយុត្តិធម៌៕
គ.ជ.ប ដោះស្រាយបណ្ដឹងដំបូងរបស់បក្សសង្គ្រោះជាតិពីមណ្ឌលខេត្តក្រចេះ
ដោយ ម៉ាត់ ក្រីយ៉ា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្ដើមដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតពីគ្រប់គណបក្សនយោបាយ នៅថ្ងៃព្រហស្បតិ៍ ទី១៥ សីហា បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នកាលពីថ្ងៃទី១២ សីហា មក។ យ៉ាងណាក្តី ដំណើរការដំបូងនៃការដោះស្រាយបណ្ដឹងនោះ ត្រូវបានតំណាងគណបក្សសង្គ្រោះជាតិ ច្រានចោលមិនទទួលស្គាល់នោះទេ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ាត់ ក្រីយ៉ា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនមិនស្គាល់មុខបំផ្ទុះគ្រាប់បែកច្នៃនៅមុខទីស្នាក់ការបក្សប្រជាជនខេត្តកំពង់ស្ពឺ
- គ.ឃ.ប.ខេត្តព្រៃវែងរងការចោទថាកាត់ប្រាក់ឈ្នួលមន្ត្រីក្រោមឱវាទ
- ពលរដ្ឋនៅភ្នំពេញនៅតែភ័យខ្លាចចំពោះសកម្មភាពចល័តកងទ័ព
- កម្មកររោងចក្រមួយចំនួនសុំច្បាប់សម្រាកដោយខ្លាចមានមហាបាតុកម្ម
- សហភាពអឺរ៉ុបជំរុញឲ្យគណបក្សសង្គ្រោះជាតិពន្លឿនការចរចា
- គ.ជ.បរង់ចាំបណ្ដឹងពីបក្សនយោបាយក្រោយប្រកាសលទ្ធផលបណ្ដោះអាសន្ន
- សង្គមស៊ីវិលធ្វើពិធីបួងសួងសុំសន្តិភាពនិងយុត្តិធម៌
- សកម្មជនបក្សប្រឆាំងខេត្តកំពតម្នាក់ត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- ជនសង្ស័យ២នាក់ពាក់ព័ន្ធឃាតកម្មអ្នកគាំទ្របក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួន
Corrupted NEC will take side toward CPP only…