កែវ ពេជ្រពិសី បដិសេធ​ជាថ្មី​មិន​ជាប់​ស្នេហ៍​មន្ត្រីយោធា

Friday, 16 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

130816_20a

តារា​សម្តែង​នាង កែវ ពេជ្រពិសី​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ​ក្រោយពី​បរាជ័យ​ស្នេហ៍​ដំបូង​ក្រោម​ដំបូល​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​២០០៩​ជាមួយ​កូនកំលោះ​អាណិកជន​អូស្រ្តាលី​តារាសម្តែង​ដែល​ទើប​ក្រសោប​បាន​នាទី​ជា​ពិធីការិនី​នៅ​ទូរទស្សន៍​បាយ័ន​អ្នកនាង កែវ ពេជ្រពិសី​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​សារព័ត៌មាន​មួយ​ដែល​បាន​លើក​ឡើង​ថា នាង​បាន​ទទួល​ស្គាល់​មាន​ស្នេហ៍​ថ្មី​ជាមួយ​មន្រ្តី​យោធា​ជាយដែន​។

មិនមែន​ទើប​តែ​ចុង​ក្រោយ​ថ្មី​ៗ​នេះ​ទេ ដែល​លេចឮ​ពី​ចំណង​ស្នេហា​ថ្មី​របស់​អ្នក​មេម៉ាយ​ក្តៅស្រួយ​ចាយសម្រស់​នាង កែវ ពេជ្រពិសី​ជាមួយ​បុរស​មាន​អំណាច​ម្នាក់​ដែល​មាន​តួនាទី​ធំ​នៅក្នុង​ជួរ​កងទ័ព​ឈរជើង​នៅ​ព្រំដែន​ព្រះវិហារ​នោះ​ពោល​គឺ​តាំងពី​ទៅ​ថត​រឿង​ពន្លក​ស្នេហ៍​ជាយដែន​កាលពី​ចុង​ឆ្នាំ​២០១១​ម្ល៉េះ​។ តែ​ព័ត៌មាន​នោះ​ក៏​ស្ងប់​រលត់​ទៅ​វិញ​ក្រោយ​ពេល​ពិសី​ចេញ​មុខ​បដិសេធ​ភ្លាម​ៗ​។ អ្នក​មេម៉ាយ​ចាយ​សម្រស់​រូប​នេះ​បាន​ជំពប់​នឹង​រឿង​ដដែល​នេះ​ម្តង​ទៀត​កាលពី​ដើម​ឆ្នាំ​២០១៣​ក្រោយពី​នាង​វិល​ត្រឡប់​ទៅ​ថត​នៅ​តំបន់​នោះ​សាជាថ្មី​ជាមួយ​ក្រុម​ការងារ​ទូរទស្សន៍​បាយ័ន​ដែល​ពេល​នោះ នាង​ត្រូវ​ឈប់​សម្រាក​ជាច្រើន​សប្តាហ៍​នៅ​ទីនោះ​ដើម្បី​ថត​រឿង​ភាគ​ថ្មី​។

ជាមួយ​នឹង​វត្តមាន​នៃ​បេសកកម្ម​នៅ​តំបន់​ជាយដែន​លើក​ទី​២​របស់​អ្នក​មេម៉ាយ​ចាយ​សម្រស់​រូប​នេះ ត្រូវ​បាន​ក្រុម​ការងារ​ដែល​រួម​ដំណើរ​លួច​ខ្សឹប​ប្រាប់​សារព័ត៌មាន​ថា គ្រា​ដែល​ពិសី ទៅ​ថត​នៅ​តំបន់​ព្រះវិហារ​លើក​ទី​២​នោះ មហាជន​បាន​ឃើញ​នាង​បណ្តើរ​មន្ត្រីយោធា​ម្នាក់​ដែល​គេ​ល្បី​ថា​ជា​គូស្នេហ៍​នោះ​ចូល​ទៅក្នុង​ទឹកដី​ថៃ​និង​មាន​ភាព​ស្និទ្ធស្នាល​ដូច​គូស្នេហ៍​។


ប៉ុន្តែ​យ៉ាង​ណា​រាល់​ការ​លើក​ឡើង​ជា​សំណួរ​ពី​ការ​ជួប​ស្នេហ៍​ថ្មី​ជា​មន្ត្រីយោធា​ក្រោយ​បរាជ័យ​ស្នេហា​ក្រោម​ដំបូល​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​អាណិកជន​របស់ កែវ ពេជ្រពិសី មិន​ត្រូវ​នាង​លាតត្រដាង និង​មិន​ដូច​ប្រភព​ទាំងនោះ​បាន​និយាយ​ប្រាប់​នោះ​ឡើយ ដោយ​នាង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្នេហា​មិន​សំខាន់​ទេ​និង​មិន​ដែល​គិត​ដល់​ដែរ​។

ប៉ុន្តែ​ដោយឡែក​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចេញ​ផ្សាយ​ថា អ្នក​មេម៉ាយ​ចាយ​សម្រស់​នាង​កែវ ពេជ្រពិសី​បាន​ទទួល​ស្គាល់​ថា នាង​ពិតជា​មាន​ចំណងស្នេហ៍​ជាមួយ​មន្រ្តីយោធា​នៅ​ព្រំដែន​នោះ​មែន ដែល​បណ្តាញ​សារព័ត៌មាន​នោះ ថែម​ទាំង​អះអាង​ទៀត​ថា នាង​បាន​សារភាព​ពី​ចំណងស្នេហ៍​ដែល​ព្យាយាម​លាក់បាំង​ជិត​មួយ​ឆ្នាំ​នោះ គ្រា​ដែល​ជួប​នាង​កែវ ពេជ្រពិសី​ក្នុង​ជំនួប​ចៃដន្យ​ក្នុង​ស្ទូឌីយូ​បាយ័ន​នៅ​ស្ទឹងមានជ័យ​។

ក្នុង​ការ​រៀបរាប់​នោះ គេ​បាន​បញ្ជាក់​ទៀត​ថា តារាសម្តែង​កែវ​ពេជ្រពិសី​ព្រម​ទទួល​ស្គាល់​ចំណងស្នេហ៍​ដែល​លេចធ្លាយ​នោះ​ថា​ជា​ការ​ពិត​ប៉ុន្តែ​នាង​បាន​ប្រាប់​ថា ពន្លកស្នេហ៍​ថ្មី​នោះ នៅ​ត្រឹម​ជា​ដំណាក់កាល​សម្លឹង​មើល​គ្នា​ទៅវិញ​ទៅមក​ទេ នៅ​មិន​ទាន់​ឈាន​ដល់​ការ​យល់​ចិត្ត​យល់​ថ្លើម​គ្នា ឆ្ពោះ​ទៅ​រក​ត្រើយ​អាពាហ៍ពិពាហ៍​នៅ​ឡើយ​ទេ​។ នាង​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នេះ នៅ​មិន​ទាន់​មាន​សញ្ញា​វិជ្ជមាន​មួយ​បង្ហាញ​ថា ដើម​ស្នេហ៍​មួយ​នេះ​អាច​នឹង​ដុះ​មែកធាង​រីក​លូតលាស់ នា​ពេល​អនាគត​ដ៏​ខ្លី​ឡើយ​។

តាម​ព័ត៌មាន​ចេញ​ផ្សាយ​មុន​នោះ​បាន​សរសេរ​ថា កែវ ពេជ្រពិសី​បាន​ប្រាប់​ថា​៖​«​បើ​ខ្ញុំ​ថា​អត់​តើ​មាន​អ្នក​ណា​គេ​ជឿ​ខ្ញុំ​ទេ​?​(សើច)​រឿង​ស្នេហា​នោះ​មាន​ចេះ​តែ​មាន​ហើយ​បង​។ ប៉ុន្តែ​ពួកខ្ញុំ​នៅ​សម្លឹង​មើល​គ្នា​ឲ្យ​ច្បាស់​សិន​ព្រោះ​កន្លង​មក​ធ្លាប់​មាន​របួស​បេះដូង​ម្តង​ហើយ​តាមពិត​ទៅ​ខ្ញុំ​មិន​ចង់​លាក់បាំង​ទស្សនិកជន​ទេ​តែ​បើ​វា​មិន​ទាន់​ច្បាស់លាស់​ផង​ឲ្យ​ខ្ញុំ​ប្រាប់​យ៉ាង​ម៉េច​ទៅ​?​ខ្ញុំ​ពិតជា​មិន​ចង់​ឲ្យ​មាន​ព័ត៌មាន​ដែល​មិន​ទាន់​ពិត​កើតឡើង​ទេ​ទើប​ចេះ​តែ​បដិសេធ​ទៅ​ព្រោះ​យើង​មិន​អាច​ដឹង​រឿង​កើតឡើង​ពេល​ខាង​មុខ​បាន​ឡើយ​តែ​បើ​ក្លាយ​ជា​ប្តីប្រពន្ធ​ស្របច្បាប់​ទោះ​មាន​រឿង​អី​ក៏​វា​ធម្មតា​ដែរ​»។

ការ​ទម្លាយ​ចេញ​របស់​ពិសី​នៅ​ពេល​នោះ ច្បាស់​ណាស់​ថា​ស្នេហា​របស់​នាង​កំពុង​លេច​ចេញ​សញ្ញា​ល្អ​គ្រាន់​តែ​នាង​មិន​ហ៊ាន​បញ្ជាក់​ឲ្យ​ច្បាស់​ព្រោះ​មិន​ទាន់​ចូល​រោងការ​នៅ​ឡើយ​ប៉ុន្តែ​ទស្សនិកជន​អាច​ទស្សន៍ទាយ​ថា​កែវ​ពេជ្រពិសី​កំពុង​មាន​សង្ឃឹម​ចំពោះ​ស្នេហ៍​ថ្មី​នេះ​ទើប​នាង​ញញឹម​បិទ​មាត់​មិន​ជិត​និង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ក្រោយ​ពី​ទទួល​រងបរាជ័យ​ស្នេហា​ដំបូង​កាលពី​អំឡុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ​។ ជាមួយ​សារព័ត៌មាន​នោះ ពិសី​ប្រាប់​ថា​៖​«​ខ្ញុំ​មិន​ធានា​ថា​បុរស​នោះ​អាច​ជា​ស្វាមី​ខ្ញុំ​ឬ​ក៏​អត់​នោះ​ទេ​ឯ​រឿង​ប្រាប់​អត្តសញ្ញាណ​បុរស​រូប​នោះ​ក៏​ខ្ញុំ​មិន​អាច​ប្រាប់​បាន​ដែរ​ដរាប​ណា​ពួក​យើង​មិន​ទាន់​ចូល​ក្រាប​សំពះ​ផ្ទឹម​ជាមួយ​គ្នា​ទេ​នោះ​។ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​ពួកយើង​កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ឯ​រឿង​រៀបការ​ពេល​ណា​ពេល​ហ្នឹង​ទៅ​បើ​ជា​គូ​វា​មិន​បែក​ដូច​មុន​ទេ​»។

ក្នុង​ព័ត៌មាន​នោះ ក៏​បាន​បញ្ជាក់​ដែរ​ថា​៖​«​នៅ​ពេល​ត្រូវ​សួរ​ថា​តើ​បុរស​នោះ​នៅ​លីវ​ឬ​ធ្លាប់​មាន​គ្រួសារ​ហើយ​? តើ​ពិសី​ស្គាល់​បុរស​នោះ​យូរ​ប៉ុន​ណា​ដែរ​? តារាសម្តែង​សម្រស់​មិន​ចាញ់​ក្រមុំ​រូប​នេះ​ប្រាប់​ដោយ​ផ្ទុះ​សំណើច​ថា​គាត់​នៅ​លីវ​ទេ​(សើច)​ឯ​រឿង​ផ្សេង​ទៀត​ខ្ញុំ​សុំ​មិន​និយាយ​ឡើយ​»​។ នាង​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​នោះ​ថា​៖​«​ខ្ញុំ​ស្គាល់​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ​គ្រាន់​តែ​គ្មាន​ពេល​ជួប​គ្នា​ប៉ុណ្ណោះ​ហើយ​ក៏​មិន​ដឹង​ថា​ពួក​យើង​អាច​បន្ត​ទៅ​រក​ជីវិត​អាពាហ៍ពិពាហ៍​បាន​ឬ​អត់​ទេ​ដូច​ខ្ញុំ​ប្រាប់​បង​ពី​ខាង​ដើម​អ៊ីចឹង​ថា​ពួកយើង​នៅ​សម្លឹង​មើល​គ្នា​នៅ​ឡើយ​គឺ​មិន​ទាន់​ប្រាកដ​១០០​ភាគរយ​នោះ​ទេ​»។

ប៉ុន្តែ​នៅ​ពេល ភ្នំពេញ ប៉ុស្តិ៍ ចោទ​សួរ​អំពី​រឿង​នេះ បែរ​ជា​អ្នក​មេម៉ាយ​ចាយ​សម្រស់​អតីត​ម្ចាស់​ពាន​អាណាចក្រតារា​ផ្នែក​ញញឹម​ស្រស់​ឆ្នាំ​២០១២ នាង​កែវ ពេជ្រពិសី បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​។ តារា​រូប​នេះ​បាន​ឆ្លើយ​យ៉ាង​ខ្លាំង​ៗ​ថា នាង​មិន​ដែល​ទៅ​បាន​និយាយ​ប្រាប់​ព័ត៌មាន​ណា និង​មិន​ដែល​ទទួល​ស្គាល់​ថា​នាង​មាន​ស្នេហា​ជាមួយ​អ្នក​ណា មន្រ្តីយោធា​ណា​ឡើយ ហើយ​ក៏​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មន្រ្តី​មាន​ប្រាក់​មាន​អំណាច​ណា​ដែរ ។ មួយ​ថ្ងៃ​ៗ​នាង​គិត​តែ​ពី​រឿង​ការងារ​ហត់​បែកញើស​គឃៀរ ញាំ​បាយ​ឲ្យ​ពេញ​មាត់​មិន​មាន​ផង​តើ​មាន​ពេល​ណា​ទៅ​ដើរ​មាន​ស្នេហា​នោះ​?

នាង​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖​«​ខ្ញុំ​មិន​ដែល​គិត​រឿង​ស្នេហា​ទេ​បង ដូច​ដែល​បង​ដឹង​ស្រាប់​ហើយ​រឿង​ស្នេហា​នោះ​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់​ប៉ុន្មាន​ខ្ញុំ​ខ្មាស់​គេ​ប៉ុន​ណា​? ខ្ញុំ​មិន​ដែល​ចង់​គិត​រឿង​នេះ​ទៀត​ទេ បើ​គិត​ក៏​ច្រើន​ឆ្នាំ​ដែរ​ទើប​គិត​ម្តង​ទៀត​»៕

 

What Next?

Recent Articles