Friday, 16 August 2013
ធឹក កល្យាណ
ភ្នំពេញ ប៉ុស្តិ៍
សៀមរាប : ឥឡូវនេះគេឃើញមានវត្តមានភ្ញៀវយ៉ាងច្រើនបាននាំគ្នាចាប់អារម្មណ៍តំបន់ទេសចរណ៍បែបប្រពៃណីមួយឈ្មោះភូមិអេកូទេសចរណ៍រុនតាឯកដែលជាភូមិឋានមានទេសភាពធម្មជាតិព័ទ្ធដោយបឹងជាលាធំស្ថិតនៅក្នុងខេត្តសៀមរាប។ ភូមិអេកូទេសចរណ៍រុនតាឯកនេះបានផ្តល់នូវបទពិសោធនៃប្រពៃណីច្រើនសម្រាប់អ្នកទេសចរ ខណៈវាក៏កំពុងតែក្លាយជាទិសដៅកម្សាន្តរបស់ភ្ញៀវភាគច្រើនផងដែរ។
អ្នកស្រី ហាក់ ធីតា ប្រជាពលរដ្ឋដែលពីមុនមានលំនៅឋានរស់នៅតាមដងស្ទឹងសៀមរាបនិងត្រូវបានក្រុមអាជ្ញាធរប្តូរឲ្យទៅនៅភូមិរុនតាឯកជាមួយនឹងប្រជាជន៥៣គ្រួសារទៀតកាលឆ្នាំ២០១០។
អ្នកស្រីនិយាយថា៖«អាជ្ញាធរបានពន្យល់ពួកយើងថាភូមិថ្មីនោះនឹងមានគម្រោងបង្កើតជាភូមិអេកូទេសចរណ៍ហើយនឹងផ្តល់ពូជដំណាំនានាឲ្យពួកយើងដាំនិងចិញ្ចឹមសត្វ»។
អ្នកស្រីក៏បានបញ្ជាក់ដែរថា ក្រុមភ្ញៀវទេសចរចូលចិត្តមកទស្សនានិងស្នាក់នៅក្នុងភូមិពួកគាត់ណាស់ដើម្បីទទួលបានបទពិសោធនិងមើលឃើញពីជីវិតបែបជនបទរបស់ប្រជាជន។
អ្នកស្រីបន្ថែមថា៖ «នារដូវរំហើយខែមករានិងកុម្ភៈមានទេសចរជាច្រើនបានមកទស្សនាទីនេះបន្ទាប់ពីពួកគេទៅទស្សនាប្រាសាទបុរាណនានាក្នុងខេត្តសៀមរាបព្រោះពួកគេចង់ឃើញពីជីវភាពរបស់ប្រជាជនខ្មែរនៅទីនេះ»។
អ្នកស្រីថាភ្ញៀវអាចទទួលបាននូវចំណេះដឹងផ្នែកវប្បធម៌ចម្រុះសម្រស់ធម្មជាតិជុំវិញភូមិឋាននិងភ្លក្សអាហាររបស់ប្រជាជនខ្មែរផងដែរ។
អ្នកស្រីបានបន្តថាផ្ទះពួកយើងមិនមានបណ្តាញភ្លើងអគ្គិសនីឡើយដោយសារអាជ្ញាធរបានសង់ប្រព័ន្ធចរន្តថាមពលពន្លឺព្រះអាទិត្យ។ តែក្រុមទេសចរនៅតែមានការពេញចិត្តដដែលជាមួយនឹងការស្នាក់នៅផ្ទះរបស់ពួកយើងព្រោះវាជាទេសភាពមានដើមឈើបន្លែបង្ការ និងផ្កាលាយឡំគ្នានឹងមានអាកាសធាតុត្រជាក់ស្រួលនាពេលរាត្រី។
អ្នកស្រីថា៖ «ពួកយើងស្វាគមន៍ភ្ញៀវទេសចរមកស្នាក់នៅទីនេះ ជាមួយនឹងតម្លៃ៨ដុល្លារក្នុងមួយយប់»។
គម្រោងភូមិអេកូទេសចរណ៍រុនតាឯកនឹងត្រូវពង្រីកលើផ្ទៃដី១០១២ហិកតាដោយអាជ្ញាធរអប្សរា។ បច្ចុប្បន្នមានផ្ទះចំនួន៩៦ខ្នងសង់ពីឈើដំបូលក្បឿងបែបខ្មែរ តែមានតែ៤១គ្រួសារប៉ុណ្ណោះដែលរស់នៅក្នុងភូមិជាអចិន្រៃ្តយ៍។
លោកនេប ម៉ាលីលបម្រើការងារជាអ្នកប្រឹក្សាកសិកម្មបាននិយាយថាភូមិនេះមានទីតាំងល្អនិងជាកន្លែងទាក់ទាញទេសចរមកទស្សនាច្រើនគួរសម។
លោកឲ្យដឹងទៀតថា៖ «ភូមិនេះមានលក្ខណៈល្អច្រើនសម្រាប់ទេសភាពជនបទហើយក្រុមភ្ញៀវទេសចរអាចសិក្សាស្វែងយល់ពីជីវភាពរបស់អ្នកភូមិបានផងដែរក្រៅពីការទស្សនាសំណង់ប្រាសាទបុរាណ។ យើងក៏មានរៀបចំបម្រើសេវាកម្មម្ហូបអាហារខ្មែរនិងកន្លែងស្នាក់នៅដោយប្រើកន្ទេលទៀតផង»។
លោកបន្ថែមថាគេបានជ្រើសរើសគ្រួសារអ្នកភូមិគំរូដែលមានទឹកចិត្តស្រឡាញ់បរិស្ថានធម្មជាតិបៃតង។ ក្រុមអាជ្ញាធរក៏លើកទឹកចិត្តប្រជាជនក្មេងៗនិងក្រុមគ្រួសារថ្មីៗឲ្យទៅរស់នៅក្នុងភូមិឋាននោះស្ម័គ្រចិត្តផងដែរ។
លោកនេបម៉ាលីសថា៖«អ្នកភូមិភាគច្រើនមកទីនេះមិនមានរបរអ្វីទេ។ ដូច្នេះខ្ញុំបានបង្ហាត់បង្រៀនពួកគាត់ឲ្យចេះដឹងពីរបៀបដាំដុះចិញ្ចឹមសត្វពាហនៈនានានិងត្រីជាដើម។ ពួកគាត់កំពុងតែមានការពេញចិត្តនឹងជីវភាពបែបនេះណាស់»។
បើទោះជាលោកនេប ម៉ាលីស មិនទាន់បញ្ជាក់ពីគម្រោងបង្កើតផ្សារនៅទីនោះក្ដីប៉ុន្តែលោក ថានឹងមានការសង់មន្ទីរពេទ្យនិងសាលារៀនក្នុងភូមិឋាន។
លោកង៉ូវសេងកាក់នាយកមន្ទីរទេសចរណ៍ខេត្តសៀមរាបបាននិយាយថាភូមិនេះមានសារសំខាន់ណាស់ក្នុងការជួយទាក់ទាញបន្ថែមផ្នែកវិស័យទេសចរណ៍របស់ខេត្តសៀមរាប។
លោកបាននិយាយថា៖ «យើងមានបំណងចង់បំផុសអារម្មណ៍នឹងអេកូទេសចរណ៍ឲ្យបានច្រើនពីសំណាក់ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប»។
ភូមិអេកូទេសចរណ៍រុនតាឯកនេះស្ថិតនៅក្នុងភូមិតានីឃុំរុនតាឯកស្រុកបន្ទាយស្រីក្បែរនឹងសំណង់ប្រាសាទភ្នំបូកនិងមានចម្ងាយ៣៦គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប៕ PR
please contact me by my phone too
This development project where money is going to? You know? Ask DPM Sok?
money in your pocket , stupid !