មន្ត្រី​រដ្ឋា​ភិ​បាល​ និង​អង្គ​ការ​សហ​ប្រជា​ជាតិ​ ចេញ​ដំណើរ​ ទៅ​បណ្តា​ប្រទេស​សមា​ជិក​អាស៊ាន​ដើម្បី​រ៉ៃ​អង្គាស​ថវិកា​ ជួយ​សាលា​ក្តី​ខ្មែរ​ក្រហម​

ថ្ងៃ អង្គារ 20 សីហា 2013
ដោយ លី ម៉េងហួរ
RFI

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​តំណាង​អង្គការសហប្រជាជាតិ បានធ្វើ​ដំណើរ​រួមគ្នា កាលពី​ថ្ងៃអាទិត្យ ទី១៨សីហា​ម្សិលមិញ ទៅ​រ៉ៃ​អង្គាស​ថវិកា នៅតាម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន សម្រាប់​ជួយ​ដល់​ដំណើរការ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម។ សាលាក្តី​ចម្រុះ ពេលនេះ កំពុង​ជួប​វិបត្តិ​ថវិកា។

ដំណើរការកាត់ក្ដីក្នុងសាលាក្ដីខ្មែរក្រហម (ECCC)

សេចក្ដីរាយការណ៍ដោយ លី ម៉េងហួរ

(02:13)

ការសម្រេច​រ៉ៃ​អង្គាស​ថវិកា ដើម្បី​ជួយ​ដល់​ដំណើរការ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម ត្រូវបាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​តំណាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​លោក ដេវីត ស្វិ​ហ្វ​ហ្វ័​រ ( David Scheffer ) អ្នកជំនាញ​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ការងារ​សាលាក្តី​ខ្មែរក្រហម កាលពី​ព្រឹក​ថ្ងៃទី១៦សីហា។
 
កាលពី​ថ្ងៃអាទិត្យ ទី១៨សីហា លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​តំណាង​អង្គការសហប្រជាជាតិ លោក David Scheffer បានចេញ​ដំណើរ​ពី​ភ្នំពេញ ដើម្បី​ស្វែងរក​ថវិកា​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដែល​កម្ពុជា ជា​សមាជិក​មួយ​ដែរ។ មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​អង្គការសហប្រជាជាតិ ត្រូវ​ឆ្ពោះទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ ប្រទេស​សឹង្ហ​បូរី ប្រុយ​ណេ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។ នេះ​បើតាម​លោក ឯក ថា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី។
 
ការ​បង្វែ​ទិសដៅ​ស្វែងរក​ថវិកា​ពី​ដៃគូ​ប្រទេស ក្នុង​ប្លុក​អាស៊ាន​ទាំង១០ ត្រូវបាន​លោក ឯក​ថា បញ្ជាក់ថា បណ្តា​ប្រទេស​សមាជិក​អាស៊ាន មាន​សារៈសំខាន់​ក្នុងការ​រួមចំណែក​ជួយ​ដល់​ការកាត់ទោស​អតីត​មេ​ខ្មែរក្រហម ដែល​ទាក់ទង​នឹង​ការការពារ​សិទ្ធិមនុស្ស និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ក្នុង​តំបន់​អាស៊ាន។
 
សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ត្រូវបាន​បង្កើតឡើង​រួមគ្នា ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា កាលពី​ឆ្នាំ២០០។ គិត​មកដល់​ឆ្នាំ២០១២ សាលាក្តី​ចម្រុះ បាន​ចំណាយ​ថវិកា​សរុប ១៧៣,៣ លាន​ដុល្លារ។ ក្នុងនោះ ភាគី​ជាតិ ចំណាយ ៤២,១ លាន​ដុល្លារ និង​អន្តរជាតិ​ចំណាយ​អស់ ១៣១,២ លាន​ដុល្លារ។
 
សម្រាប់​ឆ្នាំ២០១៣ សាលាក្តី ត្រូវការ​ថវិកា​សរុប​ចំនួន ៣៥,៤ លាន​ដុល្លារ ដែល​ភាគី​ជាតិ ត្រូវការ ៩,៤ លាន​ដុល្លារ និង​អន្តរជាតិ ត្រូវការ ២៦ លាន​ដុល្លារ។
 
យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ២០១៣នេះ ភាគី​កម្ពុជា ជួបនឹង​វិបត្តិ​ថវិកា ចាប់តាំងពី​ខែមិថុនា ដោយ​បុគ្គលិក​ជាតិប្រមាណ ២៥០ រូប មិន​បានទទួល​ប្រាក់ខែ​ឡើយ។
 
តាម​អ្នកនាំពាក្យ ភាគី​កម្ពុជា នៅ​ខ្វះ​ថវិកា​ប្រមាណ ៣ លាន​ដុល្លារ។ រីឯ​ភាគី​អន្តរជាតិ មាន​ថវិកា​ដំណើរការ​រហូត​ដល់​ខែតុលា។


សាលាក្តី​ខ្មែរក្រហម សព្វថ្ងៃ កំពុងដំណើរការ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម ក្នុង​សំណុំរឿង០០២ ដំណាក់កាល​ទី១ ដែលមាន​លោក នួន​ជា និង​លោក ខៀវ​សំផន។ សំណុំ​រឿ​ក្តី​នោះ គ្រោង​នឹង​បិទ​បើកសវនាការ ដោយ​ការសន្និដ្ឋាន​ចុងក្រោយ ចាប់ពី​ថ្ងៃទី៩តុលា។ រីឯ​សាលក្រម អាច​នឹង​ប្រកាស​នៅ​ដើមឆ្នាំ២០១៤៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles