ក្រោយពេលបោះឆ្នោតបានបញ្ចប់ សកម្មភាពនៃការចល័តទ័ពកាន់តែមានសភាពកើនឡើងជាលំដាប់។ មិនត្រឹមតែសកម្មភាពចល័តទ័ពធម្មតានោះទេ ប៉ុន្តែមានទាំងការចល័តរថពាសដែកជាច្រើនគ្រឿង និងការធ្វើលំហាត់យោធាទៀតផង។ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានសកម្មភាពហ្វឹកហ្វឺនរបស់កងកម្លាំងរាជអាវុធហត្ថជាច្រើនរយនាក់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមទប់ទល់នឹងការធ្វើបាតុកម្មរបស់ប្រជាជន។
ដោយ សូត សុខប្រាថ្នា
2013-08-20
RFA
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញសកម្មភាពរបស់កងកម្លាំងរាជអាវុធហត្ថ ប៉ូលិស ទាហាន ដែលមានសកម្មភាពស្ទើរគ្រប់ទីកន្លែង ពិសេសនៅក្នុងរាជធានីភ្នំពេញ។ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងសម្រាប់លេងកីឡា កន្លែងហាត់ប្រាណនោះ បានប្រែក្លាយជាកន្លែងសម្រាប់កងរាជអាវុធហត្ថធ្វើការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនជាមុនសម្រាប់ទប់ទល់នឹងការធ្វើបាតុកម្មរបស់ប្រជាជន ក្នុងករណីតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតនាពេលកន្លងទៅ។
នៅក្នុងសកម្មភាពនៃការហ្វឹកហាត់នោះ មានការបែងចែកជាពីរក្រុម។ កងកម្លាំងរាជអាវុធហត្ថមួយក្រុម ដើរតួជាអ្នកទប់ទល់ ដែលប្រដាប់ទៅដោយខែល និងដំបងឆក់ ហើយមួយក្រុមទៀត ដើរតួជាក្រុមបាតុករ ដែលមានដបទឹកសុទ្ធជាដើម។
សកម្មភាពហ្វឹកហាត់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្នុងការហ្វឹកហ្វឺនរបស់មន្ត្រីនគរបាលក្តី កងរាជអាវុធហត្ថ ទាហានក្តី គឺមានជាប្រចាំ មិនមែនទើបតែនឹងមានក្រោយពេលបោះឆ្នោតនោះទេ ពីព្រោះការងារនេះជាតួនាទីរបស់មន្ត្រីនៅក្នុងជួរកងប្រដាប់អាវុធ។ លោកបញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីកងប្រដាប់អាវុធ គឺមានតួនាទីថែរក្សាសណ្ដាប់ធ្នាប់នៅក្នុងសង្គម ឱ្យប្រកបទៅដោយសន្តិសុខ ពិសេសសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោក ខៀវ សុភ័គ៖ «ខ្ញុំគិតថា បាតុកម្មដោយសន្តិវិធី ដែលអនុវត្តតាមច្បាប់នោះ គឺជារឿងធម្មតាទេ វាអត់មានអីទេ ការធ្វើបាតុកម្មដោយសន្តិវិធីដែលមានច្បាប់ យើងការពារសន្តិសុខយើង។ ក៏ប៉ុន្តែ កុំឱ្យហួសពីព្រំដែននៃបាតុកម្មដោយសន្តិវិធី ដែលចែងដោយច្បាប់»។
ស្របគ្នានេះដែរ អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក ខេង ទីតូ ក៏បានឱ្យដឹងដែរថា វាជារឿងចាំបាច់ណាស់សម្រាប់កងកម្លាំងរាជអាវុធហត្ថ គឺមានសិទ្ធិគ្រប់គ្រាន់ដើម្បីប្រមូលកងកម្លាំងរបស់ខ្លួន ក្នុងការហ្វឹកហ្វឺនជាមុន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ទប់ទល់ទៅនឹងសកម្មភាពបាតុកម្មទាំងឡាយណាដែលឈានទៅរកការប្រើប្រាស់អំពើហិង្សា។
លោក ខេង ទីតូ៖ «ក្រោយពីការបោះឆ្នោតទៅ សភាពការណ៍នយោបាយមួយដែលទាមទារឱ្យយើងត្រូវតែប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថានភាពនៅក្នុងប្រទេសឱ្យមានស្ថិរភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម កុំឱ្យវាមានអំពើហិង្សា ឬក៏ចលាចលណាមួយកើតឡើង ដោយយើង បើសិនជាយើងមិនបានត្រៀមទុកជាមុនទេ វានឹងនាំឱ្យមានមហន្តរាយ ឬក៏មានជនរងគ្រោះ។ អីចឹងហើយ ទាមទារឱ្យយើងត្រូវតែប្រមូលផ្តុំកម្លាំងធ្វើការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពរបស់កម្លាំងសមត្ថកិច្ចយើងឡើងវិញ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសកម្មភាពហ្វឹកហាត់របស់កងកម្លាំងប្រដាប់អាវុធនៅពេលនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានបញ្ជាក់ថា វាជារឿងមិនចាំបាច់នោះទេ ក្នុងការបង្អួតកម្លាំងទាហាន ប៉ូលិស នគរបាល ដើម្បីបំភិតបំភ័យប្រជាជន។ លោកបន្តថា ការធ្វើបាតុកម្មរបស់ប្រជាជន ជាការធ្វើឡើងដើម្បីស្វែងរកយុត្តិធម៌ ហើយគឺធ្វើឡើងដោយអហិង្សា មិនមែនហិង្សានោះទេ។
លោក យឹម សុវណ្ណ៖ «ប្រជាពលរដ្ឋទាមទារយុត្តិធម៌តែប៉ុណ្ណឹងទេ ទាមទារការរស់នៅដោយយុត្តិធម៌ ការបែងចែកផលប្រយោជន៍សេដ្ឋកិច្ចដោយសមធម៌ ការបោះឆ្នោតឱ្យបានត្រឹមត្រូវ ឱ្យមានយុត្តិធម៌ ហើយអ្នកជាប់ក៏ជាប់ដោយកិត្តិយស ហើយអ្នកចាញ់ក៏ចាញ់ដោយអស់ចិត្ត។ មិនមែនប្រើប្រាស់ឧបករណ៍របស់ខ្លួនលួចបន្លំសន្លឹកឆ្នោត ដល់ពេលគេក្រោកឡើងទាមទារ ប្រើកងកម្លាំងប្រដាប់អាវុធគាបសង្កត់ ឬបង្ក្រាបទៅលើគេនោះ រឿងនេះគឺមិនអាចកើតមានឡើងនៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ»។
លោកបន្ថែមទៀតថា ការយកកងកម្លាំងប្រដាប់អាវុធមកប្រើ ដើម្បីសម្លាប់ឆន្ទៈរបស់ប្រជាពលរដ្ឋពេលនេះ លែងមានប្រសិទ្ធភាពទៀតហើយ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់បក្សប្រឆាំង អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ជាសិទ្ធិសម្រេចរបស់រាល់បក្សនយោបាយផ្សេងៗ ក្នុងការបញ្ចេញនូវមតិរបស់ខ្លួន ក៏ប៉ុន្តែ រាជរដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាសណ្ដាប់ធ្នាប់របស់សង្គមទាំងមូល មិនឱ្យឈានទៅដល់សកម្មភាពអសន្តិសុខណាមួយជាយថាហេតុ។
ទោះយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ ក៏បានសង្ឃឹមដែរថា ប្រទេសកម្ពុជា នៅតែអាចថែរក្សាសុខសន្តិភាពជារៀងរហូត ពីព្រោះកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ វាក៏ជាកត្តាយ៉ាងសំខាន់ដើម្បីឈានទៅរកការរីកចម្រើននៃប្រទេសជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការសម្រេចដោះលែងយុវជនជាប់ចោទ៤នាក់
- មន្ត្រីបក្សប្រជាជនអរគុណអាស៊ីសេរីផ្សាយបកស្រាយការកាត់តខ្សែអាត់សំឡេង
- ខ្មែរនៅបរទេសធ្វើបាតុកម្មសុំឲ្យអ.ស.បអន្តរាគមន៍បញ្ហាមិនប្រក្រតីនៃលទ្ធផលឆ្នោត
- អ្នកគាំទ្របក្សសង្គ្រោះជាតិត្រៀមចូលរួមធ្វើមហាបាតុកម្មអហិង្សា
- លោក កឹម សុខា ព្រមានបក្សប្រជាជនរឿងប្រើកម្លាំងយោធាប្រឆាំងបាតុករ
- តុលាការពិចារណាដោះលែងយុវជនជាប់ចោទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- តូបអាជីវករសកម្មជនបក្សសង្គ្រោះជាតិខេត្តកណ្ដាលត្រូវគេលួចដុត
- តើលោក ហ៊ុន សែន ពិតជានិយាយថាបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតមែនឬ?
- ប្រធានគណបក្សខ្មែរឈប់ក្រព្រមានបក្សជាប់ឆ្នោតពីអស្ថិរភាពនយោបាយ
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!
ជ័យយោយុត្តិធម៌!