មាស សុខសោភា អរគុណ​ម្ចាស់ស្នេហ៍​ផ្តល់​កម្លាំង​ចិត្ត

Tuesday, 20 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

130820_28a

តារា​ចម្រៀង មាស សុខ​សោភា លើ​ក​ពាន​​​អាណា​ចក្រ​តារា​​​។ រូបថត ហុង មិនា

ភ្នំពេញៈ នៅ​មុខ​មហាជន និង​អ្នក​សិល្បៈ​ប្រុសស្រី​ចាស់ក្មេង​យ៉ាង​ច្រើន​កុះករ​នោះ​នា​ឱកាស​ឡើង​ទទួល ​«​ពាន​អាណាចក្រតារា​ឆ្នាំ​២០១៣​» តារាចម្រៀង​ស្រី​លើក​ពាន​សំឡេង​ពីរោះ​ប្រចាំ​ឆ្នាំ មាស សុខសោភា ក្រៅពី​សម្តែង​អារម្មណ៍​រំភើប​រីករាយ​ជាមួយ​ដង្ហើម​ផុត​ៗ​ស្ទើរ​និយាយ​មិន​ចេញ​នោះ នាង​ក៏​សារភាព​ផង​ដែរ​ថា ជ័យជម្នះ​នេះ​ក៏​ជា​ចំណែក​របស់​ម្ចាស់ស្នេហ៍​នាង ព្រោះ​គាត់​បាន​ផ្តល់​កម្លាំង​ចិត្ត​រហូត​។

នៅក្នុង​រាត្រី​ដ៏​មហស្ចារ្យ​នៃ​កម្មវិធី​អាណាចក្រតារា​ឆ្នាំ​២០១៣​នៅ​សាលមហោស្រព​កោះពេជ្រ​កាលពី​រាត្រី​ថ្ងៃ​ទី​១៥​ខែ​សីហា គេ​ឃើញ​ថា សិល្បករ​ប្រុសស្រី​ហាក់​មាន​អារម្មណ៍​សប្បាយ​រីករាយ​មិន​ថា​តែ​តារា​ដែល​ទទួល​បាន​ពាន​នោះ​ទេ សូម្បី​តារា​មិន​ទទួល​បាន​ពាន​នោះ ពួកគេ​ក៏​សម្តែង​នូវ​អារម្មណ៍​សប្បាយ​ណាស់​ដែរ​។ អ្វី​ដែល​កាន់​តែ​រំភើប​គឺ​នៅ​ពេល​ដែល​គ្រប់​ម្ចាស់​ជ័យលាភី​ពាន​អាណាចក្រតារា​២០១៣​បញ្ចេញ​នូវ​ពាក្យពេចន៍​ដ៏​មានន័យ​ដែល​កន្លង​មក​មហាជន​គាំទ្រ​មិន​ធ្លាប់​បាន​ឮ និង​មិន​នឹកស្មាន​ដល់​ដែល​អ្នក​ខ្លះ​ក៏​បាន​បន្លឺ​នូវ​ពាក្យពេចន៍​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​មាន​គុណ​និង​អ្នក​ខ្លះ​អរគុណ​ដល់​មិត្តភក្តិ​និង​មេកើយ​ជាដើម​។

រីឯ​កំពូល​តារាចម្រៀង​សំឡេង​ស្រទន់​បត់បែន​បាន​គ្រប់​ទម្រង់​សិល្បៈ​មាស សុខសោភា ក៏​បាន​បង្ក​ការ​ចាប់​អារម្មណ៍​និង​ភ្ញាក់ផ្អើល​មិន​ធម្មតា​ដែរ​ខណៈ​ដែល​ទទួល​ពាន​ជ័យលាភី តារាចម្រៀង​ស្រី​សំឡេង​ពីរោះ​ប្រចាំ​ឆ្នាំ​រូប​នេះ ក្រៅពី​ថ្លែង​អំណរគុណ​ចំពោះ​អ្នកម្តាយ​បងប្រុស និង​អ្នកគាំទ្រ​នោះ នាង​ក៏​ពន្លយ​ពាក្យ​អរគុណ​ដល់​ម្ចាស់ស្នេហ៍​នាង ដែល​ខ្លួន​នាង​តែង​ព្យាយាម​បិទបាំង​ជាច្រើន​ឆ្នាំ​នោះ​។

នាង​បាន​ព្រលយ​ពាក្យ​ថា​ជោគជ័យ​លើក​នេះ​ក៏​មាន​ចំណែក​ម្ចាស់ស្នេហ៍​របស់​នាង​ដែរ ព្រោះ​គាត់​បាន​ផ្ដល់​កម្លាំង​ចិត្ត​រហូត​មក​។

យ៉ាង​ណា​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បន្ថែម​ពី​ចំណងស្នេហ៍​រាប់ឆ្នាំ​របស់​នាង​បាន​ទេ ខណៈ​លេខទូរស័ព្ទ​នាង​ម្តង​ទាក់ទង​ចូល​មិន​មាន​អ្នក​ទទួល​ហើយ​ក្រោយ​មក​ក៏​ទាក់ទង​លែង​បាន​។ ប៉ុន្តែ​នៅក្នុង​រាត្រី​នៃ​ឱកាស​ទទួល​ពាន​ពី​កម្មវិធី «​អាណាចក្រតារា​» មាស សុខសោភា​បាន​បង្ហើប​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដោយ​ពាក្យសម្តី​បែប​ចុងមាត់​ចុងក​ថា​៖ «​ការពិត​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន ប៉ុណ្ណោះ​។ ខ្ញុំ​ចង់​បង្ហាញ​ពី​ភក្ដីភាព និង​ការ​ស្រឡាញ់​ជ្រាលជ្រៅ​ចំពោះ​បុរស​ម្នាក់ ខ្ញុំ​ចង់​ឲ្យ​គេ​ដឹង​ថា ខ្ញុំ​មាន​ម្ចាស់​រួច​ហើយ មិនមែន​នៅ​តែ​ឯង​នោះ​ទេ​»។ ទោះ​យ៉ាង​ណា នាង មាស សុខសោភា ព្យាយាម​មិន​និយាយ​លម្អិត​ឬ​ប្រាប់​ពី​ឈ្មោះ​ម្ចាស់ស្នេហ៍​របស់​នាង​នោះ​ទេ​ក្នុង​ហេតុផល​ថា​៖​«​ជា​រឿង​ផ្ទាល់​ខ្លួន​រវាង​នាង និង​គាត់​ត្រូវ​លាក់ទុក​សិន​»។

ប៉ុន្តែ​នាង​បញ្ជាក់​ដែរ​ថា គាត់​ជា​អាណិកជន​ខ្មែរ​ដែល​បាន​ស្គាល់​គ្នា​អំឡុង​ឆ្នាំ​២០០៧ ខណៈ​នាង​ចេញ​ទៅ​សម្ដែង​ទី​នោះ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គាត់​រស់នៅ​ស្រុក​ខ្មែរ​ទេ​តើ​! គួរ​បញ្ជាក់​ដែរ​ថា​នេះ​ជា​លើក​ទី​១​ហើយ ដែល​មាស សុខសោភា ហ៊ាន​ទទួល​ស្គាល់​ចំណង​ស្នេហា​ជាមួយ​បុរស​ជា​អ្នក​រកស៊ី​ធម្មតា​ជា​សាធារណៈ ដោយ​បើកចំហ​បែប​នេះ​។

ការ​លេចឮ​ពី​ចំណង​ស្នេហ៍​រវាង​តារាចម្រៀង​នាង មាស សុខសោភា និង​អ្នក​ជំនួញ​អាណិកជន​នោះ​មាន​អាយុ​កាល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយ​មាន​ឪពុកម្ដាយ​ទាំង​សង​ខាង​ដឹង​ឮ​ទៀត​ផង និង​ថែម​ទាំង​ល្បី​ថា​គូស្នេហ៍​ឆ្លង​ទ្វីប​មួយ​នេះ​បាន​ទាំង​រៀបការ​ជាមួយ​គ្នា​រួចរាល់​ហើយ​ដែរ​។ តែ​កន្លង​មក​នាង​បដិសេធ​មិន​មាន​ពិធី​នោះ​ឡើយ​៕

 

What Next?

Recent Articles