រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) បញ្ជាក់ជំហរគាំទ្ររបស់ខ្លួនជាថ្មី ចំពោះសារសំខាន់ និងតម្រូវការចាំបាច់ ដើម្បីធានាឱ្យមានថវិកាគ្រប់គ្រាន់សម្រាប់សាលាក្ដីខ្មែរក្រហមដំណើរការជំនុំជម្រះសំណុំរឿង ០០២។
ដោយ ឡេង ម៉ាលី
2013-08-20
RFA
ជំហរនេះ គឺធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមមួយ បន្ទាប់ពីជំនួបពិភាក្សារវាងភាគីរាជរដ្ឋាភិបាលកម្ពុជា គឺឧបនាយករដ្ឋមន្ត្រី សុខ អាន និងអ្នកជំនាញការពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់សាលាក្ដីខ្មែរក្រហម គឺលោក ដេវីដ សេហ្វើរ (Dvid Scheffer) កាលពីពេលថ្មីៗ នេះ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងថា ភាគីទាំងពីរកំពុងកៀរគរសហគមន៍អន្តរជាតិឱ្យជួយផ្ដល់ថវិកាដល់សាលាក្ដីខ្មែរក្រហម ដែលជាបញ្ហាកំពុងជួបប្រទះធ្ងន់ធ្ងរ ដោយមិនមានថវិកាបើកប្រាក់ខែឱ្យបុគ្គលិកភាគីខ្មែរ។ លោកសង្ឃឹមលើកិច្ចខិតខំរបស់ភាគីទាំងពីរ។
លោក នេត្រ ភក្ត្រា៖ «ពីព្រោះយើងឈានដល់ដំណាក់កាលដ៏សំខាន់មួយ ដែលឈានទៅដល់ការបិទបញ្ចប់នូវការជំនុំជម្រះសំណុំរឿង ០០២/១ ដែលយើងរំពឹងថា នឹងមានសាលក្រមមួយនៅចុងឆ្នាំ២០១៤ ខាងមុខ។ ដូច្នេះការជួបប្រទះបញ្ហាថវិកា ការដែលមន្ត្រីបុគ្គលិកមិនទទួលប្រាក់បៀវត្សរ៍ វាអាចជាឧបសគ្គនៅក្នុងការពន្យារនីតិវិធី ដែលធ្វើឲ្យគម្រោងផែនការនៃការបញ្ចប់ការជំនុំជម្រះក្ដី ក៏ដូចជាផ្ដល់នូវសាលក្រមមួយជូនដល់ប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះអាចនឹងត្រូវពន្យារពេល មិនដូចអ្វីដែលគ្រោងទឹក…»។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ថវិកាសម្រាប់ដំណើរការនៅក្នុងឆ្នាំ២០១៣ នេះ ភាគីកម្ពុជា នៅខ្វះថវិកាចំនួន ៣លានដុល្លារទៀត។ រីឯភាគីអន្តរជាតិនៅមានថវិកាអាចដំណើរការបានរហូតដល់ខែតុលា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អគ្គទេសាភិបាលប្រទេសណូវែលហ្សេឡង់ដ៍ទស្សនកិច្ចគុកទួលស្លែង
- សង្ខេបព្រឹត្តិការណ៍ប្រចាំសប្ដាហ៍នៅសាលាក្ដីខ្មែរក្រហម
- សាលាក្ដីខ្មែរក្រហមបដិសេធសំណើសុំរបស់ភាគីក្នុងសំណុំរឿង០០២/០១
- សង្ខេបព្រឹត្តិការណ៍ប្រចាំសប្ដាហ៍សាលាក្ដីខ្មែរក្រហម
- ជនជាប់ចោទ នួន ជា៖ សាលាក្ដីខ្មែរក្រហមមិនយុត្តិធម៌
- CCHR ក្រើនរំឭករដ្ឋាភិបាលឲ្យគោរពឯករាជភាពតុលាការខ្មែរក្រហម
- សហព្រះរាជអាជ្ញាសាលាក្ដីខ្មែរក្រហមជំទាស់សំណើសុំដាក់ភស្តុតាងថ្មី
- មេធាវីអះអាងថាមានភស្តុតាងថ្មីដោះបន្ទុកជនជាប់ចោទ នួន ជា
- ជនជាប់ចោទ នួន ជា ច្រានចោលឯកសារគន្លឹះរបស់សហព្រះរាជអាជ្ញា