ទូច ស៊ុន​និច នៅតែ​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​

ដោយ៖​ លោក ឡាយ សាមាន និង ស៊ុន ណារិន​
ថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2013
http://vodhotnews.com

touch-soneach-head-2013-08-21

​អតីត​តារា​ចម្រៀង​ខ្មែរ កញ្ញា ទូច ស៊ុន​និច នៅតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយពី​ការបាញ់ប្រហារ​កាលពី​ឆ្នាំ​២០០៣ បើទោះបី​កញ្ញា​កំពុង​រស់​នៅ​សហរដ្ឋអាមេរិក ទាំង​​ខ្លួន​​មាន​​ជំងឺ​​រ៉ាំរ៉ៃ​។​

​កញ្ញា ទូច ស៊ុន​និច អាយុ​៣៣​ឆ្នាំ ត្រូវបាន​បាញ់​ប្រហារ ដោយ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០០៣ ខណៈពេល​ដែល​នាង និង​​ម្តាយ បាន​ដើរ​ច​ញ​ពី​ហាង​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​នៅក្បែរ​មន្ទីរពេទ្យ វិសាល​សុខ ជិត​ផ្សារ​ដើមគ ។​

​ក្រោយ​ការបាញ់ប្រហារ កញ្ញា ទូច ស៊ុន​និច​ នៅតែ​មាន​ជំងឺ​រ៉ាំ​​រៃ រហូត​​កម្រើក​​លែង​​បាន​​ដោយ​ភាព​ឈឺ​ចុកចាប់​ត្រង់​មុខរបួស ហើយ​ប្រើ​ម៉ាស៊ីន​ជួយ​ដក​ដង្ហើម និង​​ហូប​អាហារ​ដោយ​ប្រើ​ទុយោ​។

​កាលពី​ពីរ​ខែ​មុន​នេះ ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក សុះ ម៉ាច បាន​ចុះ​សួរសុខទុក្ខ កញ្ញា ទូច ស៊ុន​និច នៅ​សហរដ្ឋអាមេរិក ក្នុង​ទីក្រុង Sacramento ។ លោក​បាន​ប្រាប់ VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា បើទោះជា កញ្ញា ទូច ស៊ុន​និច កំពុង​ស្នាក់នៅ​សហរដ្ឋ​អាមេរិក​ក៏​ដោយ ប៉ុន្តែ​​ក្រុមគ្រួសារ​របស់​នាង​​នៅតែ​មាន​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព ហើយ​មាន​ការតឹងតែង​បំផុត​​សម្រាប់​អ្នក​ទៅ​សួរសុខទុក្ខ លើក​លែង​​​តែ​​គេ​ស្គាល់​ច្បាស់ និង​មាន​ភាព​ស្និទ្ធ​ស្នាល​​ជាមួយ​​នាង ទើប​ត្រូវ​បាន​​អនុញ្ញាត​ឲ្​យចូល​។​

​លោក សុះ ម៉ាច បន្ថែមថា​៖«​ឥឡូវនេះ ទូច ស៊ុន​និច អាច​និយាយ​បាន ស្តាប់​បាន ប៉ុន្តែ​កម្រើក​មិនបាន ហើយ​រង់ចាំ​ថ្នាំ​ម្យ៉ាង ដើម្បី​ជួយសង្គ្រោះ​នាង​»

​កញ្ញា ទូច ស៊ុន​និច ជា​តារា​ចម្រៀង​មាន​ទឹកដម​​សំឡេង​​​ពិរោះ កាយវិការ​​ទន់​ភ្លន់ និង​ជា​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​។ កញ្ញា ធ្លាប់​គ្រង​តំណែង​​កំពូល​តារាចម្រៀង​ក្នុង​អំឡុង​ឆ្នាំ​២០០០​។​បន្ទាប់​ពី​ការបាញ់ប្រហារ កញ្ញា ទូច ស៊ុន​និច ក៏​បាន​ទទួល​សិទិ្ធ​ស្នាក់​នៅ​សហរដ្ឋអាមេរិក​ពី​អង្គ​ការ​សិទិ្ធម​នុស្ស​​អ​ន្ត​រ​​ជាតិ UNHCR ក្នុងនាម​ជា​ជនជាតិ​ភៀសខ្លួន​។​

​តារា​ចម្រៀង​ដែល​រង​ការបាញ់ប្រហារ​ដោយ​គ្រាប់កាំភ្លើង មានដូចជា ពិសិដ្ឋ ពី​លិកា ត្រូវបាន​បាញ់សម្លាប់ កាលពី​ខែ​កក្កដា ឆ្នាំ​១៩៩៩ និង​អតីត​តារា​ចម្រៀង កញ្ញា ពៅ ​បញ្ញា​​ពេជ្រ ត្រូវបាន​បាញ់ប្រហារ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ នៅ​មុខ​សាលា​​ភាសា​បរទេស​មួយ ក្បែរ​របង​ក្រសួង​ឧស្សាហ​កម្ម​​រ៉ែ និង​​ថាមពល​៕

​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ​laysamean168@yahoo.com

 

What Next?

Recent Articles