ដោយ៖ សុទ្ធ គឹមសឿន និងស៊ុន ណារិន
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
អតីតពិធីការិនីប្រចាំនៅស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី នៅថ្ងៃសុក្រនេះ បានបដិសេធថា នាងកំពុងសាងសង់សណ្ឋាគារដ៏ប្រណិតមួយកន្លែងនៅទឹកដីខេត្តក្រចេះ ដូចការលើកឡើងរបស់សារព័ត៌មានក្នុងស្រុកឡើយ។ សារព័ត៌មានក្នុងស្រុក ចុះផ្សាយថា អ្នកនាង សុខ សោម៉ាវត្តី បានចំណាយទុនសង់សណ្ឋាគារមួយ នៅខេត្តក្រចេះ ដែលមានតម្លៃ១លានដុល្លារសហរដ្ឋអាមេរិក។
អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់VODថា៖«ពិតជាមានការសាងសង់សណ្ឋាគារមួយដ៍ប្រណិតនៅខេត្ត ក្រចេះមែន ប៉ុន្តែសណ្ឋាគារនោះ ជារបស់ឪពុកមា្ដយក្មេកខ្ញុំ សណ្ឋាគារនោះ សាងសង់បាន ៥០ ភាគរយហើយ ដោយគ្រោងនឹងបើកដំណើរការពីរ ឬបីខែចុងក្រោយនេះ»។
សុខ សោម៉ាវត្តី ដែលរស់នៅក្នុងត្រកូលអ្នកសិស្បៈ បានក្លាយខ្លួនជាសមាជិកគ្រួសារពេញសិទ្ធិក្នុងត្រកូលលោក ទូច ណារ៉ុថ បន្ទាប់ពីបានរៀបការយ៉ាងអធិកអធម កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១២ ជាមួយ លោក ទូច ដាណារ៉ា ហៅពេជ្រ ត្រូវជាកូនប្រុសបង្កើតរបស់លោក ទូច ណារ៉ុថ អតីតស្នងការរាជធានីភ្នំពេញ។

(អ្នកនាង សុខ សោម៉ាវត្តី និងក្រុមគ្រួសារសាច់ថ្លៃ)
ទាក់ទងនឹងជីវិតសិល្បៈវិញ អ្នកនាង សុខ សោម៉ាវត្តី បានបញ្ជាក់ប្រាប់ថា នាងមិនបានបោះបង់ចោលការងារសិល្បៈ ហើយចេញទៅរកស៊ី ឬបើកភាគហ៊ុនអ្វីផ្សេងទេ។ នាង បានសម្រាកពីសិល្បៈមួយរយៈ ដោយសារតែនាង សម្រាលកូនស្រី តែពីរខែទៀត នាងចូលបំពេញការងាររបស់នាងទៅតាមតួនាទីជាពិធីការិនីវិញហើយ។
ក្រោយពីរៀបការរួច គេបានដឹងថា សុខ សោម៉ាវត្តី បានទទួលកាដូផ្ទះវីឡាមួយដែលមានតម្លៃប្រមាណ ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលមានទីតាំងមិនឆ្ងាយពីផ្ទះឪពុកម្ដាយក្មេករបស់នាងឡើយ រួមទាំងរថយន្ដស៊េរីថ្មីទំនើបម៉ាក Range Rover ពណ៌សមួយគ្រឿងទៀតផង។ នៅពេលនេះ គេបានដឹងថាចំណងស្នេហ៍របស់នាងកាន់តែរឹងមាំ នៅពេលដែលនាងបានសម្រាលបានកូនស្រីមួយ ឈ្មោះ រ៉ុថ រ៉ាសោម៉ារី ហៅក្រៅថា ចាស្មីន(Jasmine) ដែលនៅពេលនេះទើបតែមានអាយុ ៤ខែប៉ុណ្ណោះ៕
សរសេរមកកាន់ លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

បានលុយពីណាច្រើនម្លេះអាតោហ៊ា..។