Friday, 13 September 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ក្រចេះ:ក្រោយទទួលបានកាដូផ្ទះវីឡាតម្លៃប្រហែល២០ម៉ឺនដុល្លារ និងរថយន្តម៉ាកទំនើបមួយគ្រឿងពីឪពុកនិងម្តាយក្មេកនោះ នៅពេលនេះគេបានដឹងថា អតីតពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ននាង សុខ សោម៉ាវត្តី បានសំងំសាងសង់សណ្ឋាគារដ៏ប្រណីតមួយកន្លែងលើទឹកដីភាគឦសានប្រទេស ដែលការបោះទុននោះត្រូវបានគេដឹងថា បានចំណាយទុនអស់ប្រមាណជាង១លានដុល្លារ។
នាង សុខ សោម៉ាវត្តី ដែលស្ថិតនៅក្នុងត្រកូលអ្នកសិល្បៈបានភ្ជាប់ពាក្យយ៉ាងស្ងប់ស្ងាត់កាលពីព្រឹកថ្ងៃទី៣១ តុលាឆ្នាំ២០១២ ជាមួយនឹងលោក ទូច ដាណារ៉ា ហៅពេជ្រ ត្រូវជាកូនប្រុសបង្កើតរបស់លោក ទូច ណារ៉ុថ អតីតស្នងការរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងត្រកូលមន្ត្រីរាជការជាន់ខ្ពស់ មានទាំងលុយ និងអំណាច ហើយនាងក៏បានបញ្ច្រៀតខ្លួនក្លាយជាសមាជិកពេញសិទ្ធិក្នុង ត្រកូលលោក ទូច ណារ៉ុថ ក្រោយរៀបការយ៉ាងអធិកអធមកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនៅឯគេហដ្ឋានលោកទូច ណារ៉ុថ និងទទួលភ្ញៀវនៅកោះពេជ្រនោះ។
គួរបញ្ជាក់ថា ចំណងស្នេហ៍ដែលមិនអាចកាត់ផ្តាច់បានរវាងពិធីការិនី និងជាតារាសម្តែងក្រមិចក្រមើមនាង សុខ សោម៉ាវត្តី និងលោកទូច ដាណារ៉ា ដែលជាកូនអតីតស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ បានសាងស្នេហ៍មិនតិចឆ្នាំទេ ទម្រាំតែពន្លឺស្នេហ៍របស់ពួកគេបានរសាត់អណ្តែតមកទើរលើចំណងអាពាហ៍ពិពាហ៍ដែលជាការទទួលស្គាល់ និងផ្តួចផ្តើមឲ្យមានការរៀបចំមង្គលការនេះឡើងរបស់ឪពុកម្តាយទាំងសងខាង។ មង្គលការតារាល្បី និងកូនមន្ត្រីពាក់ផ្កាយ៣បែបនេះ បានប្រព្រឹត្តទៅដោយមានភ្ញៀវកិត្តិយសមានកេរ្តិ៍ឈ្មោះជាមន្ត្រីនិងតារាចម្រៀង សម្តែងកំប្លែង ប្រមាណជា២០០តុ ដោយរៀបចំពិសាភោជនាហារចំនួន៣អគារជាប់គ្នានៅកោះពេជ្រ ហើយក្នុងនោះគេឃើញមានវត្តមានមនុស្សមានឥទ្ធិពល និងមានអំណាចមួយចំនួនធំចូលរួមផងដែរ ដូចជាលោកស្រី ម៉ែន សំអន លោក គន់ គីម និងលោកស្រី ហ៊ុន ម៉ាណា បានចូលរួមផ្តល់កិត្តិយសផងដែរ។
ក្រោយរៀបការ គេបានដឹងថា សុខ សោម៉ាវត្តី បានទទួលកាដូផ្ទះវីឡាតម្លៃប្រមាណ២០ម៉ឺនដុល្លារដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះឪពុក និងម្តាយក្មេកនាងឡើយ រួមនឹងរថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌សមួយគ្រឿងទៀតផង។ នៅពេលនេះ គេបានដឹងថា ចំណងស្នេហ៍របស់នាងកាន់តែរឹងមាំនៅពេលដែលនាងប្រសូតបានកូនស្រីគួរស្រឡាញ់ម្នាក់ឈ្មោះ រ៉ុថ រ៉ាសោម៉ារីហៅក្រៅថា ចាស្មីន (Jasmine) ដែលនៅពេលនេះមានអាយុ៤ខែហើយ។
ខណៈពេលដែលទស្សនិកជនកំពុងតែកោតសរសើរពីជីវិតឡើងកូដរបស់នាងដែលបានក្លាយជាកូនប្រសាស្រីមន្ត្រីមានអំណាច មិនខ្វះលុយកាក់នោះ ស្រាប់ថ្មីៗនេះគេបានដឹងថា ឪពុកម្តាយក្មេករបស់នាងបានផ្ចុងផ្តើមផ្តល់លុយកាក់ឲ្យនាងសាងសង់សណ្ឋាគារដ៏ធំស្កឹមស្កៃមួយនៅលើទឹកដីនៃខេត្តក្រចេះ ដែលស្ថិតប្របនឹងដងទន្លេខេត្តក្រចេះតែម្តង។ សណ្ឋាគារផ្កាយ៣នោះមិនទាន់ដាក់ស្លាកយីហោនៅឡើយទេ តែគេបានដឹងថា សណ្ឋាគារមួយនេះបានសាងសង់ឡើងដោយចំណាយទុនមិនតិចជាង១លានដុល្លារនោះទេ។
ប៉ុន្តែនៅពេលផ្តល់បទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ សុខ សោម៉ាវត្តី បានបដិសេធថា មិនមែនជាកម្មសិទ្ធិរបស់នាងទេ សណ្ឋាគារនោះជាកម្មសិទ្ធិរបស់ឪពុកម្តាយក្មេករបស់នាង។ នាងនិយាយថា៖«សណ្ឋាគារនោះជារបស់ឪពុកម្តាយក្មេកខ្ញុំ មិនមែនរបស់ខ្ញុំទេ គ្រាន់តែពេលសាងសង់ហើយ គាត់ចង់ឲ្យកូនចៅជួយមើលឲ្យ អ៊ីចឹងខាងបងប្អូនថ្លៃគាត់អ្នកជួយមើល ខ្ញុំអត់ដឹងទេ ហើយខ្ញុំក៏គ្មានសមត្ថភាពគ្រប់គ្រងដែរ ព្រោះខ្ញុំអត់ដែលរៀនខាងហ្នឹងផង»។
សណ្ឋាគារនោះត្រូវបានគេឲ្យដឹងថា បានរចនាឡើងយ៉ាងប្រណីតធំជាងគេនៅខេត្តភាគឦសាន ជាមួយនឹងការរចនាម៉ូដនិងតុបតែងបិទឈើនៅខាងក្នុងស្អាតភ្លឹងជាមួយនឹងការបំពាក់នូវគ្រឿងសង្ហារិមដ៏ទំនើប។ វត្តី បានឲ្យដឹងថា៖«សណ្ឋាគារនេះ សាងសង់ប្រមាណ២ឆ្នាំហើយ អ៊ីចឹងប្រហែលជានឹងអាចរួចរាល់សម្រាប់ការដាក់សម្ពោធនៅចុងឆ្នាំនេះ ឬក៏ដើមឆ្នាំក្រោយ»។
តែយ៉ាងណាការសាងសង់សណ្ឋាគារកម្ពស់៧ជាន់ ដែលមានប្រមាណ៧០បន្ទប់នេះ មិនត្រូវបានសុខ សោម៉ាវត្តី បញ្ជាក់ពីការប្រើទុនចំណាយនោះឡើយដោយនាងបានបញ្ជាក់ថា៖«សម្រាប់រឿងទាក់ទងនឹងសណ្ឋាគារនេះ ខ្ញុំមិនសូវដឹងទេ ហើយរឿងចំណាយប៉ុន្មាននោះក៏ខ្ញុំមិនបានដឹងច្បាស់ដែរ»។
ដោយសារតែ សុខ សោម៉ាវត្តី ជាកូនប្រសាស្រីស្ថិតនៅក្នុងត្រកូលអ្នកស្តុកស្តម្ភ និងមានប្តីជាមន្ត្រីប៉ូលិសសេដ្ឋកិច្ចទៀតនោះ គេបានដឹងថា តារារូបនេះប្រាកដជាមានទុនច្រើនអាចនឹងធ្វើអាជីវកម្ម ឬក៏បើកជំនួញអ្វីមួយដោយខ្លួនឯងបាន។ ទស្សនិកជនខ្លះបានលើកឡើងថា សុខ សោម៉ាវត្តី អាចនឹងបោះទុនរកស៊ីអ្វីមួយដោយខ្លួនឯងនៅក្នុងពេលដ៏ខ្លីខាងមុខ ក្រោយពេលកូនស្រីរបស់នាងរឹងដៃជើងបន្តិច ហើយអាជីពសិល្បៈដែលជាការសន្សំប្រាក់ល្អិតអាចនឹងត្រូវបាននាងបោះបង់ចោលមិនខាន ខណៈដែលគេបានដឹងថា ប្តីរបស់នាងក៏មិនចង់ឲ្យនាងបន្តអាជីពនេះទៀតដែរ។ ប៉ុន្តែ នៅពេលសួរដល់ចំណុចនេះ សុខ សោម៉ាវត្តី បានបញ្ជាក់ថា នាងមិនទាន់បានគិតពីរឿងរកស៊ីនៅឡើយទេ តែនាងបានបញ្ជាក់យ៉ាងច្បាស់ថា នាងនឹងចូលសិល្បៈវិញនៅពេលឆាប់ៗនេះ។
តួឯកក្នុងរឿង«ភូមិខ្ញុំស្រស់ឆើតឆាយ» នាង សុខ សោម៉ាវត្តី បាននិយាយថា៖«ថ្វីបើខ្ញុំមានលទ្ធភាព តែខ្ញុំអត់ទាន់ចង់បើករកស៊ីអីនៅឡើយទេ អ្វីដែលខ្ញុំត្រៀមនោះ គឺការចូលសិល្បៈវិញនៅពេលដ៏ឆាប់ខាងមុខនេះ»។
ពាក់ព័ន្ធនឹងរឿងគ្រួសារតារារូបនេះបានបញ្ជាក់ថា៖«ខ្ញុំបានពិភាក្សាគ្នាជាមួយប្តីខ្ញុំរួចហើយ គាត់អត់ជំទាស់ទេ អ៊ីចឹងចាំកូនខ្ញុំរឹងដៃជើងបន្តិចទៀត ខ្ញុំនឹងចូលសិល្បៈវិញហើយ»។
ការវិលមកកាន់សង្វៀនសិល្បៈវិញនេះ សុខ សោម៉ាវត្តី បានឲ្យដឹងថា នាងនឹងវិលទៅទំលើទ្រនំដដែល តែនៅពេលនេះនាងមិនទាន់ច្បាស់ថា នឹងត្រូវកាន់កម្មវិធីអ្វីនោះទេ។
តារាដែលមានទ្រព្យមិនខ្វះក្រោយរៀបការ នាង សុខសោម៉ាវត្តី បាននិយាយថា៖«ខ្ញុំនឹងចូលធ្វើការនៅទូរទស្សន៍បាយ័នដដែល ហើយរឿងកម្មវិធីគឺទាល់តែពិភាក្សាជាមួយថ្នាក់ដឹកនាំសិន»៕


កុំសប្បាយនឹងទ្រព្យពេក គ្រួសារខ្លះមើលពីក្រៅហាក់មានសុភមង្គលដល់ក តែរសជាតិពិតល្វីងជូចត់ក៏មាន ។ បើទ្រព្យកើតចេញពីទេពកោសលរវាងពីរនាក់ប្តីប្រពន្ធដោយការរកស៊ីត្រឹមត្រូវពិតគួរកោតស្ញប់ស្ញែង។ ប៉ុន្តែបើត្រឹមកេរអាករម៉ែ ឪ ឬ ក៏ទ្រព្យបានមកមិនសុចរិត សូមកុំអាលអរ ។ ពេលអូននៅសាច់ខ្ចី OK ពេលអូនអាយុជ្រេ សាច់យ៉ាក Bye Bye.