ដោយ៖ ស៊ុន ណារិន
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី នឹងចាប់ផ្តើមចាប់ដៃគ្នា និងនិយាយរកគ្នា ដើម្បីរកដំណោះស្រាយលើបញ្ហាទ័លច្រក នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រនៅព្រឹកថ្ងៃសៅរ៍នេះ បើទោះថ្នាក់ដឹកនាំកំពូលទាំងពីរ ធ្លាប់មិនបានចាប់ដៃគ្នា កាលពីពេលថ្មីៗ នៅពេលព្រះមហាក្សត្រយាងមកពីក្រុងប៉េកាំងវិញ ក៏ដោយ។
ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី ចូលប្រជុំគ្នា នៅថ្ងៃទី១៤ខែកញ្ញា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ មុនការចូលប្រជុំសភាដំបូង។ ព្រះរាជសាររបស់ព្រះមហាក្សត្រ បង្ហាញថា សូមអញ្ជើញ លោក ហ៊ុន សែន និងសហការីចំនួនពីររូបទៀត និងលោក សម រង្ស៊ី ព្រមទាំងសហការីពីររូបទៀត ចូលរួមប្រជុំ ដោះស្រាយបញ្ហាប្រទេសជាតិ ក្រោមអធិបតីភាពរបស់ព្រះអង្គ នៅថ្ងៃទី១៤ខែកញ្ញា វេលាម៉ោង៩ព្រឹក នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។
លោក សម រង្ស៊ី និងលោក ហ៊ុន សែន ត្រូវបានរាយការណ៍ថា មិនបានជួបគ្នា ឬក៏មើលមុខគ្នាចំ នោះទេ ខណៈព្រះមហាក្សត្របានយាងចុះពីយន្តហោះ ចាប់ដៃរលាក់ជាដំបូងជាមួយ លោក សម រង្ស៊ី ហើយក្រោយមកចាប់ដៃជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ភាគីទាំងពីរ ក៏មិនបាននិយាយរកគ្នា បើទោះជាស្ថិតក្នុងបន្ទប់រង់ចាំVIPនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក៏ដោយ។
ភាគីទាំងពីរ បានឯកភាពក្នុងការជួបគ្នាតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបភ្លាមៗ នឹងព្រះរាជសាររបស់ព្រះមហាក្សត្រ ដោយនឹងដឹកនាំមន្ត្រីពីររូប គឺលោក ស ខេង និងលោក សាយ ឈុំ។ ចំណែក លោក សម រង្ស៊ី នឹងដឹកនាំគណៈប្រតិភូគណបក្ស រួមមាន អនុប្រធាន កឹម សុខា និងលោកស្រី ជូឡុង សូមួរ៉ា(ភរិយារបស់លោក សម រង្ស៊ី)។
កាលពីថ្ងៃសុក្រ លោក ស ខេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនបានត្រៀមចំណុចណាមួយ ដើម្បីលើកឡើងនៅក្នុង កិច្ចប្រជុំនោះទេ តែគណបក្សកាន់អំណាចនេះនឹងគោរពតាមព្រះរាជតម្រាស់ព្រះមហាក្សត្រ ៖ "យើងត្រូវដឹងអញ្ចឹង ព្រះមហាក្សត្រលោកគង់ជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ហើយជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ហើយលោកមានព្រះរាជបន្ទូលថាម៉េច យើងទាំងអស់គ្នាត្រូវតែគោរពតាមលោក ដើម្បីធានានូវការឯកភាពជាតិ និងនិរន្តភាពជាតិ អញ្ចឹងហើយគណបក្សប្រជាជនអត់មានអីលើសពីហ្នឹងទេ"។
ក្នុងបទសម្ភាសន៍ជាមួយVODកាលពីថ្ងៃសុក្រ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា ប្រសិនបើមិនមានគណៈកម្មការចម្រុះទេ ការចរចារឿងបែងចែកអំណាច មិនអាចមានទេ ៖ "គណបក្សសង្គ្រោះជាតិនៅដដែល គឺការពារឆន្ទៈប្រជាពលរដ្ឋ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ហើយទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងសង្គមកម្ពុជាយើងនេះ នេះហើយដែលជាជំហររបស់គណបក្សសង្គ្រោះជាតិ ដែលយើងនឹងចូលជជែកគ្នា ក្នុងក្របខណ្ឌហ្នឹង គឺយើងមិនទៅជជែកពីរឿងការចែកអំណាច មុនរំលងឆន្ទៈប្រជាពលរដ្ឋជាដាច់ខាត"។
តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលព្រៃវែងរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា កិច្ចចរចាក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ នឹងមិនលើកពីការបង្កើតគណៈកម្មការចម្រុះទេ។ ដូច្នេះ វាមានន័យថា របៀបវារៈនៃភាគីទាំងពីរ គឺខុសគ្នាទាំងស្រុង។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសនៅលើហ្វេសប៊ុករបស់លោក ដោយសុំជាអនុសាសន៍ និងយោបល់ប្រជាពលរដ្ឋក្នុងការពិចារណា ឲ្យបានមុនម៉ោង៨និង៣០នាទីព្រឹកថ្ងៃសៅរ៍នេះ។លោក សម រង្ស៊ី ប្រកាសថា លោកនឹងចូលរួមការចរចា ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ ដោយនឹងទូលព្រះមហាក្សត្រពីការទាមទាររបស់ប្រជារាស្ត្រ និងដំណោះស្រាយនៃការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌។លោក សម រង្ស៊ី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា៖«យើងនឹងទូលព្រះអង្គថាយើងអត់សុខចិត្តទេ ដរាបណាអត់មានដំណោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត មិនចាំបាច់ជជែករឿងអីផ្សេងទៀតទេ អត់ចង់ដឹងទេ អ្វីដែលសំខាន់គឺគោរពឆន្ទៈប្រជារាស្ត្រ»។
មុនការចរចាមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានថ្លែងតាមទូរទស្សន៍ទៅកាន់ប្រជាពលរដ្ឋអ្វីនោះទេ ទាក់ទងនឹងការស្វែងរកដំណោះស្រាយរវាងគណបក្សទាំងពីរ នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ដោយជឿជាក់ថា នឹងមានលទ្ធផលល្អក្រោយពីជំនូបរវាងអ្នកដឹកនាំកំពូលនៃគណបក្ស ទាំងពីរ ប្រសិនបើថ្នាក់ដឹកនាំទាំងពីរបន្ទន់ឥរិយាបទ ដោយគិតប្រយោជន៍ជាតិជាធំ ៖"ខ្ញុំជឿជាក់ថា នឹងមានលទ្ធផលគ្រាន់បើ ហើយខ្ញុំសង្ឈឹមថា នៅក្នុង នៅចំពោះព្រះភក្ដ្ររបស់ព្រះអង្គគឺត្រូវមិនដាក់ខ្លួនបន្ដិច បន្ទន់ឥរិយាបថបន្ដិច ដើម្បីធ្វើម៉េចឈានទៅដល់ការព្រមព្រៀងមួយ ដើម្បីផលប្រយោជន៍ ហើយការព្រមព្រៀងដែលចម្បងបំផុត គឺការកំណែទម្រង់ទៅដល់ថ្ងៃអនាគត មើលទៅការសម្រេចទាំងអស់ហ្នឹង មានការចាំបាច់មែនទែន ដែលខ្ញុំតែងតែលើកនៃការសម្រេចទាំងបីដែលសំខាន់ជាងគេគឺ គជប បណ្ដាញសារព័ត៌មាន និងប្រព័ន្ធយុត្ដិធម៌នៅក្នុងប្រទេសកម្ពុជាបាទ" ។
ប្រធានគណៈកម្មាធិការនាយក ខុមហ្វ្រែល លោក ធន សារាយ មានប្រសាសន៍ថា ដំណោះស្រាយអាចនឹងមានរហូត ប្រសិនបើថ្នាក់ដឹកនាំទាំងពីរប្រើការអត់ធ្មត់ និងប្រើពេលវេលាក្នុងការដោះស្រាយបញ្ហា ៖ "ទាំងពីរហ្នឹងគួរតែធ្វើការអត់ធ្មត់ ខាង CPP គួរតែឈប់ចលាតទ័ពអញ្ចឹងទៅ ហើយខាង CNRP គួរតែបញ្ឈប់ការធ្វើបាតុកម្មឈប់សិន ផ្អាកសិន ហើយទុកពេលហ្នឹងមកធ្វើការត្រិះរិះពិចារណាជាមួយគ្នាបន្ដទៀតអំពីដំណោះ ស្រាយថា តើដោះស្រាយដែល CNRPស្នើរឡើង តើ CPP ទទួលបានកម្រិតណា ហើយចេញមកតាមជជែកគ្នារកដំណោះស្រាយបាទ ធ្វើយ៉ាងម៉េចឲ្យដូចអ្វីដែល CNRP លោកចងបានដែរ ហើយធ្វើម៉េចមិនប៉ះពាល់ ដល់ផលប្រយោជន៍ CPP ខ្លាំងពេក" ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ខែកញ្ញា គជប បានប្រកាសជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ប្រហែលជា៤៨.៨ ភាគ រយ នៃអ្នកចូលរួមបោះឆ្នោតសរុប៦.៦៣លាននាក់ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ ស្មើនឹង៤៤.៥ភាគរយ គឺ២.៩២ លានសំឡេង។ តែគណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត និងព្រមានធ្វើមហាបាតុកម្មជាបន្តបន្ទាប់៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Dear H.E Rainsy and H.E Sokha,
You are both always said you will protect the purpose of Cambodian if you were win in next election you dare to step down from the power as you said ?????? Mr.Kem Sokha I have notified ready when he is director Human Rights Organization, he said that he do NGO forever but do not do in political but now he is full in political. Ok it is right with your mouths but I really want you are both must respect and love Cambodia and Cambodian as you said .
កុំភ្លេចហុចម្រាមដៃកណ្តាលអោយចោរភ្នែក១ផង។