​មេដឹកនាំ​កំពូល​បក្ស​កាន់​អំណាច​និង​បក្សប្រឆាំង​ជួបគ្នា​នៅ​ព្រះ​បរម​រាជ​វាំង​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

​ថ្នាក់ដឹកនាំ​កំពូល បក្ស​កាន់​អំណាច និង​បក្សប្រឆាំង នា​ព្រឹក​ថ្ងៃ​សៅរ៍នេះ បាន​ជួបគ្នា​នៅ​ព្រះបរមរាជវាំង តាម​ការកោះអញ្ជើញ របស់​ព្រះមហាក្សត្រ សម្តេចព្រះ​នរោត្តម សីហមុនី​ដើម្បី​ទំលាយ​ភាពទ័លច្រក ផ្នែក​នយោបាយ ក្រោយ​ការបោះឆ្នោត។​

​អ្នកយក​ព័ត៌មាន​ VOD​ លោក ណាត សុភាព ដែល​កំពុង​តាមដាន​ព្រឹត្តិ​ការណ៍នេះ នៅ​មុខ​ព្រះ​បរម​រាជ​វាំង ឲ្យដឹងថា ភាគី​បក្ស​កាន់​អំណាច ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ចំណែក​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ លោក សម រង្ស៊ី​។​

​មេដឹកនាំ​គណបក្ស​ទាំងពីរ បាន​មក​ដល់​ព្រះបរមរាជវាំង​ហើយ នៅ​ប៉ុន្មាន​នាទី​មុននេះ ដើម្បី​ពិភាក្សា​គ្នា រក​គន្លឹះ​ដោះស្រាយ បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ការបោះឆ្នោត ។​
​ក្រោយ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ខ្វែងគំនិត​គ្នា ពី​លទ្ធផល​បោះឆ្នោត ដែល​ប្រកាស​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា​នេះ​។​

​លទ្ធផល​ផ្លូវការ​នោះ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទ​ទូល​បាន​ ៦៨​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​១២៣​ក្នុង​សភា រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ៥៥​អាសនៈ។​
​លទ្ធផល​នេះ បក្ស​កាន់​អំណាច​ដែល​បាន​អាសនៈ​ច្រើន ប្រកាស​ស្វាគមន៍ និង​បង្ហាញ​ជំហរ​ការពារ​លទ្ធផល​បោះឆ្នោត​នេះ​។​ ចំណែក​បក្ស​ប្រឆាំង​វិញ ប្រកាស​ច្រានចោល​ភ្លាមៗ ដោយ​ចាត់ទុក​លទ្ធផល​នេះ​ថា មិន​យុត្តិធម៌ ធ្វើឡើង​ក្នុង​រូបភាព​លួច​បន្លំ  និង​គំរាម​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​លទ្ធផល​នេះ ជំរុញ​ឲ្យ​បង្កើត​គណកម្មកា​រឯក​រាជ្យ ស៊ើប​អង្គេត​ភាពមិនប្រក្រតី​ នៃ​ដំណើ​ការបោះឆ្នោត​នេះ។​

​ករណី​នេះ​ធ្វើឲ្យ​ការបង្កើត​រាជរដ្ឋាភិបា​ល​ថ្មី​ សម្រាប់​អាណត្តិ​ទី​៥​នេះ ​ប្រឈម​និង​ភាពជាប់គាំង​។​

​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​សម រង្ស៊ី ចូល​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៤ ​ខែ​កញ្ញា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ មុន​ការ​ចូល​ប្រជុំ​សភា​ដំបូង​។​

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​ក្នុង​ការជួប​គ្នា​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ភ្លាមៗ នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដោយ​នឹង​ដឹកនាំ​មន្ត្រី​ពីររូប គឺ​លោក  ស ខេង និង​លោក សាយ ឈុំ​។ ចំណែក លោក សម រង្ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​គណបក្ស រួមមាន អនុប្រធាន កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ​(​ភរិយា​របស់​លោក សម រង្ស៊ី​)៕​

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sakhorn@vodhotnews.com

 

What Next?

Recent Articles