ថ្ងៃ សៅរ៍ 14 កញ្ញា 2013
ដោយ ប៉ែន បូណា
RFI
ដូចការគ្រោងទុក នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃសៅរ៍ ទី១៤កញ្ញានេះ ជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមបើកធ្វើហើយ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។ នេះជាជំនួបកំពូលលើកដំបូងរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរចាប់តាំងពីក្រោយការបោះឆ្នោតក្នុងគោលដៅរកដំណោះស្រាយនយោបាយ។

គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាធ្វើដំណើរចូលក្នុងព្រះបរមរាជវាំង (Siv Channa/RFI)
គណៈប្រតិភូ៣នាក់មកពីគណបក្សទាំងពីរបានមកដល់ព្រះបរមរាជវាំងនៅវេលាម៉ោង ៨និង៥០នាទី។ កិច្ចប្រជុំបានបើកធ្វើនៅម៉ោង៩ព្រឹកក្រោមព្រះរាជធាធិបតីភាពរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សមាសភាពរបស់គណបក្សប្រជាជនកម្ពុជា មាន ៣ រូប គឺលោក ហ៊ុន សែន អនុប្រធានគណបក្ស លោក សាយ ឈុំ សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី។
រីឯសមាសភាពរបស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ និងលោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោកសមរង្ស៊ី និងជាតំណាងរាស្ត្រ។ នេះជាជំនួបកំពូលលើកដំបូងដែលបើកធ្វើឡើងក្រោយពីការបោះឆ្នោតសភាអាណត្តិទី៥ កាលពីថ្ងៃទី ២៨ កក្កដា។ ការបោះឆ្នោតនេះកំពុងបង្កវិបត្តិនយោបាយដោះស្រាយមិនចេញដោយសារគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានបដិសេធមិនទទួលយកលទ្ធផលដោយចោទថា មានការលួចបន្លំ។
ការកោះប្រជុំគណបក្សទាំងពីរពីសំណាក់ព្រះមហាក្សត្រគឺជាការស្វះស្វែងរកដំណោះស្រាយឲ្យបានមុនការកោះប្រជុំសភាដំបូងដែលគ្រោងបើកធ្វើនៅថ្ងៃទី ២៣ កញ្ញាខាងមុខនេះ។ ប៉ុន្តែ អ្នកវិភាគ និងអ្នកតាមដានបញ្ហានេះបានមើលឃើញថា កិច្ចព្រមព្រៀងចេញពីវិបត្តិទំនងជាពិបាកនឹងរកឃើញណាស់ លើកលែងតែភាគីទាំងពីរធ្វើសម្បទានកម្រិតខ្ពស់មួយឲ្យគ្នាទៅវិញទៅមកដែលគេពិបាកនឹងនឹកស្មាន។
កិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរក្រោមព្រះរាជអធិបតីរបស់ព្រះមហាក្សត្រនេះបានបើកធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះមុនមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដែលគ្រោងធ្វើចាប់ពីថ្ងៃអាទិត្យទី ១៥ កញ្ញាតទៅ។ ខណៈពេលកំពុងចរចានេះ គណបក្សសង្គ្រោះជាតិនៅតែមមាញឹកក្នុងការរៀបចំត្រៀមធ្វើមហាបាតុកម្មដដែល៕