ពលរដ្ឋ​​នៅ​ខេត្តសៀមរាប ខ្លះ​គាំទ្រ​ការប្រជុំ​​សភា​​លើក​ដំបូង និង​​ខ្លះ​​មិ​ន​​គាំទ្រ​​

ដោយ៖​ បូ សាវី និង អ៊ឹង ប៊ុន​ថន​
ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

សម័យប្រជុំសភាដំបូងសម្រាប់អាណត្តិទី​៥ (រូបថតពី ទទក)

សម័យប្រជុំសភាដំបូងសម្រាប់អាណត្តិទី​៥ (រូបថតពី ទទក)


ប្រជាពលរដ្ឋ​មួយចំនួន នៅ​ខេត្ដ​សៀមរាប គាំទ្រ​​ការមិន​ចូលប្រជុំ​​សភា​​លើក​ដំបូង របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ ដោយ​សារ​​មិន​​ទាន់​​មាន​ដំណោះ​ស្រាយ​​​​ពី​​ភាព​​មិន​​ប្រក្រី​តី​​នៅ​ថ្ងៃ​បោះឆ្នោត  ប៉ុន្ដែ​​ពលរដ្ឋ​ខ្លះទៀត អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​​ជំទាស់​នេះ ចូលរួម​ប្រជុំ ដើម្បី​​បញ្ចប់​​ជម្លោះ​នយោ​បាយ​។

ពលរដ្ឋ​នៅ​តាម​បណ្ដា​​ស្រុក និង​​ក្រុង នៃ​​ខេត្ត​​សៀម​រាប ឲ្យដឹងថា ពួក​​គេ​​គាំទ្រ​​ការ​​មិន​​ចូល​ប្រជុំ​សភា​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ព្រោះ​​គណបក្ស​នេះ​ចង់រ​ក​យុត្ដិធម៌​​ជូន​ម្ចាស់​ឆ្នោត​ជា​មុន​សិន​។ ពួកគេ​យល់ថា ការប្រជុំ​សភា​នៅ​ព្រឹក​មិញ​នេះ មិនមែន​ជា​សភា​ដែល​កើតចេញ​ពី​ពលរដ្ឋ​នោះទេ​ ៖ “​ខ្ញុំ​ពេញចិត្ត​គាត់ ហើយ​​ក៏​ខ្ញុំ​គាំទ្រ​គាត់​ដែរ មិន​ព្រម​ចូលរួម​​ប្រជុំ​សភា ព្រោះ​​អី​មិនមែន​ជា​សភា​របស់​ប្រជាពលរដ្ឋ​​ពិត​ប្រាក​ដ សភា​​ដែល​​ដឹកនាំ​​ដោយ​គណបក្ស​ប្រជាជន គឺជា​សភា​ដែល​ផ្តាច់ការ គោរព​ឆន្ទៈ​រាស្ត្រ មិន​​ចូលរួម​ក្នុង​សភា មាន​ន័យថា​ លោក​ស្រលាញ់​រាស្ត្រ​​ជាធំ មិនមែន​យក​អំណាច មិន​មែន​​យក​ប្រាក់ មិន​យក​បុណ្យ​ស័ក្តិ​ធ្វើ​ជា​ធំ គឺ​យក​​រាស្ត្រ ព្រោះ​លោក​​ស្រលាញ់​ប្រជាធិបតេយ្យ​ដើម្បី​រាស្ត្រ​”​។​

​ដោយឡែក​ពលរដ្ឋ​ខ្លះ​ទៀត ឲ្យដឹងថា ការ​ប្រជុំ​​សភា​​នេះ គឺ​ធ្វើ​​ទៅ​​តាម​​ច្បាប់​​រដ្ឋធម្មនុញ្ញ ហើយ​ពួកគាត់​ខ្លះ​អំពាវនាវ​​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ចូលរួម​ប្រជុំ​សភា ដើម្បី​​បញ្ចប់​ជម្លោះ​នយោបាយ និង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ម្ចាស់ឆ្នោត​ ៖ “​យើង​ផ្អែកទៅលើ​ច្បាប់ ឃើញ​ថា​ការប្រជុំ​៦៨​រូបនេះ គឺ​វា​ស្រប​តាម​ច្បាប់ រដ្ឋធម្មនុញ្ញ ព្រោះ​​ច្បាប់​គេ​អនុញ្ញាត​​ថា ៦៨​រូប​​អាច​​ដំណើរ​ការ​បាន អញ្ជឹង​វា​មិន​បញ្ហា​ទេ​។ ព្រោះ​ខ្ញុំ​គិតថា បើ​ចូលរួម​​ប្រជុំ​ទៅ អាច​បញ្ចប់​ជម្លោះ​នយោបាយ រវល់​តែ​គណៈបក្ស​ទាំង​ពីរ​ឈ្លោះ​គ្នា​អញ្ជឹង វា​អាច​បណ្តាល​​ឲ្យ​បាត់បង់​ភ្ញៀវ​ចូល​មក​ស្រុក​ខ្មែរ​យើង​​ច្រើន​។ គណបក្សកាន់អំណាច​មុនៗ​នោះ​​​គាត់ យុត្តិធម៌ ត្រឹម​ត្រូវ គាត់​មិន​លោះ​បង់ ទាម​ទារ​​យក​អំណាច ឬ​ក៏​យក​ការងារ​នោះ​តែម្នាក់ឯង​ទេ​។ ច្បាប់​បោះ​ឆ្នោត​​ថា ៦០​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ព្រះមហាក្សត្រ​ត្រូវ​កោះអញ្ជើញ បេក្ខភាព​សភា​ដែល​បាន​ជាប់ឆ្នោត អញ្ជឹង​ព្រះករុណា​គាត់​បំពេញ​ព្រះរាជ​តួនាទី របស់​គាត់​ទៅ​តាម​ច្បាប់​”​។​

សម្រាប់​ពលរដ្ឋ​មួយរូប នៅ​​ស្រុក​ជី​ក្រែង បាន​បញ្ចេញ​ទស្សនៈ​​ថា កិច្ចប្រជុំ​សភា​លើក​ដំបូង​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ចង់​សាកល្បង និង​ចង់​ដឹង​ពី​ទឹក​ព្រះទ័យ​​របស់​ព្រះមហាក្សត្រ​ថា មាន​ភាពលំអៀង​​ទៅរក​គណបក្ស​ន​យោ​បាយ​​ណាមួយ ឬ​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ៖ "គឺ​វា​អត់​មាន​ន័យ មាន​ខ្លឹមសា​អី​ដែល​ធ្វើ​ឲ្យ​ប្រជារាស្ដ្រ​​យើង​​ហ្នឹង មាន​ការភ្ញាក់ផ្អើល​ទេ ហើយ​ក៏​គ្មាន​មូលដ្ឋាន​អី​ដែល​មក​ចោទ​​ប្រកាន់ គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​​មិន​គោរព​ព្រះរាជ​បន្ទូល​​ព្រះកុរណា​​ដែរ​"។

​នៅក្នុង​ពិធី​កាន់បិណ្ឌ ក្នុង​វត្ដ​សុវណ្ណ​មុន្នី ហៅ​វត្ដ​គង់​ម៉ុច ស្ថិតក្នុង​សង្កាត់​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​​ទៅ​កាន់​ពលរដ្ឋ​រាប់ពាន់​នាក់​ថា ជា​សភា​ឯក​បក្ស ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ ផ្ទុយ​​ទាំងស្រុង​នឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​ប៉ារីស ថ្ងៃ​ទី​​២៣​​ខែ​តុលា​​ឆ្នាំ​​១៩៩១ និង​មិន​គោរព​ឆន្ទៈ​ពលរដ្ឋ​ ៖ "អា​អ្វី​ដែល​គេ​ធ្វើ​ព្រឹក​មិញ​នៅ​​រដ្ឋ​សភា​​ គឺ​ខុស​ច្បាប់​ខុស​រដ្ឋ​ធម្ម​នុញ្ញ​ផ្ទុយ​ពីគោល​ការណ៍​ការលិទ្ធិ​ប្រជាធិប​​តេយ្យ​ ​ផ្ទុយ​ពីកិច្ចព្រម​ព្រៀង​ទីក្រុង​បារីស ​ជាពិសេស​​ផ្ទុយពីឆន្ទៈ​ប្រជា​រាស្រ្ដខែ្មរ​យើង​អត់​សុខ​ចិត្ដ​ យើងអត់ព្រម​ យើងអត់ចូល​​" ។

​សូមបញ្ជាក់​ថា មុន​បើក​កិច្ចប្រជុំ​សភា​លើក​ដំបូង​មួយ​ថ្ងៃ បេក្ខជន​ជាប់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប ដែល គ​.​ជ​.​ប ប្រកាស បាន​ធ្វើ​ពិធីស្បថ ចំ​​ពោះ​​បារមី​​វត្ថុ​​ស័ក្តិ​​សិទ្ធិ និង​ព្រលឹង​បុព្វបុរស​​ខ្មែរ​នៅខាងមុខ​​ប្រាសាទ​​អង្គរវត្ដ ថា​មិន​ចូលប្រជុំ​សភា​​ជា​លើកដំបូង តាម​ការកោះអញ្ជើញ​​របស់​ព្រះ​មហា​ក្សត្រ​​នោះ​ឡើយ ដ៏​រាប​​ណា​មិន​​មាន​​ដំណោះស្រាយ​ជូន​ម្ចាស់​ឆ្នោត​ជា​មុន​៕

សរសេរមកកាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​​នៅ​ខេត្តសៀមរាប ខ្លះ​គាំទ្រ​ការប្រជុំ​​សភា​​លើក​ដំបូង និង​​ខ្លះ​​មិ​ន​​គាំទ្រ​​"

  1. Anonymous says:

    ដឹកនាំតាមចិន ឬ យួន (២អាណត្តិ=១០ឆ្នាំ).
    ដឹកនាំតាម គុយបា ; ស៊ីរី គឹ តពូជ មិនព្រមចុះចេញទេ……
    នេះបានចំជាមនុស្សគំរក់ផ្តាច់ការ….

  2. Anonymous says:

    It is unconstitutional assembly. It is mono party assembly which is contradict to the law of Kingdom of Cambodia. The international community won’t be able to accept it and will consider the new government unlawful.