សហជីព​ធ្វើកា​រលើ​វិស័យ​កាត់ដេរ សាទរ​គម្រោង ​BFC ក្នុងការ​បង្ហាញ​ឈ្មោះ​រោងចក្រ​ជា​សាធារណៈ​​

ដោយ៖​ តាំង វី​ដា និង​ស៊ុន ណារិន​​
ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

សហជីព ដែល​ធ្វើកា​រលើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា គាំទ្រ​ចំពោះ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ចំពោះ​ការ​ចាប់​ផ្តើម​បង្ហាញ​​ជា​សាធារណៈ​​នូវ​ព័ត៌មាន​រោង​ចក្រ​មួយៗ ដែល​​ប្រមូលបាន​នៅក្នុង​របាយការណ៍​ត្រួតពិនិត្យ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ចុះ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ ឲ្យដឹងថា គម្រោង​​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នឹង​បញ្ចេញ​​ព័ត៌មាន​ពី​របាយ​​ការណ៍​ត្រួតពិនិត្យ​រប​ស់​​ខ្លួន អំពី​ការគោរព​ច្បាប់​ស្ដីពី​ការងារ​របស់​ប្រទេស​កម្ពុជា និងបទដ្ឋាន​ការងារ​អន្ដរជាតិ​ របស់​រោងចក្រ​កាត់ដេរ​។ BFC នឹង​បង្ហាញ​ព័ត៌មាន​លម្អិត​ពី​កូដកម្ម​និង​សហជីព ដោយ​កត់សម្គាល់​ពី​ការអនុវត្ត​ច្បាប់​របស់​សហជីព ជាមួយ​តម្រូវការ​ស្របច្បាប់​ក្នុង​ការ​ធ្វើ​​កូដ​កម្ម​ជា​​លើក​ដំបូង និង​ការចេញផ្សាយ​របាយការណ៍​ជា​សាធារណៈ​ប្រចាំ​​ត្រីមាស​។​

សេចក្តីប្រកាស​ព័ត៌មាន ​បន្តថា ក្រោម​គម្រោង​នេះ រោង​ចក្រ​​ទាំង​អស់​​ដែល​ត្រូវ​បាន​ពិនិត្យ ២ដង ឫ​លើសពី​២​ដង នឹង​ត្រូវ​បាន​បង្ហាញ​លើវ៉ិបសាយ​សាធារណៈ​មួយ ពី​ការគោរព​របស់​រោងចក្រ​នី​មួយៗ លើ​បញ្ហា​ចំបងៗ ចំនួន​២១ រួម​មាន​សុ​វតិ្ថ​ភាព​​អគ្គិភ័យ សេរីភាព​សមាគម ពលកម្ម​កុមារ និង​ការ​បើក​ប្រាក់​​ឈ្នួល​​ទៀង​ទាត់​ និង​​ប្រាក់​​បន្ថែម​​ម៉ោង​​ត្រឹម​ត្រូវ​​ឫ​​អត់​។

​ប្រធាន​សម្ព័ន្ធ​​​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ លោក អាត់ ធន់ សាទរ​ចំពោះ​ការចាប់ផ្តើម​នេះ ដោយ​ចាត់ទុកថា គម្រោង​​នេះ អាច​ជួយ​ឲ្យ​និយោជក កែ​លម្អ​លក្ខខណ្ឌ​​ការងារ ដោយ​ភាពទន់ភ្លន់ ហើយ​ជួយ​លើកទឹកចិត្ត​ដល់​រោងចក្រ គ្រឹះស្ថាន ដែល​បាន​អនុវត្ត​ច្បាប់ ត្រឹមត្រូវ បន្ត​ការងារ​ដោយ​យកចិត្តទុកដាក់​ ​៖ "កម្មវិធីនេះ គឺជាការលើកទឹកចិត្ដចំពោះអ្នកខិតខំប្រឹងធ្វើល្អ​ ដើម្បីឲ្យមាន​ការគាំទ្រ​កាន់តែច្រើនពីសង្គម និងអ្នកបញ្ជាទិញ​ ហើយ​ក្រុម​ហ៊ុន​ សហគ្រាស គ្រឹស្ថាន​ ដែល​ធ្វើអាក្រក់​ ត្រូវ​បាន​កែ​ប្រែ​​មក​​ឲ្យ​ល្អ​ទេ ហើយ​ទីបំផុតទៅខ្ញុំជឿថា លក្ខ​ខណ្ឌការងារហ្នឹង​ ដូចថា សិទ្ធិ​របស់កម្មករ​និយោជិក​ ត្រូវបាន​កើនឡើង​ហើយ​និង​មាន​សន្ដិភាព​​នៅក្នុងវិស័យ​ឧស្សាហកម្ម​ផង​បាទ​" ។

​ប្រធាន​សហព័ន្ធ​សហជីព​សេរី​​កម្មករ​កម្ពុជា លោក ជា មុនី យល់ថា ​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ ប៉ុន្តែ​លោក​ខកចិត្ត​ ចំពោះ​គម្រោង​ដែល​ចេញផ្សាយ​របាយ​ការណ៍​​នេះ មិន​​មាន​​ការ​ចូល​​រួម​​ពី​​តំណាង​​សហជីព​​ពាក់​ព័ន្ធ ដើម្បី​​ពិនិត្យ និង​វាយ​តម្លៃ​បន្ថែម​លើ​របាយការណ៍​ ​៖ "ជាការពិតអត់មាន​សមាស​ភាព​អ្នក​ពាក់​ព័ន្ធ​ហ្នឹង​​ចូល​​រួម​​ធ្វើការ​កែ​លម្អ​ទៅ​ហ្នឹង​​របាយ​ការណ៍​​ហ្នឹង​​ទេ ព្រោះ​របាយ​ការណ៍​ហ្នឹង​​គាត់​ធ្វើ​តែ​ម្នាក់​គាត់​​​អញ្ចឹង ​​​ហើយ​ ដូច្នេះ​គាត់​ធ្វើម្នាក់​​គាត់​ គាត់​​គិតម្នាក់​គាត់​ហ្នឹង​ គាត់​ចង់​ឲ្យរោងចក្រណា​ល្អៗ រោង​ចក្រណាអាក្រក់ៗ គាត់​​ធ្វើតែម្នាក់​គាត់​ កាលណា​របាយការណ៍ចេញតែម្នាក់​អញ្ចឹង​​វា​អត់​មាន​តម្លាភាព​ទេ​" ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ BFC ឲ្យដឹង​ដែរថា H&M ក្រុម​ហ៊ុន​ធំ​ៗមួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ដទៃទៀត ដែល​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា ក៏​បាន​បញ្ជាក់​​ពី​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​កម្មវិធី​នេះ​ផងដែរ​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​​នៃ​​គម្រោង BFC លោក សាត សមុទ្រ ឲ្យដឹងថា ជំហរ​​របស់​​រាជ​រដ្ឋាភិបាល គឺ​​មិន​​ការពារ​​បុគ្គល​ណា ដែល​មិន​គោរព​ច្បាប់​នោះទេ តែ​ការចុះផ្សាយ​ឈ្មោះ​រោងចក្រ​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ គឺ​ហាក់​ដូច​ជា​​ការ​​បង្ខូច​កេរ្តិ៍​​ឈ្មោះ​​របស់​​រោង​ចក្រ​។ លោក​បញ្ជាក់ថា ការបង្ហាញ​ឈ្មោះ​រោងចក្រ​បែប​នេះ នាំឲ្យ​បាត់បង់​អាជីវកម្ម​ពី​អ្នក​បញ្ជា​ទិញ ហើយ​កម្មករ​អាច​បាត់​​បង់​ការងារ ជា​រួម​គឺ មិន​មាន​ផលចំណេញ​ដល់​ភាគី​ពាក់ព័ន្ធ​នោះ​ទេ​។​

​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា យល់ថា រដ្ឋាភិបាល មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ដាក់​បន្ទុក ក៏ដូច​ជា​​ដាក់​​ពិន័យ​​ដល់​រោងចក្រ​ ដែល​បាន​ប្រព្រឹត្ត​ខុស ឲ្យទទួល​ខុសត្រូវ និង​កែប្រែ តែ​បញ្ហា​ចោទ គឺពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ លោក​ចាត់ទុកថា ការ​ស្នើ​​ពន្យារ​​ពេល​​នេះ គ្រាន់​ជា​លេស​មួយ​របស់​​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​៕

សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles