អាជ្ញាធរបានដាក់ពង្រាយកម្លាំងការពារសន្តិសុខរាប់រយនាក់ និងដាក់រនាំងលួសបន្លា បិទមហាវិថីព្រះនរោត្តម ក្បែរវិមានឯករាជ្យ និងបិទមហាវិថីសុធារស តាមមាត់ទន្លេចាប់ពីផ្សារចាស់ រហូតដល់មជ្ឈមណ្ឌលកោះពេជ្រ ដើម្បីធានាសុវត្ថិភាពសម័យប្រជុំដំបូងរបស់រដ្ឋសភា នីតិកាលទី៥ ដែលមានតែព្រះមហាក្សត្រ និងតំណាងរាស្ត្របក្សប្រជាជនចូលរួមតែម្ខាង។
ដោយ វោហារ ជាតិ
2013-09-23
RFA
អាជ្ញាធរបិទផ្លូវមួយចំនួនការពារសន្តិសុខពេលប្រជុំសភា
ការធ្វើចរាចរណ៍នៅតាមផ្លូវតូចៗនៅតំបន់ជុំវិញវិមានឯករាជ្យ រាជធានីភ្នំពេញ បានកកស្ទះអស់រយៈពេលមួយព្រឹកថ្ងៃទី២៣ កញ្ញា ដោយសារអាជ្ញាធរបានបិទមហាវិថីសំខាន់ពីរ គឺមហាវិថីព្រះនរោត្តម និងមហាវិថីសុធារស រួមទាំងផ្លូវធ្វើដំណើរតូចៗក្នុងតំបន់នោះជាច្រើនទៀត។
គេសង្កេតឃើញថា នៅព្រឹកថ្ងៃទី២៣ កញ្ញា នេះដែរ ទន្ទឹមអាជ្ញាធរដាក់រនាំងលួសបន្លាទទឹងផ្លូវ ក៏គេឃើញមានកងកម្លាំងប្រដាប់ដោយដំបងឆក់ ខែល និងមានអាវុធ ដាក់ពង្រាយតាមច្រកផ្លូវដែលបិទនោះដែរ។ ប្រការនេះបានធ្វើឲ្យអ្នកធ្វើដំណើរមួយចំនួនព្រួយបារម្ភ និងអាក់អន់ចិត្តចំពោះអាជ្ញាធរយ៉ាងខ្លាំង។
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់ហាមឃាត់ បានរិះគន់អាជ្ញាធរ ដោយពួកគាត់បានថ្លែងម្នាក់ម្ដងៗថា អាជ្ញាធរមិនគួរបិទផ្លូវច្រើនដល់ម្ល៉ឹង គ្រាន់តែប្រជុំសភាថ្មីប៉ុណ្ណឹងសោះ។
ការបិទផ្លូវនេះបានធ្វើឲ្យបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលខ្លះខកខានធ្វើការ ចំណែកប្រជាពលរដ្ឋខ្លះដែលយកចង្ហាន់ទៅវត្តក្នុងរដូវភ្ជុំបិណ្ឌ ត្រូវខកចង្ហាន់លោក។ ក្រៅពីនេះ ដោយសារការកកស្ទះពេញផ្លូវ ជួនកាលគេឃើញមានគ្រោះថ្នាក់ចរាចរណ៍ស្រាលៗមួយចំនួន ដូចជាមានរថយន្តប៉ះទង្គិចគ្នាជាដើម។
ស្របពេលដែលអ្នកធ្វើដំណើររអ៊ូរទាំអំពីការបិទផ្លូវនេះ អាជ្ញាធរមានសមត្ថកិច្ច គឺគណៈបញ្ជាការសន្ដិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អរគុណប្រជាពលរដ្ឋ និងសុំទោសប្រជាពលរដ្ឋចំពោះការបិទផ្លូវនេះ ដោយសំអាងហេតុផលថា ដើម្បីការពារសុវត្ថិភាព អ្នកតំណាងរាស្ត្រ និងព្រះមហាក្សត្រ យាងចូលរួមជាព្រះរាជាធិបតីភាពបើកសម័យប្រជុំសភាថ្មី នាវិមានរដ្ឋសភា នៅថ្ងៃទី២៣ កញ្ញា។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ កញ្ញា សរសេរថា៖ “គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សូមមេត្តាយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ចំពោះការបិទផ្លូវចរាចរណ៍សាធារណៈមួយចំនួនជុំវិញតំបន់រដ្ឋសភា ដើម្បីហេតុផលសន្តិសុខ សុវត្ថិភាពសម្រាប់សម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ និងការធ្វើសច្ចាប្រណិធាននាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នេះ ក្រោមព្រះរាជធិបតីភាពរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង”។
សេចក្ដីប្រកាសព័ត៌មានដដែល ក៏បានជូនដំណឹងដែរថា អាជ្ញាធរនឹងបិទផ្លូវបន្តទៀតនៅថ្ងៃទី២៤ និង២៥ កញ្ញា ដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ព្រោះថា នៅថ្ងៃនោះមានពិធីជាប់គ្នាទៀត ដូចជាមានការបោះឆ្នោតបង្កើតក្បាលម៉ាស៊ីនគ្រប់គ្រងដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៥ រួមទាំងមានពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាមេរិកមិនទទួលស្គាល់លទ្ធផលឆ្នោតនៅកម្ពុជា
- កិច្ចប្រជុំសភានីតិកាលទី៥ចាប់ផ្ដើមដោយគ្មានតំណាងរាស្ត្របក្សប្រឆាំង
- សង្គមស៊ីវិលរិះគន់អំពើហិង្សារបស់សមត្ថកិច្ចមកលើអ្នកបឹងកក់
- អាជ្ញាធររឹតបន្តឹងច្រកចូលភ្នំពេញមុនថ្ងៃប្រជុំសភា
- មេប៉េអឹមនៅបន្ទាយមានជ័យត្រូវបានផ្លាស់មកកាន់តំណែងនៅភ្នំពេញ
- លោក ជាម យៀប៖ ញត្តិពលរដ្ឋមិនសំខាន់ជាងមាត្រាច្បាប់
- បេក្ខជនតំណាងរាស្ត្របក្សប្រឆាំងស្បថមិនចូលប្រជុំសភានៅសៀមរាប
- សង្គមស៊ីវិលដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំពន្យារពេលប្រជុំសភា
- មន្ត្រីរដ្ឋាភិបាល៖ បក្សប្រឆាំងទាមទារប្រយោជន៍ច្រើនធ្វើឲ្យការចរចាបរាជ័យ