លី​លី ក្ដោប​តំណែង​ពិធី​ការិនី នៅ​អប្សរា​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃអង្គារ៍ ទី24 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

កញ្ញា លី​លី និង​លោក ​ហេង នរៈ​កក្កដា

កញ្ញា លី​លី និង​លោក ​ហេង នរៈ​កក្កដា

ក្រោយ​បាត់​តំណែង​ពិធី​ការិនី អស់​មួយរយៈ​ធំ​នៅ​ទូរទស្សន៍​ CTN  ពេលនេះ តារាចម្រៀង និង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​នាង​លី​លី បាន​វិល​មក​កាន់​តំណែង​នេះ​ជា​ថ្មី​វិញ​ហើយ ដោយ​កំពុង​ចាប់​ដៃ​ជាមួយ​តារា​សម្ដែង លោក​ហេង នរៈ​កក្កដា ក្នុង​កម្មវិធី​ធំ​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា​។ ដំណើរ​មក​កាន់​ទីតាំង​ចាស់​លើ​ក​នេះ ហាក់​ផ្ដល់​ជំនឿ​ចិត្ត​យ៉ាងខ្លាំង ថា​នាង​ពិតជា​ក្លាយខ្លួនជា​ពិធី​ការិនី​លេចធ្លោ​ម្នាក់ លើសពី​ពេល​ដែល​នាង​ក្ដាប់​តំណែង​នៅ​ CTN នោះ​ទៅ​ទៀត​។

​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែកញ្ញា​នេះ​តទៅ តារាចម្រៀង​លេចធ្លោរ ក្នុង​ក្រុម ​Hi Class ដ៏​ល្បីឈ្មោះ​នាង​លី​លី នឹង​បង្ហាញ​មុខ​ជា​ថ្មី​ទៀត​ហើយ ក្នុង​តំណែង​ជា​ពិធី​ការិនី​។ ទោះយ៉ាងណា តំណែង​ដែល​នាង​ឈោង​បាន​មក​វិញ​នេះ មិនមែន​ស្ថិតនៅក្នុង​ស្ថាប័ន​ចាស់​នោះទេ ប៉ុន្តែ​ជា​កម្មវិធី​ធំ​មួយ របស់​ស្ថានីយទូរទស្សន៍​អប្សរា​ទៅវិញ​។ ក្រុម​តារា​សិល្បៈ និង​ក្រុម​យុវវ័យ​ភាគច្រើន សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ ដែល​តារា​ស្រី​វ័យក្មេង​រូបនេះ ស្រាប់តែ​កញ្ឆក់​បាន​មុខមាត់ នៅក្នុង កម្មវិធី​«Next Program» ដែល​ជា​កម្មវិធី​ធំ  និង​ទើប​បង្កើត​ថ្មី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អប្សរា​។ នេះ​ជា​កម្មវិធី ដែល​ចាក់ផ្សាយ​នៅ​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង​៦ និង​១០​នាទី ល្ងាច និង​រៀងរាល់ថ្ងៃ​សៅរ៍ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដែល​ជា​កម្មវិធី​ធំ​ជំនួស​កម្មវិធី​ល្បីឈ្មោះ​«Nokia Lumia Show» ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​លើសលប់​ក្នុង​ពេល​ចាក់ផ្សាយ​កន្លងមក​។

​មន្ត្រីជាន់ខ្ពស់ប្រចាំ​ក្រុមហ៊ុន​One Channel Media Co.Ltd ដែលជា​អ្នក​រៀបចំ​កម្មវិធី​នេះ ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អប្សរា បាន​ប្រាប់ឲ្យដឹង​ថា លី​លី និង​លោក​ហេង នរៈ​កក្កដា ទើបតែ​ត្រូវ​ទាក់ទង​ឲ្យមក​កាន់​កម្មវិធី​នេះ ជំនួស​នាង នេត្រ សុ​ចរិយា និង​លោក​យឹម ណា​រ៉ា កាលពី​សប្ដាហ៍​មុន​ប៉ុណ្ណោះ  បន្ទាប់​ពី​មើលឃើញថា តារា​ប្រុស​ស្រី​ទាំង​ពីរ​រូប មាន​រូប​សម្រស់​វ័យក្មេង​ព្រម​គ្នា និង​មាន​សមត្ថភាព​មិន​ចាញ់ ពិធីករ​ពិធី​ការិនី​ចាស់​ទាំង​ពីរ ដែល​ផុតកំណត់​ការងារ​។ ក្រៅ​ពី​តំណែង​ក្នុង​កម្មវិធី​មួយ​នេះ លី​លី ក៏​ត្រូវ​ក្រុមហ៊ុន One Channel Media Co.Ltd ដែលជា​ក្រុមហ៊ុន​ធំ​មួយ ក្នុង​ការផលិត​កម្មវិធី​តូចធំ ដាក់​ផ្សាយ​នៅ​ទូរទស្សន៍ ផ្ដល់​កម្មវិធី​២​ទៀត ដែល​កំពុង​រៀបចំ​ដំណើរការ​នោះ​ផងដែរ​។

​លី​លី បាន​ថ្លែង​ប្រាប់​VOD​ថា កម្មវិធី «Next Program» ដែល​នាង​ទើប​ទទួល​ចេញមុខ​នោះ គឺ​ពិត​ជា​កម្មវិធី​ធំ របស់​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​មែន ដោយ​កម្មវិធី​នោះ មាន​ការបង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត ចំណេះដឹង​ថ្មី ឬ​ស្ទីល​ប្លែកៗ នៅ​វគ្គ​ទី​១ វគ្គ​ទី​២ និង​​មាន​បទសម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​តារា​ប្រុស​ស្រី​ល្បីឈ្មោះ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដល់​ផ្ទះ​តារា​កិត្តិយស ដែល​​ធ្វើឲ្យ​នាង​កក់ក្ដៅ​យ៉ាងខ្លាំង ថា​ជា​កម្មវិធី ដែល​មិន​ពិបាក​ទទួលបាន​ការទាក់ទាញ​។ នាង​នឹង​បើកឆាក​បង្ហាញមុខ នៅ​ក្នុង​កម្មវិធី​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ កញ្ញា​នេះ ក្រោម​ការចុះ​ដល់​ទីតាំង​រស់នៅ​របស់​ពិធី​ការិនី​ល្បីឈ្មោះ នាង​ឌួង ហ្សូ​រីដា ដែល​​ជា​តារា​ស្រី​ដ៏​ល្បីឈ្មោះ​ម្នាក់​។ ដំណើរ​ហក់​ចូលក្នុង​តំណែង​មួយ​នេះ លី​លី អះអាងថា មិន​ពិបាក​ឲ្យ​នាង​ក្លាយខ្លួន​ជា​ពិធី​​ការិនី​លេចធ្លោ​ក្នុងពេល​ដ៏​ខ្លី​នោះទេ ពិសេស​នៅ​ពេល​នឹក​ដល់​កម្មវិធី​ថ្មី​២ ដែល​កំពុង​រៀបចំ​ដំណើរការ ហើយ​តម្រូវ​ឲ្យ​នាង​​ចេញ​ធ្វើ​ពិធី​ការិនី​តែម្នាក់ឯង​មួយ​កម្មវិធី និង​ជាមួយ​នាយ​ឆ្អឹង​មួយ​កម្មវិធី​ទៀត​នោះ​។

​ក្រុម​អ្នក​តាមដាន​ពី​កម្មវិធី «Next Program» អះអាងថា លី​លី ត្បិត​ថា​កន្លងមក​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​ធំ ប៉ុន្តែ​អ្នកខ្លះ​មិន​បានដឹង​ពី​ការងារ​របស់​នាង​នៅ​ទីនោះ​ផង ដោយសារ​តែ​កម្មវិធី​ដែល​នាង​ចេញ​មុខ​ត្រូវ​គេ​កត់សម្គាល់​ថា លេចធ្លោ​តិចតួច​ជាងគេ និង​ត្រូវ​បាត់​មុខ​ទៅវិញ ក្រោយពី​ចេញផ្សាយ​បាន​តែ​មួយ​រយៈ​។ លី​លី បញ្ជាក់ថា នឹង​ប្រឹងប្រែង​ក្ដោប​ក្ដាប់​តំណែង​នេះ មិន​ឲ្យ​របូត​នោះ​ទេ ដោយ​ក្នុង​រយៈពេល​នេះ នាង​ក៏​ប្រឡូក​អាជីព​ដើរ​ម៉ូដ​ក្នុង​ក្រុម​Cambodia Super Model និង​សម្ដែង​រឿង​ភាគ​ឲ្យ​CTN​ផងដែរ ដើម្បី​បង្កើន​ភាព​លេចធ្លោ​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles