រដ្ឋាភិបាល​ថ្មី​នៅ​តែ​មាន​សមាសភាព​ចាស់ភាគច្រើន

ថ្ងៃ អង្គារ 24 កញ្ញា 2013
ដោយ ប៉ែន បូណា
RFI

សមាភាព​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី៥​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​បន្ទាប់​ពី​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា។ មាន​រដ្ឋមន្ត្រី​១០នាក់​ដែល​ត្រូវបាន​ផ្លាស់ចេញ​ទាំងស្រុង​ឬ​ទៅ​កាន់​តំណែង​ក្រសួង​ផ្សេង។ ក្រៅពីនោះ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​អមដោយ​ឧបនាយករដ្ឋមន្ត្រី ៩រូប ទេសរដ្ឋមន្ត្រី​១៥រូប និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ១៣នាក់។

លោក​ ហ៊ុន សែន និង តំណាងរាស្រ្ត​ ក្នុងកិច្ចប្រជុំសភា និតិកាលទី5 (RFI-ចាន់ណា)

សេចក្តី រាយការណ៍​ ដោយ ប៉ែន បូណា

(02:27)

នៅក្នុង​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ មាន​រដ្ឋមន្ត្រី​ចំនួន ១០ នាក់​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ទាំងស្រុង​ឬ​ទៅកាន់​ក្រសួង​ផ្សេង។ សមាសភាព​រដ្ឋមន្ត្រី​ថ្មី​មាន លោក អូន ព​ន្ធ័​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជំនួស​លោក គាត​ឈន់, លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជំនួស​លោក ចម ប្រសិទ្ធ ដែល​ត្រូវ​ទៅកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពលជំនួស​កន្លែង​លោក ស៊ុយ សែម។ 

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ជំនួស​កន្លែង​លោក អ៊ឹម សិទ្ធី។ លោក​សាយ សំ​អាល់ កូនប្រុស​លោក​សាយ ឈុំ ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជំនួស​កន្លែង​លោក​ម៉ុក ម៉ារ៉េត។ លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​ជំនួស​កន្លែង​លោក សូ ឃុន។ លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជំនួស​លោក ហ៊ឹម ឆែម។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជំនួស​លោក ចាន់ សារុន។
 
ចំណែក​លោក អ៊ឹ​ត សំហេង អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​លោក វង សូត្រ អតីតរដ្ឋមន្ត្រី​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រាន់តែ​ប្តូរ​ក្រសួង​គ្នា​ដឹកនាំ​តែប៉ុណ្ណោះ។ ក្រៅពីនោះ សមាសភាព​រដ្ឋមន្ត្រី​ស្ថិតនៅ​ដូច​អាណត្តិ​មុន​ដដែល ដូចជា​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជាដើម។
 
គួរកត់សម្គាល់​ទៀតថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ជា​រដ្ឋាភិបាល​មាន​សមាសភាព​ចាស់​ភាគច្រើន និង​ជា​រដ្ឋាភិបាល​ដែលមាន​ក្បាល​ធំ​ដដែល។ ជាក់ស្តែង រដ្ឋាភិបាល​នេះ​មាន​អមដោយ​ឧបនាយករដ្ឋមន្ត្រី ៩រូប ទេសរដ្ឋមន្ត្រី ១៥រូប និង​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី​ចំនួន១៣នាក់។ នេះ​នៅ​មិនទាន់​រាប់​រដ្ឋលេខាធិការ និង​អនុ​រដ្ឋលេខា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀតផង​ទេ។
 
ចំណែកឯ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​ក៏ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ដាក់ជូន​រដ្ឋសភា​ដែរ ប៉ុន្តែ មិនត្រូវ​បាន​គេ​ចែក​ផ្សាយ​ដល់​អ្នកកាសែត​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មាន​កាតព្វកិច្ច​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ពី​អាណ​ត្ត​មុន និង​ប្តេជ្ញា​ធ្វើកំណែទម្រង់​លើ​គ្រប់​វិស័យ និង​កាន់តែ​ស្វាហាប់​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​ប្រទេស។
 

ប្រមុខ​រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋសភា ប្រជាពលរដ្ឋ ព្រមទាំង​ដៃគូ​អភិវឌ្ឍ និង​អ្នក​ពាក់​ព​ន្ធ័​ទាំងឡាយ​គាំទ្រ និង​ចូលរួម​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កម្មវិធី​នយោបាយ​នេះ​សម្រេច​លទ្ធផល​តាម​ការគ្រោងទុក៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល​ថ្មី​នៅ​តែ​មាន​សមាសភាព​ចាស់ភាគច្រើន"

  1. ជា ស៊ីម says:

    មុខពួកអាក្បត់ជាតិសូមបងប្អូនជួយមើល! កោតណាស់មិនចេះខ្មាស់ប្រជាពលរដ្ឋសោះដែលនាំគ្នា

    ទៅពួនលាក់មុខបង្កើតរដ្ឋាភិបាលស្ងាត់តែក្រុមក្បត់មួយក្ដាប់តូច! តើបងប្អូនមានយោលបលគិត

    យ៉ាងណាដែរហ្ន? បើសិនជាមិនមែនជាក្រុមមេចោរហារយទេម្លេះមិនចាំបាច់ទៅបិទបាំងដាក់របង

    បន្លាលួសនិងមានកម្លាំងប៉ូលិសយាមកាមយ៉ាងតឹងរឹងទេបងប្អូន?

    នេះគឺសុទ្ធតែពួកអាចោរក្បត់ជាតិ។ បើសិនជាមិនមែនចោរជាពលរដ្ឋល្អ

    ជាគតិបណ្ឌិតចេះស្រឡាញ់ជាតិនិងសាសនាម្លេះមិនចាំបាច់នាំគ្នាទៅលួចលាក់ធ្វើបែបនេះទេ

    បងប្អូន! គឺត្រូវតែបានមានប្រជាពលរដ្ឋចូលរួមអបអរសាទរនិងជួយត្រេកអរគាំទ្រមិនខាន!

    ប៉ុន្តែនេះវិញ ហៅមហាសែនថោកជាទីបំផុត! មិនតែប៉ុណ្ណោះពួកអាថោកនេះវាបានចាប់

    បង្ខំស្តេចខ្មែរឲ្យចូលរួមថោកជាមួយវាដែរ! អស្ចារណាស់!

    ស្តេចតុងទីពីរមិនគួរដើរតួជាអាយ៉ងរបស់ជនក្បត់ជាតិនេះសោះ! ព្រះអង្គរូបនេះលែងជាស្តេច

    នៃប្រទេសកម្ពុជាទៀតហើយ!

  2. លោកឈាង វុនមុខមាត់ពោរពេញដោយកិត្តិយសដ៏មហា
    អស្ចារ្យយ៉ាងមហាក្រៃលែង ។