ជំនន់​ទឹកភ្លៀង បាន​ស្រក​ខ្លះ​នៅតាម​បណ្តា​ស្រុក​មួយចំនួន​នៅ​សៀមរាប ប៉ុន្តែ​ស្រុក​ខ្លះ​ទៀត​នៅ​តែ​រង​ការលិចលង់​​

ដោយ៖​ បូ សាវី និងដួង សុខា​
ថ្ងៃសុក្រ ទី11 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

(រូបថតដោយ សាវី)

(រូបថតដោយ សាវី)


​ទឹកជំនន់ នៅ​ខេត្ត​សៀមរាប ដែល​បណ្តាល​មកពី​ការបាក់​ទំនប់​តា​កៅ ស្ថិតក្នុង​តំបន់​អង្គរ បាន​ស្រក​ខ្លះ​ហើយ នៅតាម​បណ្តា​ស្រុក​មួយចំនួន និង​នៅ​ក្រុង​ទេសចរណ៍ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប៉ុន្តែ​ស្រុក​ខ្លះ​នៅតែ​ទទួលរង​ការលិចលង់​។​

​ប្រជាជន​នៅ​ស្រុក​ក្រឡាញ់ ខេត្ដ​សៀមរាប លោក ស៊ីម សោភ័ណ្ឌ ប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ជំនន់​ទឹកភ្លៀង​មិនទាន់​ស្រក​ទាំងស្រុង​ទេ នៅ​ស្រុក​របស់​លោក ដោយសារតែ​មាន​ជំនន់​ទឹកភ្លៀង​ចំនួន​ពីរលើក​។ លោក បន្តថា ទឹកជំនន់​បានធ្វើឲ្យ ឃុំ​ចំនួន​៤ ក្នុងចំណោម​១០​ឃុំ​នៃ​ស្រុក​ក្រទ្បា​ញ់ លិចលង់​ធ្ងន់ធ្ងរ និង​បណ្ដាលឲ្យ​ខូចខាត​ដំណាំ​កសិកម្ម​ជា​ច្រើន​។ សាលា​មួយចំនួន​ក៏​ត្រូវបាន​បិទទ្វារ​បណ្តោះអាសន្ន​ផងដែរ​ ៖ "លិចតែឃុំធ្ងន់ធ្ងរ​ ឃុំតាអាង ជន្នៀសដៃ កំពង់​ស្កូវ ក្រឡាញ់ ថ្មីៗទើបតែលិចសំបួរក្រោយទេ​ ក៏ប៉ុន្ដែទឹកជំនន់​ឆ្នាំនេះហ្នឹង​ វាជន់ពីរសារ ធ្វើឲ្យ​ផលដំណាំរបស់គាត់​ ខូចទាំងស្រុងហ្នឹងច្រើន ដោយសារតែលើកទីមួយជន់មួយសារហ្នឹង រយៈពេលជិតដប់ថ្ងៃ ច្រកទៅវិញហើយ សារក្រោយនេះ​ យូរហ្នឹងធ្វើឲ្យ​រលួចខូចច្រើន" ។

​កាលពី​យប់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៣ ទំនប់​ទឹក​តា​កៅ ស្ថិតនៅ​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​បាក់ ដែល​បណ្ដាល​ឲ្យ​ជន​លិច​លំនៅឋាន​ពលរដ្ឋ​ប្រមាណ​១៥​ភូមិ ស្មើនឹង​ជិត​៣ ០០០​គ្រូ​សារ ស្ថិតនៅ​ខាងជើង និង​ខាងលិច​ក្រុង​ទេសចរណ៍ ក្នុង​សង្កាត់​គោកចក និង​សង្កាត់​ស្វាយដង្គំ​។

​ប្រជាជន​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប អ្នកស្រី ថន ដាលីន ឲ្យដឹងថា ទឹកជំនន់​លិច​ក្រុង​ទេសចរណ៍ ដែល​បណ្ដាល​ពី​ការបាក់​ទំនប់​តា​កៅ បាន​ស្រក​អស់ហើយ​នៅ​ក្រោមផ្ទះ​របស់​គាត់ និង​កន្លែង​មួយ​ចំនួន​នៅក្នុង​សង្កាត់ ​ប៉ុន្ដែ សាលារៀន​ខ្លះ​បន្ត​រង​ការលិចលង់​។

​អ្នកស្រី បន្ដថា អាជ្ញាធរ​ពាក់ព័ន្ធ មិនទាន់​ផ្ដល់​អំណោយ ឬ​ស្រង់​ឈ្មោះ​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ នៅក្នុង​សង្កាត់​មួយចំនួន ដើម្បី​ចែក​អំណោយ​ដល់​ពួកគាត់​នៅឡើយ​ទេ​ "ខានធ្វើការជាងប្រាំប្រាំមួយថ្ងៃហើយ ឡើងដាច់លុយ ទិញបាយទិញអី ។ នៅ​អត់ទាន់​បានចុះផង គេអត់ប្រាប់ផង ខ្ញុំអត់ហានទៅ ឃើញអ្នកខ្លះគេចុះ ខ្លះអត់ដឹង​" ។

VOD​មិនអាច​ទាក់ទង​អភិបាលខេត្ត លោក ឃឹម ប៊ុន​សុង បាន​នៅ​ទ្បើយ​ទេ​។ ប៉ុន្ដែ​សេចក្ដីអំពាវនាវ​របស់​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ដ​សៀមរាប ចុះ​ហត្ថ​លេ​ខា នៅ​ថ្ងៃ​ទី​១០ ​ខែតុលា ដោយ​អភិបាលខេត្ដ និង​ជា​ប្រធាន​គណៈកម្មាធិការ លោក ឃឹម ប៊ុន​សុង ឲ្យដឹងថា គ្រោះមហន្ដរាយ​ដោយ​ទឹកជំនន់ ចាប់ពី​ខែ​កញ្ញា ដល់​ខែ​តុលា​នេះ សម្លាប់​​មនុស្ស​១៥​នាក់ របួស​២​នាក់ ធ្វើឲ្យ​រលំ​ផ្ទះ​១១​ខ្នង ខូចខាត​ស្រូវវស្សា​ទាំងស្រុង​ចំនួន ​១ ២៤០​ហិកតា និង​លិច​ផ្ទះ​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ផងដែរ​។

​សេចក្តីអំពាវនាវ បន្តថា ទឹកជំនន់ បាន​ប៉ះពាល់​ក្រុង​-​ស្រុក​ចំនួន​៩ រួម​មាន​ស្រុក​ក្រឡាញ់ ស្រីស្នំ វ៉ារិន អង្គរ​ជុំ ពួក អង្គរ​ធំ ប្រាសាទបាគង ជី​ក្រែង និង​ក្រុង​សៀមរាប​។​

​សេចក្តីអំពាវនាវ​ឲ្យដឹង​ដែរ ថា​អាជ្ញាធរខេត្ត គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត សាខា​កាកបាទក្រហម​ខេត្ត បាន​សហការ​ជាមួយ​អង្គការ​នានា ផ្ដល់​ជំនួយ​បឋម​ដល់​គ្រួសារ​រងគ្រោះ​ចំនួន​ ៤ ៩៨៧​គ្រួសារ ក្នុងស្រុក​ក្រទ្បា​ញ់ និង​ក្រុង​សៀមរាប​។​

​ពាក់ព័ន្ធ​នឹង​ទឹក​ជំនន់​នៅ​កម្ពុជា មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឲ្យដឹងថា គិត​មកដល់​ថ្ងៃ​ទី​១០ ខែ​តុលា​នេះ មនុស្ស​ស្លាប់​បាន​កើន​ដល់​១០៤​នាក់​ហើយ ខណៈ​ប្រជាជន​ជិត​មួយ​លាន​ប្រាំ​សែន​នាក់  រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បាន​ពន្លិច​ខេត្ត​-​រាជធានី​ចំនួន​២០​ នៅ​កម្ពុជា ៕

សូមសរសេរមកកាន់ លោក បូ សា​វី​ តាមរយៈ savy@vodhotnews.com

What Next?

Recent Articles