កម្មករ​រោងចក្រ​២​ធ្វើ​កូដកម្ម​ទាមទារ​ការ​គោរព​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ

ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ យ៉ាង​ហោច​ណាស់​មាន​រោងចក្រ​កាត់​ដេរ​២ ដែល​មាន​ទីតាំង​ខុសៗ​គ្នា​បាន​ផ្ទុះ​កូដកម្ម។ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​នេះ​ឡើង ព្រោះ​ខាង​ភាគី​រោងចក្រ​មិន​គោរព​សិទ្ធិ​កម្មករ និង​រំលោភ​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា។ ប៉ុន្តែ តំណាង​រោងចក្រ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ដោយ ម៉ម មុនីរតន៍
2013-10-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ក្រុម​កម្មករ​មក​ពី​រោងចក្រ​ពីរ​ផ្សេង​គ្នា បាន​ចោទ​ប្រកាន់​ម្ចាស់​រោងចក្រ​ដែល​ពួក​គេ​កំពុង​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ថា ភាគី​រោងចក្រ​បាន​ព្យាយាម​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ ក្នុង​បំណង​បិទ​រោងចក្រ​ដោយ​ស្ងាត់ៗ ដើម្បី​រួច​ផុត​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ និង​មួយ​ផ្នែក​ទៀត ព្យាយាម​គាប​សង្កត់​ប្រឆាំង​កម្មករ។

កញ្ញា សយ ណាគ្រី ជា​កម្មការិនី​បម្រើ​ការ​នៅ​រោងចក្រ យូ.អែស.អេ (USA) ដែល​មាន​ទីតាំង​នៅ​ចាក់អង្រែក្រោម រាជធានី​ភ្នំពេញ និយាយ​ថា កម្មករ​ជិត ៤០០​នាក់ (៣៨០​នាក់) បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល ២​ថ្ងៃ​មក​ហើយ ចាប់​ពី​ថ្ងៃ​ទី​១៨ តុលា មក។ ការ​តវ៉ា​នេះ ដើម្បី​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ ប្រសិន​បើ​រោងចក្រ​នេះ​ត្រូវ​បិទ​ទ្វារ​ពិត​មែន​នោះ។ ណាគ្រី បន្ត​ថា មូលហេតុ​ដែល​ក្រុម​កម្មករ​ជ្រើស​រើស​មធ្យោបាយ​ធ្វើ​កូដកម្ម​នេះ ក្រោយ​ពី​ពួក​គេ​ដឹង​ថា ខាង​រោងចក្រ​ព្យាយាម​ដឹក​សម្ភារៈ​ចេញ​ម្ដង​ជា​ពីរ​ដង​ដោយ​ស្ងាត់ៗ ចាប់​ពី​ព្រលប់​ថ្ងៃ​ទី​១៧ តុលា។

សយ ណាគ្រី បញ្ជាក់​ថា បើ​ទោះ​ជា​ក្រុម​កម្មករ​ត្រូវ​ចំណាយ​ពេល​ធ្វើ​កូដកម្ម ក្រោម​តំណក់​ទឹក​ភ្លៀង និង​ផ្គរ​រន្ទះ​យ៉ាង​ណា​ក៏ដោយ ក៏​ពួក​គេ​មិន​បោះ​បង់​ការ​តស៊ូ​ឡើយ​នៅ​ពេល​នេះ៖ «លោក​ពូ​អើយ​ពួក​ខ្ញុំ​កម្សត់​ណាស់ នៅ​ហាល​ភ្លៀង​ហើយ​មាន​រន្ទះ​ទៀត។ ពួក​ខ្ញុំ​ឥត​មាន​បាន​សម្រាន្ត​ទេ គឺ​ខ្ញុំ​នៅ​ចាំ​យាម​ឥវ៉ាន់​ហ្នឹង គឺ​ទាំង​ភ្លៀង​តែ​ម្ដង ឥត​មាន​អី​នេះ​ទេ ទទឹក​ឡើង​ជោគ​អស់​លោក​ពូ»

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ រោងចក្រ​ដាច់​ដោយ​ឡែក​មួយ​ទៀត កម្មករ​ជាង ៣០០​នាក់ ប្រចាំ​រោងចក្រ ជេន ឡី ហ្គាមេន នៅ​ឃុំ​វិហារហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល ២​ថ្ងៃ​មក​ហើយ​ដែរ។ កញ្ញា សុខ វ៉ូន តំណាង​កម្មករ​នៅ​រោងចក្រ ជេន ឡី និយាយ​ថា អ្វី​ដែល​កម្មករ​ធ្វើ​កូដកម្ម​នៅ​ពេល​នេះ គឺ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ត្រូវ​ផ្ដល់​លទ្ធភាព​ឲ្យ​កម្មករ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ក្នុង​ពេល​កន្លង​ទៅ បាន​ចូល​ធ្វើ​ការ​ឡើង​វិញ។ លើស​ពី​នេះ គឺ​ខាង​រោងចក្រ​ត្រូវ​បញ្ឈប់​សកម្មភាព​ដែល​តែង​អនុវត្ត​មក​លើ​កម្មករ​ដោយ​ការ​បណ្ដេញ​ចេញ ដែល​ពុំ​បាន​ខ្វល់ខ្វាយ​ពី​ច្បាប់​ម្ដង​ណា​ទេ៖ «បង្ខំ​ឲ្យ​យើង​ដេរ​ឲ្យ​វា​ឲ្យ​បាន​គ្រប់​ចំនួន បើ​ឥត​គ្រប់​ចំនួន​ទេ វា​ជេរ​ឲ្យ​យើង វា​ស្ដី​ឲ្យ​យើង ប្រកាស​មេក្រូ​ស្ដី​ឲ្យ​ខ្មាស​គេ​អស់។ ហើយ​វា​ដក​យើង​ចោល​ហ្មង យើង​ដេរ​ឥត​បាន»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ពី​ភាគី​រោងចក្រ ជេន ឡី និង​ក្រសួង​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៩ តុលា។

ប៉ុន្តែ ប្រធាន​រដ្ឋបាល​រោងចក្រ យូ.អែស.អេ ប្រចាំ​រោងចក្រ​ចាក់អង្រែក្រោម បដិសេធ​ពី​ការ​ ដឹក​ជញ្ជូន​សម្ភារៈ​ចេញ​ពី​រោងចក្រ ដោយ​លោក​អះអាង​ថា នៅ​ពេល​នេះ​លោក​កំពុង​មាន​ជំងឺ ហើយ​ស្ថិត​នៅ​ឆ្ងាយ​ពី​រោងចក្រ​ផង៖ «ខ្ញុំ​ឥត​ដឹង​ផង ព្រោះ​ឥឡូវ​ខ្ញុំ​ឈឺ ខ្ញុំ​នៅ​គេង​ផ្ទះ​ណេះ​អូន ឥត​បាន​ដឹង​ដំណឹង​អី​ទាំងអស់ ទាល់​តែ​ថ្ងៃ​ទី​២៤ បាន​ចូល​វិញ។ ដឹង​ចូល​កើត​មិន​កើត​ផង ព្រោះ​ខ្ញុំ​វះ​ត្រចៀក ព្រោះ​ទាល់​តែ​ខ្ញុំ​ទៅ​ដល់​ណោះ បាន​ខ្ញុំ​ជម្រាប​អូន​បាន។ ពេល​អ៊ីចឹង ខ្ញុំ​ពិបាក​មែន​ទែន ព្រោះ​ខ្ញុំ​វះ​ត្រចៀក ខ្ញុំ​និយាយ​ច្រើន​ឥត​បាន​អូន»

យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ភ្លាមៗ​ក្នុង​ពេល​លោក​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​អាណត្តិ​ទី​ប្រាំ​នេះ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ថា រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សំខាន់ៗ ក្នុង​នោះ​មាន​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង​មុន។

ប៉ុន្តែ សហជីព​ចាត់​ទុក​ថា ឆន្ទៈ​នយោបាយ​របស់ លោក ហ៊ុន សែន នេះ នឹង​មិន​អាច​ទៅ​រួច​ឡើយ។ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​គោលការណ៍​រួច​មក គេ​សង្កេត​ឃើញ​ការ​តវ៉ា​ពី​ប្រាក់​ខែ​របស់​កម្មករ និង​លក្ខខណ្ឌ​ការងារ បាន​កើត​ឡើង​ព្រោងព្រាត មិន​ខុស​ពី​អាណត្តិ​មុនៗ​ដែរ។

កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី​កម្មករ ថ្លែង​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា កម្មករ​តែង​ទទួល​រង​សម្ពាធ​ដោយ​ការ​អនុវត្ត​ច្បាប់​ជា​ដរាប។ លើស​ពី​នេះ កម្មករ​កម្រ​ទទួល​បាន​សំណង​ពី​ការ​ក្ស័យ​ធន​របស់​ភាគី​រោងចក្រ​ថែម​ទៀត៖ «ប៉ុន្តែ អ្វី​ក្នុង​ហ្នឹង ខ្ញុំ​មិន​ដែល​ឃើញ​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង ឥត​ដែល​រោងចក្រ​ណា​បិទ​ទ្វារ ដែល​កម្មករ​បាន​លុយ​ដោយ​មិន​មាន​ការ​យំ​ស្រែក មិន​មាន​ការ​នៅ​មុខ​រោងចក្រ ពីរ​បី​ខែ ដើម្បី​ទាមទារ​របស់​គាត់​ទេ»

ក្រុម​កម្មករ​រោងចក្រ យូ.អែស.អេ បញ្ជាក់​ថា បើ​ដំណោះស្រាយ​នៅ​ថ្ងៃ​ទី​២១ ខាង​មុខ​នៅ​តែ​មិន​អាច​ទម្លាយ​ភាព​ជាប់​គាំង​នេះ​បាន​ទេ ជម្រើស​ចុង​ក្រោយ​របស់​ពួក​គេ គឺ​បិទ​ផ្លូវ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "កម្មករ​រោងចក្រ​២​ធ្វើ​កូដកម្ម​ទាមទារ​ការ​គោរព​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ"

  1. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!