កឹម សុខា មិន​ចូល​ជួប​អភិបាល​រាជធានី​តែ​នៅ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម

Monday, 21 October 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

131021_05b

លោក​ សម រង្ស៊ី និង​លោក ​កឹម សុខា​ ពេល​បាតុកម្ម​កន្លង​មក។ រូបថត លីណា

ភ្នំពេញៈ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​បដិសេធ​ជា​លើក​ទី ២ មិន​ទៅ​ជួប​តាម​ការ​អញ្ជើញ​របស់​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ​ឡើយ ប៉ុន្តែ​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​មហា​បាតុកម្ម​លើក ទី៣ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដើរ​ដង្ហែ​ក្បួន រយៈ​ពេល ៣ ថ្ងៃ​តាម​ការ​គ្រោង​ទុក​ដដែល ដើម្បី​ទាមទារ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត ចំពោះ​ភាព​មិន​ប្រក្រតី ក្នុង​ការ​បោះឆ្នោត ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ធ្វើ​ការ​តវ៉ា ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​បោះឆ្នោត​មក។

កាល​ពី​ថ្ងៃ សុក្រ តំណាង​គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​មេ​ក្រុម​ដឹក​នាំ​បាតុកម្ម បាន​ចូល​ទៅ​ជួប​ពិភាក្សា ពី​ការ​ធ្វើ​បាតុកម្ម ជាមួយ​មន្ត្រី​សាលា​រាជធានី ម្តង​រួច​មក​ហើយ ប៉ុន្តែ​ជំនួប​នោះ មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ ដោយ​សាលា​រាជធានី​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការ​ជួប​ជុំ​តែ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នក​ចូល​រួម​ត្រឹម​មួយ​ម៉ឺន​នាក់ នឹង​មិន​អនុញ្ញាត​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ឡើយ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ពី​ខេត្ត សៀមរាប កាល​ពី​ម្សិលមិញ​ថា លោក​ពុំ​មាន​ពេល​ទៅ​ជួប​លោក សុជាតិវង្ស នោះ​ទេ ដោយ​សារ​តែ​លោក ជាប់​រវល់​ចុះ​ជួប​ប្រជា​ពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់។ លោក​បាន​ថ្លែង​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​នៅ​ខេត្ត សៀមរាប ហើយ​ថ្ងៃ​ស្អែក ខ្ញុំ​រវល់​ទៅ​ខេត្ត តាកែវ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា យើង​នៅ​តែ​ធ្វើ​មហា​បាតុកម្ម តាម​ការ​គ្រោង​ទុក​ដដែល»។

លោក កឹម សុខា បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ស្នាម​មេដៃ ពី​ពលរដ្ឋ​បាន​ជិត ២ លាន​នាក់​ហើយ ហើយ​គណបក្ស​នឹង​ធ្វើ​ការ​បូក​សរុប​ថែម​ទៀត នៅ​មុន​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​លោក ឡុង ឌីម៉ង់។ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ លោក​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។ «ខ្ញុំ​មិន​ទាន់​ដឹង​ថា និង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត​ទេ យើង​ចាំ​មើល​ថ្ងៃ​ស្អែក​សិន ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ទេ»។

យោង​តាម​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ជូន​អភិបាល​រាជធានី កាល​ពី​ថ្ងៃ ទី ១៦ ខែ តុលា ថា មហា​បាតុកម្ម​អហិង្សា នឹង​ធ្វើ​ឡើង​រយៈ​ពេល ៣ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ទី២៣ ដល់​ថ្ងៃ ទី២៥ ខែ តុលា ដោយ​ក្នុង​រយៈ​ពេល ៣ ថ្ងៃ​នេះ​មាន​ការ​ហែ​ក្បួន​ដើម្បី​នាំ​យក​ញត្តិ ដែល​មាន​ភ្ជាប់​ស្នាម​មេដៃ​ជាង ៣ លាន​នាក់ ទៅ​ដាក់​ជូន​អង្គការ​សហ​ប្រជាជាតិ តាម​រយៈ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​មួយ​ចំនួន។ តាម​គម្រោង​គឺ​នៅ​ថ្ងៃ ទី២៣ ខែ តុលា នឹង​ដង្ហែ​ក្បួន ចាប់​ពី​ទីលាន​ប្រជាធិបតេយ្យ ទៅ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ។ ថ្ងៃ ទី២៤ ដង្ហែ​ក្បួន​ទៅ​ស្ថានទូត បារាំង អង់គ្លេស និង​ស្ថានទូត អាមេរិក និង​ថ្ងៃ ទី២៥ ពេល​ព្រឹក ដង្ហែ​ក្បួន​ទៅ​ស្ថានទូត អូស្ត្រាលី ឥណ្ឌូនេស៊ី និង​ជប៉ុន ចំណែក​ពេល​រសៀល ដង្ហែ​ក្បួន​ទៅ​ស្ថានទូត ចិន ប្រចាំ​កម្ពុជា។ នៅ​ទីលាន​ប្រជាធិបតេយ្យ​នឹង​មាន​ការ​រៀបចំ​វេទិកា និង​រោង ៤ ម៉ែត្រ គុណ ២០០ ម៉ែត្រ​នៅ​សង​ខាង​សម្រាប់​ធ្វើ​ជា​ជម្រក​ការពារ​ភ្លៀង និង​កម្ដៅ​ថ្ងៃ និង​សម្រាប់​បាតុករ​ស្នាក់​នៅ ចាប់​ពី​ថ្ងៃ ទី២២ ដល់​យប់ ថ្ងៃ ទី២៥ ខែ តុលា ឆ្នាំ ២០១៣។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​ថា តាម​បទ​ពិសោធ​កន្លង​មក គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ធ្វើ​ការ​ប្រឆាំង​នឹង​អាជ្ញាធរ​ដែល​ហាម​ឃាត់ ដូច​ជា ហាម​មិន​ឲ្យ​ដើរ​ក្បួន គាត់​ដើរ ដូច្នេះ ការ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​បី​នេះ ក៏​ពុំ​មាន​អ្វី​ខុស​ពី​លើក​មុន​ដែរ​។ លោក​បាន​ថ្លែង​ថា៖ «ក្នុង​នាម​យើង​ជា​សមត្ថកិច្ច ភារកិច្ច​របស់​យើង គឺ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ដូច្នេះ​យើង​ត្រូវ​តែ​ពង្រាយ កម្លាំង ដើម្បី​ការពារ​សន្តិសុខ»។

លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ថ្លែង​ថា អ្វី​ដែល​សាលា​រាជធានី អញ្ជើញ​លោក កឹម សុខា ឲ្យ​ចូល​ទៅ​ពិភាក្សា គឺ​ចង់​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍ ហើយ​ម្យ៉ាង​ទៀត​ក៏​ជា​ការ​ដាក់​សម្ពាធ​អំពី​ការ​កំណត់​ចំនួន​មនុស្ស​ដែល ចូល​រួម​ក្នុង​បាតុកម្ម​នេះ​ផង​ដែរ ដែល​ទង្វើ​នេះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ របស់​ប្រជា​ពលរដ្ឋ​។

លោក​ថ្លែង​ថា៖ «យើង​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​មហា​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​នេះ ពីព្រោះ​ការ​តវ៉ា​ចំនួន​ពីរ​លើក​រួច​មក​ហើយ តែង​តែ​មាន​ការ​បង្រ្កាប​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច ហើយ​ក៏​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​ផង​ដែរ​។ នៅ​ពេល​នេះ យើង​ឃើញ​មាន​ការ​ពង្រាយ​កម្លាំង​ចាប់​ផ្តើម​ទៀត​ហើយ ដែល​នេះ គឺ​ជា​ការ​គំរាម​ស្មារតី​ពលរដ្ឋ​ឲ្យ​ភ័យ​ខ្លាច មិន​ហ៊ាន​ចូល​រួម​ធ្វើ​បាតុកម្ម»។

គណបក្ស សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ពីរ​លើក​រួច​មក​ហើយ នៅ​ទីលាន​ប្រជាធិបតេយ្យ​គឺ​លើក ទី ១ កាល​ពី​ថ្ងៃ ទី៧ ខែ កញ្ញា និង​លើក ទី២ ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ ទី១៥ ដល់​ថ្ងៃ ទី១៧ ខែ កញ្ញា បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​របួស​ធ្ងន់​ជាង ១០ នាក់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ​នៅ​ឯ​ស្ពាន​អាកាស​ក្បាល​ថ្នល់៕


What Next?

Recent Articles

4 Responses to "កឹម សុខា មិន​ចូល​ជួប​អភិបាល​រាជធានី​តែ​នៅ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម"

  1. អ្នកធ្វើស្រែ says:

    អាឡូ!អាឡូ!អាឡូ!ឮខ្ញុះស្រែកទេបងប្អូនសូមនាំគ្នាអៅយបានច្រើនដើម្បីចូលរួមអង្គុយហិតផោម។​ ធុញណាស់លោកអើយ!!!មុខអាដែលៗ!!!មេបោកមុខក្រាស់អញ្ចឹងហ្ន!!!!!!

  2. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  3. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!

  4. Anonymous says:

    no comment.