Monday, 21 October 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ដូចការអះអាងរបស់នាងមែនថាមិនយូរទេក្រោយសម្រាលកូន និងថែសម្រស់ឲ្យឡើងបន្តិចនោះនាងនឹងចូលប្រឡូកសិល្បៈវិញបើទោះជាគេមើលមកឃើញថា នាងរស់នៅក្នុងគ្រួសារមានទ្រព្យស្តុកស្តម្ភហើយក៏ដោយ។
កាលពីថ្ងៃទី១៧ តុលា អ្នកនាងសុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកចោមរោមមើល ភ្ញាក់ផ្អើលមិនតិចឡើយ ក្នុងពេលដែលនាងបានក្លាយជាកូនប្រសាពេញសិទ្ធិ និងមានឋានៈស្ទើរដូចជំទាវទៅហើយ នៅតែមកទទួលថតរឿង នៅក្រោមពន្លឺថ្ងៃក្ដៅ តាំងពីព្រឹកដល់ព្រលប់ជ្រៅ ដោយមិនខ្លាចនឿយហត់បែបនេះ។ ជាមួយនឹងភាពរួសរាយរាក់ទាក់ អ្នកនាងក៏ត្រូវគេកត់សម្គាល់ថា មានរូបសម្រស់ស្រស់ស្អាតផូរផង់ មិនអន់ជាងកាលពីអ្នកនាងនៅមិនទាន់សម្រាលកូនស្រីនោះទេ។ ស្របគ្នានោះដែរ អ្នកនាងសុខ សោម៉ាវត្តី បានបញ្ជាក់ប្រាប់អ្នកដែលចោមរោមមើលនាងនាពេលនោះថា វត្តមាននាងចេញមកប្រឡូកក្នុងសិល្បៈគឺមានការអនុញ្ញាតពីប្តីនិងឪពុកម្តាយក្មេកផងដែលគាត់ក៏ផ្តល់កម្លាំងចិត្តផងដែរ»។
ប្រភពពីមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា នៅក្នុងការបង្ហាញខ្លួនរបស់នាងនាឱកាសនោះសោម៉ាវត្តីនាងបញ្ជាក់ហើយបញ្ជាក់ទៀតថា នេះជារឿងលើកដំបូងហើយ ដែលនាងបានទទួលសិទ្ធិពីស្វាមី និងក្រុមគ្រួសារឪពុកម្ដាយក្មេកចេញថត បន្ទាប់ពីនាងរៀបការ និងរួមរស់ក្លាយជាកូនប្រសាលោកនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ។ បន្ថែមពីការអះអាងពីសន្តានចិត្តដ៏ទូលំទូលាយពីក្រុមគ្រួសារឪពុកម្តាយក្មេកនោះទៀត តារាសម្តែងដែលមានកាយវិការក្រមិចក្រមើម ដែលដកខ្លួនមួយខ្យល់ធំពីសិល្បៈក្រោយរៀបការចូលគ្រួសារឧត្តមសេនីយ៍រូបនេះ ក៏បានបន្ថែមថា ស្វាមីរបស់នាងបានលើកទឹកចិត្តឲ្យអ្នកនាងទទួលថតរឿងនេះ ដោយសប្បាយចិត្តទៀតផង។ អ៊ីចឹងហើយ ទើបក្នុងពេលសម្ដែងរឿងនេះ គឺទោះជាមានភាពនឿយហត់បែបណាក៏អ្នកនាងនៅតែមានកម្លាំងចិត្ត ហើយពុះពារចេញពីក្នុងចិត្ត។
ក្រៅពីប្រាប់ថារឿងនាងចេញសម្តែងដំបូងមានចំណងជើងថា «អស្ចារ្យណាស់ប្តីខ្ញុំ» និងសម្តែងជាតួអង្គគ្រូពេទ្យនោះសុខ សោម៉ាវត្តីក៏បានបញ្ជាក់ទៅអ្នកចោមរោមមើលនាងនៅទីនោះផងដែរថា នាងទើបចេញថតរឿងនេះ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយតាមគម្រោងគឺនាងនឹងត្រូវចេញថតតែពីរទីតាំងប៉ុណ្ណោះ គឺភ្នំពេញ និងក្រុងព្រះសីហនុ។ រឿងនេះទើបថតបានប្រមាណជា២០ទៅ៣០ភាគរយនៃសាច់រឿងរឿងនេះនឹងចាក់បញ្ចាំងឆាប់ៗនេះក្នុងកញ្ចក់ទូរទស្សន៍បាយ័ន។
ដោយឡែកឆ្លើយឆ្លងតាមទូរស័ព្ទជាមួយភ្នំពេញប៉ុស្តិ៍ស្រីស្អាត សុខ សោម៉ាវត្តីមិនបាននិយាយច្រើននោះទេ ខណៈប្រាប់ថានាងជិតនឹងដល់ម៉ោងថតកម្មវិធីហើយ តែនាងបានប្រាប់ថា រឿង«អស្ចារ្យណាស់ប្ដីខ្ញុំ»ចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍បាយ័ននេះ។ នាងនិយាយថា៖«ខ្ញុំត្រូវគេឲ្យដើរតួជាអ្នកគ្រូពេទ្យសម្ដែង ជាមួយលោកសាយ សៀរ៉ា សម្ដែងជាតួប៉ូលិសចរាចរណ៍។ ក្នុងរឿងនេះ ហាក់មានភាពខុសប្លែកជាងរឿងមុនៗដោយសារតម្រូវឲ្យខ្ញុំសម្ដែងបែបសុភាពរាបសា ស្រគត់ស្រគំ ទន់ភ្លន់ និងមានឈុតបង្ហូរទឹកភ្នែកផង ដែលអាចនិយាយបានថា ខុសពីខ្សែរឿងមុនៗ ដែលខ្ញុំភាគច្រើនសម្ដែងជាតួបែបក្រមិចក្រមើមសុទ្ធសាធ»។
គួរបញ្ជាក់ផងដែរថា នេះជារឿងភាគលើកទី៤ហើយ ដែលអ្នកនាងបានទទួលសម្ដែង បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» រឿង«ប្រពន្ធខ្ញុំឆ្នាំខ្លា» និងរឿង«ហាមសិនមុនស្នេហ៍» ដោយមិនគិតរឿងដុំក្រោមចំណងជើងថា «សង្សារខ្ញុំអាប?»៕