ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
កាលពីថ្ងៃអាទិត្យ ទី២០ តុលា តារាល្បីឈ្មោះ២ដួង គឺលោក ទេព រិន្ទដារ៉ូ និងអ្នកនាង យុគ ចិន្តា បានដង្ហែអង្គកឋិនទានចំពេលគ្នាតែម្ដង បន្ទាប់ពីអ្នកទាំងពីរ បានដឹកនាំធ្វើអង្គកឋិនទានដ៍ធំនៅគេហដ្ឋានរៀងៗខ្លួនកាលពីថ្ងៃសៅរ៍ដូចគ្នានោះ។ នេះជាកាយវិការគួរឲ្យសរសើរមួយ ដែលតារាល្បីឈ្មោះទាំងពីរ បានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ក្នុងន័យលើកតម្កើងដល់វិស័យព្រះពុទ្ធសាសនា ខណៈដែលប្រទេសកម្ពុជា ទើបចាប់ផ្ដើមប្រារព្ធពិធីបុណ្យកឋិនដូចរាល់ឆ្នាំ។
ចាប់ពីថ្ងៃទី១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដែលគោរពព្រះពុទ្ធសាសនាមួយចំនួន នឹងរៀបចំពិធីបុណ្យកឋិនពេញរយៈពេល២៩ថ្ងៃ ដែលក្នុងឆ្នាំ២០១៣នេះ រដូវកាលបុណ្យកឋិនទាន នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២០ តុលា រហូតដល់ថ្ងៃទី១៧ វិច្ឆិកា។ អញ្ចឹងហើយ ទើបបានពិធីដង្ហែរកឋិនរបស់តារាល្បីឈ្មោះ២ដួង គឺរបស់លោកទេព រិន្ទដារ៉ូ និងរបស់អ្នកនាងយុគ ចិន្តា កាលពីថ្ងៃអាទិត្យ ទី២០ តុលា ត្រូវគេចាត់ទុកថា គឺជាការប្រារព្ធបុណ្យកឋិនក្នុងថ្ងៃទីដំបូងតែម្ដង សម្រាប់បុណ្យកឋិនឆ្នាំនេះ។

ប្រភពពីក្រុមគ្រួសាររបស់លោក ទេព រិន្ទដារ៉ូ បញ្ជាក់ថា លោកទេព រិន្ទដារ៉ូ គឺជាអ្នកដឹកនាំធ្វើអង្គកឋិននេះដោយផ្ទាល់តែម្ដង ដើម្បីដង្ហែរទៅកាន់វត្តមួយ ដែលស្ថិតនៅលើកោះអន្លង់ចិន ក្នុងឃុំកោះអន្លង់ចិន របស់ខេត្តកណ្ដាល។ ទោះយ៉ាងណា ទីវត្តនោះ មិនមែនជាទឹកដីកំណើតរបស់លោកទេព រិន្ទដារ៉ូនោះទេ ត្បិតលោកជាតារាដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងឯណោះទេ។ ពោលគឺលោករៀបចំធ្វើអង្គកឋិនទានទៅកាន់វត្តកោះអន្លង់ចិន ព្រោះតែទីវត្តនោះមានភាពខ្សត់ខ្សោយ និងដោយសារលោកជាប់ទទួលពាក្យបិណ្យបាត្រឲ្យដង្ហែអង្គកឋិនទានទៅកាន់ទីនោះ ក្នុងពេលដែលលោកធ្លាប់ទៅថតសម្ដែងនៅវត្តនោះប៉ុណ្ណោះ។ លោក ទេព រិន្ទដារ៉ូ បានធ្វើពិធីទទួលភ្ញៀវធំដុំ នៅបរិវេណវីឡារបស់ខ្លួននៅបុរី Newtown ម្ដុំពោធិ៍ចិនតុង កាលពីថ្ងៃសៅរ៍ទី១៩ តុលា និងបានធ្វើពិធីដង្ហែតាមក្បួនរថយន្តទៅកាន់ទីវត្តនោះ នៅព្រឹកថ្ងៃអាទិត្យទី២០ តុលា។
ក្នុងវេលានោះដែរ អ្នកនាងយុគ ចិន្តា ដែលជាពិធីការិនីល្បីឈ្មោះ ក៏បានជ្រើសយកពេល ដូចគ្នា ដើម្បីរៀបចំធ្វើពិធីបុណ្យកឋិនរបស់ខ្លួននោះដែរ។ អ្នកនាងជាអ្នកដឹកនាំធ្វើអង្គកឋិននេះ ដើម្បីដង្ហែទយ្យទានទៅកាន់វត្តមួយ ស្ថិតនៅខេត្តព្រៃវែង ដែលជាទីកំណើតរបស់អ្នកនាងផ្ទាល់។ អ្នកនាងបានរៀបចំពិធីទទួលភ្ញៀវកាលពីថ្ងៃសៅរ៍ដូចគ្នា នឹងលោកទេព រិន្ទដារ៉ូដែរ នៅបរិវេណហាងស្លឹកចាក និងហាងកាត់ដេរអមរបស់ខ្លួន ដែលស្ថិតនៅម្ដុំស្ថានទូតអាមេរិកចាស់ និងបានធ្វើក្បួនដង្ហែអង្គកឋិនតាមរថយន្តច្រើនគ្រឿងទៅកាន់តែខេត្តព្រៃវែង នៅព្រឹកថ្ងៃអាទិត្យទី២០ តុលា។
តាមការកត់សម្គាល់ បុណ្យកឋិនរបស់អ្នកនាងយុគ ចិន្តា មានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីឈ្មោះច្រើនជាង ដែលទំនងមកពីអ្នកនាងគឺជាអ្នករៀបចំកម្មវិធីធំម្នាក់ផង នៅក្នុងស្ថានីយទូរទស្សន៍CTN ដែលតារាភាគច្រើនត្រូវតែបង្ហាញវត្តមាន តាមការអញ្ជើញ។ ដោយឡែកចំពោះលោកទេព រិន្ទដារ៉ូ វិញ ត្បិតថាមិនមានតារាស្រីប្រុសស្រីល្បីឈ្មោះចូលរួមច្រើន ប៉ុន្តែក៏មានតារាមួយចំនួនបង្ហាញមុខផងដែរ ពិសេសក្រុមតារាបង្ហាញម៉ូដCambodia Super Model ដែលជាក្រុមរបស់កញ្ញាឌួង ហ្សូរីដានោះ។ ក្នុងពិធីរបស់លោក ក៏ឃើញមានវត្តមានមន្ត្រីប៉ូលិស និងមន្ត្រីអាជ្ញាធរប្រចាំនៅខណ្ឌពោធិសែនជ័យ ចូលរួមផងដែរ ខណៈដែលអ្នកនាងយុគ ចិន្តា ឯណោះវិញ ក៏មានវត្តមានអ្នកជំនួញ និងមន្ត្រីថ្នាក់ធំច្រើនរូប បង្ហាញមុខនៅក្នុងពិធីទទួលភ្ញៀវរបស់អ្នកនាងដូចគ្នា។ ប្រភពពីតារាជាច្រើននិយាយថា ដោយសារតារាល្បីឈ្មោះទាំងពីរដួង ជ្រើសថ្ងៃធ្វើកឋិនដូចគ្នា ទើបធ្វើឲ្យតារាខ្លះដែលត្រូវអ្នកទាំងពីរអញ្ជើញព្រមគ្នា ចែកពេលទៅមិនបានទាំងពីរ។ ទោះយ៉ាងណា លោកទេព រិន្ទដារ៉ូ បានអះអាងប្រាប់ថា បុណ្យកឋិនរបស់លោក លោកមិនបានអញ្ជើញតារាសិល្បៈច្រើនប៉ុន្មានឡើយ ដោយសារតែលោកដឹងថា អ្នកនាងយុគ ចិន្តា ក៏ធ្វើកឋិនចំថ្ងៃនោះដែរ។
បុណ្យកឋិនរបស់តារាទាំងពីរ គេចាប់អារម្មណ៍ថាគឺជាលើកដំបូងហើយ ដែលអ្នកទាំងពីរបានសម្រេចចិត្តធ្វើជាមេត្រ័យធំ ក្នុងអង្គកឋិនទាន ហើយជ្រើសយកថ្ងៃដំបូងតែម្ដង ក្នុងរដូវកាលដង្ហែរកឋិន ដើម្បីនាំទយ្យទានទៅប្រគេនព្រះសង្ឃ។ ការជ្រើសរើសកាលវេលាដើមរដូវនេះ ត្រូវគេជឿថា ជាវេលាល្អ ពោលគឺអាចនិយាយបានថា ព្រះភិក្ខុសង្ឃ និងពុទ្ធបរិស័ទត្រេកអរជាងថ្ងៃកឋិនផ្សេងៗ បន្ទាប់ពីព្រះភិក្ខុសង្ឃ មានភាពអត្តខ័តអស់រយៈពេល៣ខែ ក្នុងរដូវចូលព្រះវស្សានោះ៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ Vongsomalin@yahoo.com

សូមអោយលោកទេពរិនដារូនិងអ្នកនាងយុគចិន្តាមានសុខភាពល្អ