ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
សមត្ថកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ ចាប់ផ្តើមដាក់ពង្រាយរបាំងការពារនៅលើដងវិធីមួយចំនួននៅរាជធានីភ្នំពេញ ខណៈថ្ងៃធ្វើមហាបាតុកម្មលើកទី៣របស់គណបក្សសង្គ្រោះជាតិ ខិតជិតមកដល់។
គណបក្សសង្គ្រោះជាតិ គ្រោងនឹងចាប់ផ្តើមធ្វើមហាបាតុកម្មលើកទី៣ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា។ មហាបាតុកម្មលើកទី៣នេះ ក៏មានការដង្ហែក្បួនដើម្បីយកញត្តិភ្ជាប់ស្នាមមេដៃ ដាក់ជូន អង្គការសហប្រជាជាតិ និងដាក់ស្ថានទូត ប្រទេសភាគីហត្ថលេខី នៃកិច្ចព្រមទីក្រុងប៉ារីស។
នៅច្រកផ្លូវមួយចំនួន កែងផ្លូវព្រះនរោត្តម គេសង្កេតឃើញមានការដាក់របាំងត្រៀម ដូចជានៅស្តុបខាងត្បូងវិមានឯករាជ្យ។ ចំណែកខាងក្រោយព្រះបរមរាជវាំងវិញ កម្លាំងសមត្ថកិច្ច បានដាក់របាំងបិទផ្លូវ កុំឲ្យមានចរាចរណ៍ ធ្វើដំណើរឆ្លងកាត់។

(ខាងក្រោយព្រះបរមរាជវាំង)


អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា ការដែលអាជ្ញាធរ ចាប់ផ្តើមពង្រាយកងកម្លាំងការពារ និងរបាំងការពារនេះ គឺដើម្បីត្រៀមការពារសន្តិសុខសង្គម ដោយសារ អាជ្ញាធរ មិនអាចស្មានដឹងមុនថា នឹងគ្រប់គ្រងកម្លាំងបាតុកម្មនៅថ្ងៃទី២៣ខែតុលា បានឬយ៉ាងណា។
គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សាចំនួន២លើកមកហើយ ដើម្បីទាមទាររកដំណោះស្រាយពីភាពមិនប្រក្រតីជូនម្ចាស់ឆ្នោត។ អាជ្ញាធរ តែងតែរឹតបន្តឹងការធ្វើដំណើរគ្រប់ច្រកចេញចូល នៅពេលគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមមហាបាតុកម្មនៅទីលានប្រជាធិតេយ្យ៕
សូមសរសេរមកកាន់ កញ្ញ ជន ស្រីណុច តាមរយៈអ៊ីម៉េល chornsreynoch@vodhotnews.com

បើពួកអាបំផ្លាញជាតិឯងមិនធ្វបាតុកម្មក៍អាជ្ញាធរ ចាប់ផ្តើមដាក់ពង្រាយរបាំងការពារ និងកម្លាំងចម្រុះនៅតាមដងផ្លូវមួយចំនួនដែរ
បើគ្មានបាតុកម្មគ្មានឡើយការបិទផ្លូវ