ដោយ៖ តាំង វីដា
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
បណ្តាញពហុវិស័យ ចាត់ទុកសមាជប្រជាជន ដែលរៀបចំឡើងនៅព្រឹកថ្ងៃចន្ទនេះ ថាជាជោគជ័យមួយ នាំឲ្យប្រជាពលរដ្ឋ ចាប់ផ្តើមហ៊ានបញ្ចេញមតិរបស់ខ្លួននៅទីសាធារណៈ បើទោះបីជាការប្រមូលផ្តុំនោះ រងការបង្ក្រាបពីសមត្ថកិច្ចក្តី។
ការអះអាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅផ្ទះមេត្តាហៅស៍ ក្រោយពីបញ្ចប់សមាជ ដែលមានសមាជិកប្រមាណ ៥០០នាក់ ចូលរួមនៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ នៅម៉ោងប្រមាណ១២ថ្ងៃនេះ។
សមាជិកស្នូល មកពីបណ្តាញនេសាទបឹងទន្លេសាប លោក ស៊ឹម សុបញ្ញា មានប្រសាសន៍ថា បណ្តាញពហុវិស័យ មានការខកចិត្តជាខ្លាំង បន្ទាប់ពីអាជ្ញាធរ មិនផ្តល់ទីតាំងទីលានប្រជាធិបតេយ្យ ឲ្យពួកគេជួបជុំ។ ប៉ុន្តែបែរជាប្រើសមត្ថកិច្ចមករារាំង នាំឲ្យប៉ះទង្គិចលើអ្នកចូលរួម ដោយអហិង្សា ដែលឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ។ យ៉ាងណាក៏ដោយ លោក អះអាងថា សមាជប្រជាជននេះ គឺជាជោគជ័យមួយ ក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដែលជួយឲ្យប្រជាពលរដ្ឋ មានបង្ហាញឱកាសឡើងបង្ហាញពីទុក្ខលំបាករបស់ខ្លួន និងអ្វីដែលខ្លួនចង់បានពីគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរ។
សមាជប្រជាជនលើកទី៣នេះ ធ្វើឡើងក្នុងគោលបំណងជួយឲ្យប្រជាពលរដ្ឋ ស្វែងយល់ពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ការទាមទារឲ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា និងជាឱកាសសម្រាប់ពលរដ្ឋ លើកឡើងនូវកង្វល់របស់ខ្លួន ដែលកំពុងជួបប្រទះ និងរកដំណោះស្រាយរួម តាមរយៈការផ្ញើសាររបស់ខ្លួនទៅកាន់គណបក្សឈ្នះឆ្នោតទាំងពីរ៕

សមាជប្រជាជននៃបណ្ដាញពហុវិស័យ(រូបថតដោយ តាំង វីដា)
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
