ពលរដ្ឋ​២​​ស្រុក​​ក្នុង​​ខេត្ត​កោះ​កុង​​ទាមទារ​​សំណង​​សមរម្យ មុន​ឈូសឆាយ​ដី​របស់​គាត់​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង ដួង សុខា​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​​ពលរដ្ឋ​នៅ​​ស្រុក​គិរី​សាគរ និង​​បទុម​​សាគរ ខេត្ត​​កោះ​កុង នៅ​ថ្ងៃ​ចន្ទ​​នេះ ទាមទារ​​ឲ្យ​​អាជ្ញាធរ​ខេត្ត​ផ្តល់​​សំណង​​តាម​ផ្លូវ​ច្បាប់​​ដល់​​ពួក​គាត់ មុន​​នឹង​​ឲ្យ​ក្រុម​ហ៊ុន​​​ដែល​​​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ឈូសឆាយ​ដី​ស្រែ​ចម្កា​រ​រ​បស់​​ពួក​គាត់ ព្រោះ​ពួកគាត់​បាន​រស់នៅ​លើ​ដី​នោះ​តាំងពី​ឆ្នាំ​១៩៧៩​។​

​លោក ង៉ែត សារ៉េត ដែល​អះអាង​ជា តំណាង​ពលរដ្ឋ​ស្រុក​បទុម​សាគរ ឲ្យដឹងថា ប្រជាពលរដ្ឋ ៧០​នាក់​ តំណាង​ឲ្យ ២០០​គ្រួសារ ប្រមូលផ្តុំ​តវ៉ា​នៅមុខ​ទីស្នាក់​​ការ​ក្រុមហ៊ុន​ស៊ីណូ​ម៉ីចស៊ីន (SONOMEXIM INVESTMENT CO,LTD) ក្នុង​ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ ទាមទារ​ឲ្យ​ផ្តល់​សំណង​ដល់​ពួកគាត់​មុន​​នឹង​​ឈូស​ឆាយដី​។ លោក​បន្តថា កាលពី​ឆ្នាំ ២០១២ ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ក្រុមនិស្សិត​ចុះ​វាស់វែង​ដី​ឲ្យ​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​សល់​ប៉ុន្មាន​​​ទើប​ផ្តល់​ជា​ដី​សម្បទាន​ដល់​ក្រុមហ៊ុន តែ​អាជ្ញាធរ​ខេត្ត​មិន​អនុវត្ត​តាម​នោះទេ​ ៖ "​ដល់​ឥឡូវ​ប្រជា​ជន​អត់ទាន់មានដីហ្នឹង​ទេ គេ​អត់ទាន់មានបាន​វាស់​​វែង​ឲ្យ​​ប្រជា​ពលរដ្ឋថា មួយ​គ្រួសារ​ ៥​ហិចតា​អី​ហ្នឹង វា​អត់​ទាន់​មាន ហើយ​ដល់​ឥឡូវ​ក្រុម​ហ៊ុន​ឈូស​ឆាយ ឥឡូវ​ប្រជា​ជន​បាតុកម្ម​មិន​ឲ្យ​ឈូស​ឆាយ មិនឲ្យ​ធ្វើ​អញ្ចឹង ប្រជា​ជន​​ទាម​ទារ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​​ហ្នឹង​ជួយ​រក​ដំណោះ​ស្រាយ​កន្លែង​ហ្នឹង"។

​អភិបាលស្រុក​បទុម​សាគរ លោក អន ភារៈ មានប្រសាសន៍ថា គាត់​បាន​បញ្ជូន​អភិបាលរង​ឲ្យ​ចុះ​អន្តរាគមន៍​រួចហើយ តែ​ប្រជាពលរដ្ឋ​មិន​គួរ​ធ្វើ​ការតវ៉ា​បែប​នេះ​ទេ ៖ "យើង​មិនអាច​ឃាត់គ្រឿង​ចក្រគេ​​បាន​ទេ ពី​ព្រោះ​គេ​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ កាល​ណា​តែ​ឃាត់​ក្រុម​ហ៊ុន​គេ​ប្តឹង​ហ្នឹង អា​ជ្ញា​ធរ​មាន​លុយ​ឯណា​សង​គេ ព្រោះ​គ្រឿង​ចក្រ​គេ​គេ​គិត​ម៉ោង គិតម៉ោង​ គិត​ថ្ងៃ​ គិត​ខែ បុគ្គលិក​កម្មករ​គេ​ក៏​គិត​ខែ​ដែរ តែគេ​ផ្អាក​ហ្នឹង​គេ​ប្តឹង​យើង គេ​គិត​សរុប​ហើយ បង​ប្អូន​យើងមាន​ដីចម្ការ​ពិត​ប្រាកដ យើង​ធ្វើរាយ​ការណ៍មក​ តាម​រយៈ​ភូមិ​ឃុំ​ស្រុក​មក ដើម្បី​ខ្ញុំ​រាយ​ការណ៍​ទៅ​លើ​"។

​ពលរដ្ឋ នៅ​ឃុំ​កោះ​ស្តេច  ស្រុក​គិរីសាគរ អ្នកស្រី សេស សេង​ហៀ​ង  ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​នេះ​ថា គាត់​នឹង​ប្រជាពលរដ្ឋ​នាំគ្នា​កាក់​គ្រឿងចក្រ​របស់​​ក្រុមហ៊ុន​មួយគ្រឿង ដែល​បាន​ចុះ​ឈូសឆាយ​ធ្វើឲ្យប៉ះពាល់​ដល់​ដំណាំ​របស់​ពួកគាត់​។ អ្នកស្រី​ថា គាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​សំណង​ដល់​ពួកគាត់​ជា​មុន​សិន​ ​ ​៖ "អាត្រាក់ អាអ៊ីច​គេ​ហ្នឹង វា​មាន​អូរ​ ដល់​ហើយ​វា​ធ្លាក់​ចូល​អូរ​ទៅ​ ខ្ញុំ​ក៏អ​ត់​ឲ្យ​វាយក​ចេញ​ដែរ​ចាំ​ឲ្យ​វា​សង​ថ្លៃ​ដំណាំ ថ្លៃ​ដី​ភូមិ​ខ្ញុំ​សិន មាន​ស្វាយ មាន​ដូង មាន​ចន្ទី មាន​ដើម​ចន្ទ​គ្រិស្នា គេ​ឈូស​ផ្លូវ​ចូល​ទៅ​មាត់​សមុទ្រ តែ​ដី​កន្លែង​ហ្នឹង​មិន​ទាន់​ទូទាត់​គ្នា មិន​ទាន់​ដោះ​ស្រាយ" ។

​អភិបាល​ស្រុក​គិរីសាគរ លោក ឃឹម ច័ន្ទ​ឌី ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​នេះ លោក​បាន​ចុះ​អន្តរាគមន៍​រួចហើយ​។ លោក​ថា លោក​កំពុង​ចរចា​ជាមួយ​ក្រុម​ហ៊ុន​​ចិន ញូញៀ​ន ឌី​វឺឡុ​បមែន (Union Development Group Company) ឲ្យ​ដោះស្រាយ​សំណង​ដល់​ប្រជាពលរដ្ឋ ដែល​នៅសល់​ជាង​២០​គ្រួសារ​នេះ​ទៅ​តាម​​ផ្លូវ​ច្បាប់​។​

VOD​មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​នោះ​​បាន​នៅឡើយ​ទេ​។

​អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ជិត អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ពន្លឿន​ការដោះស្រាយ​បញ្ហា​ពលរដ្ឋ​​ឲ្យបាន​ឆាប់​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​២០១១ បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន ក្រុមហ៊ុន ស៊ីណូ​ម៉ីចស៊ីន ទំហំ​៤ ២៨០​ហិកតា ដើម្បី​អភិវឌ្ឍ​​ធ្វើ​ជា​តំបន់​ក​សិ​ទេសចរណ៍ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​​បទុម​សាគរ ខេត្ត​កោះកុង​។ ដោយឡែក ក្រុមហ៊ុន​ចិន ញូញៀ​ន ឌី​វឺឡុ​បមែន ទទួលបាន​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ៣៦ ០០០​ហិកតា នៅ​ឆ្នាំ​២០០៨ និង​បន្ថែម​៩ ១០០​ហិកតា​ទៀត​​នៅ​ឆ្នាំ​២០១១​។ សម្បទាន​ដី​នេះ ប៉ះពាល់​ដល់​ពលរដ្ឋ​១ ១៤៣​គ្រួសារ ត្រូវ​បណ្តេញចេញ​ពី​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​បទុម​សាគរ និង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង​៕

សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

One Response to "ពលរដ្ឋ​២​​ស្រុក​​ក្នុង​​ខេត្ត​កោះ​កុង​​ទាមទារ​​សំណង​​សមរម្យ មុន​ឈូសឆាយ​ដី​របស់​គាត់​"

  1. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!