សាលារាជធានី ហៅ​​បក្ស​​សង្គ្រោះជាតិ​ទៅពិភាក្សា​អំពី​ការ​ដង្ហែ​ញត្តិ​ទៅ​តាម​ស្ថាន​ទូត​

​ថ្ងៃ អង្គារ 22 តុលា 2013
ដោយ លាង ដឺលុច
RFI

នៅ​រសៀល​ថ្ងៃអង្គារ​នេះ តំណាង​គណបក្ស​សង្គ្រោះជាតិ និង​សាលារាជធានី​ភ្នំពេញ​នឹង​ជួប​គ្នា​ម្តងទៀត ដើម្បី​ជជែក​អំពី​បញ្ហា​លំអិត​​ទាក់ទង​នឹង​ការ​ដង្ហែ​ស្នាម​មេដៃ​ទៅ​តាម​បណ្តា​ស្ថានទូត ដែល​គណបក្ស​នេះ​បាន​គ្រោង។ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ បាន​ពន្យល់​ថា អាជ្ញាធរ​ត្រូវ​ការរៀបចំ​​តម្រាយ​ផ្លូវ​សម្រាប់​ការ​ដង្ហែ​​ញត្តិ​នេះ ដើម្បី​បញ្ជៀស​អសណ្តាប់ធ្នាប់ និង​ការ​ពារ​សន្តិសុខ​ចំពោះ​ស្ថានទូត​​ផង។

អ្នកគាំទ្រគណបក្សប្រឆាំងនៅក្នុងមហាបាតុកម្ម (RFI/Siv Channa)

សេចក្តី​រាយការ​ណ៏របស់​ លាង ដឺលុច

(02:06)

មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក​ហើយ ការ​ជួប​គ្នា​រវាង​គណបក្ស​នេះ​ និង​អាជ្ញាធរ​រាជធានី​នៅ​តែ​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​នេះ។ នៅ រសៀល​ថ្ងៃ​អង្គារ​នេះ សាលារាជធានី​ភ្នំពេញ​នឹង​ពិភាក្សា​លំអិត​អំពី​គម្រោង​ហែក្បួន​ដាក់​ញត្តិ​ ឬ​ស្នាមដៃ​របស់គណបក្ស​សង្គ្រោះជាតិ​ទៅ​​តាម​បណ្តាស្ថានទូត។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ ឡុង​ ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ។

 
ចំនួន​មនុស្ស​ដែល​ចូលរួម​ហែរ​ញត្តិ​ក៏​នឹង​ក្លាយជា​របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​គ្នា​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ។ ខណៈ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ហូ វ៉ាន់​​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា គណបក្ស​លោក​នឹង​ទទូច​ប្រាប់​សាលារាជធានី​ថា អ្នកចូលរួម​ដង្ហែ​ញត្តិ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ខាង​មុន​នេះ នឹង​មាន​ចំនួន​១ម៉ឺន​នាក់ អ្នកនាំពាក្យ​សាលារាជ​ធានី​បាន​ព្រលយ​អោយដឹង​ហើយ​ថា សាលារាជធានី​ទំនង​ជា​នឹង​អនុញ្ញាត​អោយ​ចំនួន​នៃ​អ្នកហែរ​ញត្តិ​នេះ​ មិន​អោយ​លើស​ពី​១០០០នាក់​ឡើយ។
 
មូលហេតុ​ត្រូវបាន​មន្ត្រី​សាលារាជធានី​រូប​នេះ​ពន្យល់​យោង​ទៅ​លើ​បញ្ហា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​​របស់ស្ថានទូត​ផង។ យោងតាម​មន្ត្រី​ដដែល គណបក្ស​សង្គ្រោះជាតិត្រូវ​ទទួល​ការ​យល់​ព្រម​ពី​ស្ថានទូត​ថា នឹង​ទទួល​យក​ញត្តិ​ពួកគេ ទើប​អាជ្ញាធរ​ធ្វើ​តម្រាយ​ផ្លូវ​ជូន​ពួកគេ ហើយ​ថា ក្បួន​ទាំង​នោះ​ក៏​មិនអាច​ទៅ​ក្បែរ​ស្ថានទូត​ដែរ។ គឺ​តម្រាយ​ផ្លូវ​នេះ​ហើយ ដែល​អាជ្ញាធរ​សាលារាជធានី​នឹង​ត្រូវអន្តរាគមន៍​ជួយ​សំរួល​ក្នុង​ការ​ធ្វើ​ចរាចរនោះ។
 
លោក ហូ វ៉ាន់ ដែល​ទទួល​បន្ទុក​ក្នុង​ការងារ​រៀបចំ​មហាបាតុកម្ម​​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់អោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៣តុលា ស្នាម​មេដៃ​ស្តី​ពី​ការ​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នឹង​ត្រូវដង្ហែ​ទៅ​ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ គណបក្ស​នេះ​នឹង​ដង្ហែ​ស្នាម​មេដៃ​ទៅ​ស្ថានទូត បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក។ រីឯ​ព្រឹក​ថ្ងៃ​ទី​២៥​វិញ គណបក្ស​នេះ​នឹង​ដង្ហែ​ស្នាម​មេដៃ​ទៅ​ស្ថានទូត អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងស្ថានទូត​ចិន។
 
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក​ ហូ វ៉ាន់ ដែល​នឹង​មាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នា​រសៀល​នេះ​បាន​ប្រាប់​អោយដឹងថា គណបក្ស​សង្គ្រោះជាតិ​នៅ​ទទួច​សង់​រោង​​ដើម្បី​ផ្តល់ជម្រក​ដល់​បាតុករ​ដែល​មក ​ពី​បណ្តា​ខេត្ត​ចាប់​ពី​ល្ងាច​ថ្ងៃអង្គារ​នេះហើយ។  ការ​សង់រោង​ស្នាក់​នៅ​ពេល​យប់ ដែល​​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​បដិសេធ​រួចហើយ​។ ការ​បដិសេធ​នេះ​ត្រូវបាន​សរសេរ​នៅ​ក្នុង​លិខិត​ផ្ញើ​មក​អភិបាល​រាជធានីភ្នំពេញ​​នៅ​យប់​ថ្ងៃ​ច័ន្ទ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

One Response to "សាលារាជធានី ហៅ​​បក្ស​​សង្គ្រោះជាតិ​ទៅពិភាក្សា​អំពី​ការ​ដង្ហែ​ញត្តិ​ទៅ​តាម​ស្ថាន​ទូត​"

  1. Terminator III says:

    The resolution for this matter will remain an obstacle if the ruling party is still resisting to accept the demand that lead to the investigation of electoral irregularities. We already knew that CPP keep playing game of the same old strategy, luring the opposition into bilateral negotiation by offering some lower positions in the parliament which is unacceptable by the CNRP. The question is, why CPP is hesitated and denied the request from the voters ? Are they satisfied with the political deadlock that lead to the social unrest and political turmoil for the long run ?