Tuesday, 22 October 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ បើទោះជាអ្វីៗជុំវិញខ្លួនបូករួមទាំងរស្មីនៃជីវិតត្រូវស្រអាប់ពន្លឺតែមួយប៉ប្រិចភ្នែក ក្រោមដៃឃាតកដ៏កំណាចបាញ់ប្រហារប៉ងផ្តាច់ជីវិត ប៉ុន្តែសង្ខារទេវតាប្រោស នាង ពៅបញ្ញាពេជ្រ នៅមានដង្ហើមដកនិងរស់រងទុក្ខអង្គុយលើរទេះជិត១០ឆ្នាំ ខណៈឃាតកមិនត្រូវបានវែកមុខនោះ។រំលងពេលវេលាដ៏អស់សង្ឃឹមនាង ពៅបញ្ញាពេជ្រ បានប្រកាសរំសាយចិត្តពីការតាមរកឃាតកដែលមុននោះតែងទទូចឲ្យប៉ូលិសតាមវែកមុខឃាតក ដែលបាញ់ប្រហារនាងកាលពី៨ឆ្នាំមុននៅចំកណ្តាលរាជធានីភ្នំពេញ។
បង្ហើបពីការបោះបង់ចិត្ត លែងឲ្យប៉ូលិសតាមវែកមុខឃាតកនាងពៅបញ្ញាពេជ្របានទម្លាយជាសាធារណៈខណៈដែលនាងឡើងបង្ហាញខ្លួនបញ្ចេញសំឡេងជាលើកដំបូងលើឆាកប្រគំតន្រ្តីមនុស្សធម៌ ដែលរៀបចំឡើងដោយក្រុមនិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត កាលពីល្ងាចថ្ងៃទី២០ខែតុលាដើម្បីរៃអង្គាសប្រាក់សម្រាប់កម្មវិធីមួយឈ្មោះថា «បោះបង់ចោលអ្វីៗរួចចាប់យកការអាន»។
យ៉ាងណា មិនមែនមានតែតារាចម្រៀងនាង ពៅ បញ្ញាពេជ្រ តែម្នាក់ឯងនោះទេដែលមានវត្តមានក្នុងការប្រគំតន្រ្តីមនុស្សធម៌នោះ។ ក្នុងនោះមានតារាចម្រៀងតារាសម្តែងជាច្រើនក៏មានវត្តមាននៅទីនោះដែរ ប៉ុន្តែការគាំទ្រនិងចាប់អារម្មណ៍ពីមហាជនហាក់មានចំពោះនាងពៅ បញ្ញាពេជ្រ យ៉ាងច្រើនជាមួយការតុបតែងឆាកប្រកបដោយភាពទាក់ទាញ។
វត្តមានពេលឡើងច្រៀងលើឆាកនោះពៅ បញ្ញាពេជ្រ មិនត្រូវបានអង្គុយលើរទេះនោះទេ នាងត្រូវគេនាំយកទៅឲ្យអង្គុយនៅលើសាឡុង ក្រោយអេក្រង់បញ្ចាំងស្លាយដែលរំលេចស្រមោលនាងក្នុងដំណើររូបភាពយឺតៗ។ទន្ទឹមគ្នានោះសំឡេងនិងរូបរាងរបស់នាងក៏លេចចេញកាត់ផ្ទាំងស្លាយសំឡេងដែលនៅតែច្រៀងពីរោះមិនចាញ់កាលពីមុននាងពិការនោះ នាងពៅ បញ្ញាពេជ្រ បានបកស្រាយបទចម្រៀងចំនួន៤បទជាចំណងដៃតបនឹងការគាំទ្ររបស់មហាជន។ចំណោមបទចម្រៀងទាំង៤បទដែលនាងបកស្រាយនោះមានមួយបទដែលនាំឲ្យអ្នកទស្សនានៅទីនោះក្តុកក្តួលចិត្តស្ទើរទប់ទឹកភ្នែកមិនបានដែលអត្ថន័យនៃបទនោះហាក់បញ្ជាក់ពីខែ្សជីវិតដ៏វេទនារបស់ម្ចាស់សំឡេងពិសេសក្រោយនាងធ្លាក់ខ្លួនក្លាយជាមនុស្សពិការនោះ។
«សង្ឃឹមថ្ងៃមួយ» ជាបទចម្រៀងដែលនាងច្រៀងនិងទទួលបានការគាំទ្រច្រើនក្នុងរាត្រីដំបូងក្រោយនាងធ្លាក់ខ្លួនពិការជិត១០ឆ្នាំ។ឃ្លាមួយនៃបទនេះ បានច្រៀងថា បើយើងនៅមានសង្ខារគឺយើងនៅមានវាសនា ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះក្រោយភ្លៀងរលឹម ហេតុអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន។
ស្តែងចេញពីការទួញថ្ងូរតាមអត្ថន័យបទចម្រៀងនេះហាក់ជំរុញឲ្យនាងឡើងឆាកតន្រ្តីជាថ្មីទាំងភាពក្លាហានដែលមុននោះបើទោះជានាងខ្លួនឯងដឹងថាសំឡេងច្រៀងកើតក៏ដោយ ក៏នាងមិនដែលចេញច្រៀងតបតាមការអញ្ជើញរបស់អ្នករៀបចំខុនស៊ឺតឡើយ ក្រៅពីច្រៀងបង្ហោះក្នុងហ្វេសប៊ុកនោះ ។
នៅថ្ងៃទី២០ខែតុលា គឺជាថ្ងៃដំបូងរបស់ពៅបញ្ញាពេជ្រ ក្នុងដំណើរឡើងឆាកចម្រៀងខណៈអាជីពចម្រៀងនោះនាងប្រឡូកតាំងពីវ័យនៅជាអនីតិជន។ ទន្ទឹមនឹងការបង្ហាញវត្តមានលើឆាកប្រគំតន្រ្តីជាលើដំបូងពៅ បញ្ញាពេជ្រ នាងក៏ប្រកាសបោះបង់គំនិតដែលចង់ឲ្យប៉ូលិសវែកមុខឃាតក បាញ់ប្រហារនាងកាលពី៨ឆ្នាំមុននោះដែរ។
នាងបាននិយាយថា៖«នាងខ្ញុំបានបោះបង់ចោលក្តីសង្ឃឹម ដែលថា នគរបាលនឹងវែកមុខរកជនដៃដល់ដែលបាញ់ប្រហារមកលើរូបខ្ញុំកាលពី៧-៨ឆ្នាំមុននោះហើយ ហើយខ្ញុំលែងសួរពីរឿងនេះទៀតដែរនគរបាលក៏មិនបានប្រាប់អ្វីដល់ខ្ញុំដែរ»។ នាងបានប្រាប់ថា៖«ពេលនេះខ្ញុំផ្តោតតែលើរឿងមួយគឺតើគួរធ្វើដូចម្តេច ទើបសុខភាពនិងជីវិតរបស់ខ្ញុំបានប្រសើរឡើងប៉ុណ្ណោះ»។ ជាមួយនឹងការប្រកាសបញ្ចប់មហិច្ឆតាវែកមុខឃាតកនោះដែរ នាងក៏បានសារភាពដោយត្រង់ៗថា៖«កត្តាមួយដែលជំរុញឲ្យនាងវិលត្រឡប់ឡើងឆាកម្តងទៀតនោះ គឺដោយសារនាងត្រូវការប្រាក់សម្រាប់បង់ថ្លៃព្យាបាលជំងឺហើយក៏ផ្តើមពីចំណែកមួយក្នុងការជួយរកថវិកាជួយកុមារកំព្រាដែរ»។
ទន្ទឹមនឹងការប្រកាសរបស់នាងពៅ បញ្ញាពេជ្រ ដែលបោះបង់មហិច្ឆតា ឲ្យប៉ូលិសវែកមុខឃាតកនោះដែរ អ្នកផ្តើមគំនិតរៀបចំកម្មវិធីប្រគំតន្រ្តីមនុស្សធម៌និងជាបុគ្គលទីមួយអញ្ជើញនាងពៅ បញ្ញាពេជ្រ មកច្រៀងបានអ្នកនាង សាយ ហៀង ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ពៅ បញ្ញាពេជ្រ នាងធ្លាប់ប្រាប់ខ្ញុំថា មកពេលនេះសម្រាប់នាងដែលជាមនុស្សពិការហើយនោះ ហើយក៏មិនអាចវិលរកសភាពប្រសើរដូចដើមបាននោះ នាងក៏មិនចង់ឲ្យតុលាការឬប៉ូលិសនោះ ចាប់ឃាតកមកផ្តន្ទាទោសដាក់គុកឬយ៉ាងណានោះទេ»។
អ្នកនាងសាយ ហៀង បញ្ជាក់ថា៖«ពៅ បញ្ញាពេជ្រ នាងថា បើអាចសូមឲ្យតែឃាតកនោះជួយចេញលុយចិញ្ចឹមជំងឺនាងទៅបានហើយ បើទោះជាដោយផ្ទាល់ឬប្រយោលក៏ដោយ»៕



គួរឲ្យអាណិតណាស់។