Tuesday, 22 October 2013
ជាង សុខា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់វិភាគទានចំនួន ៣៨៦ ៧០០ ដុល្លារអាមេរិក ជូនដល់ភាគីអង្គការសហប្រជាជាតិនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីបន្តទ្រទ្រង់ដំណើរការសាលាក្តី ដែលកំពុងជួបប្រទះនូវកង្វះថវិកាដ៏ធ្ងន់ធ្ងរខណៈពេលសវនាការលើសំណុំរឿង ០០២ កំពុងដំណើរការ។
សំណុំរឿង ០០២ ដែលកំពុងកាត់ទោសលើអតីតមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហម ដែលមានជនជាប់ចោទ ខៀវ សំផន និង នួន ជា បានឈានដល់សេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលដំណាក់កាលដំបូងនៃសំណុំរឿងនេះហើយ។
ជប៉ុនបានចាត់ទុកថា វាមានសារៈសំខាន់សម្រាប់ អ.វ.ត.ក ដើម្បីបន្តការកាត់ក្តីក្នុងរបៀបមួយមានភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងឆាប់រហ័ស ដោយហេតុថា ជនជាប់ចោទមានវ័យកាន់តែចាស់ជរា និងសុខភាពទន់ខ្សោយ និងដើម្បីសម្រេចបាននូវយុត្តិធម៌ ដែលកំពុងត្រូវបានទន្ទឹងរង់ចាំអស់រយៈពេល យ៉ាងយូរមកហើយសម្រាប់ប្រជាជនកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបាន និងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តាំងពីដើមដំបូងរៀងមកហើយគិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៣ ជំនួយហិរញ្ញវត្ថុរបស់ជប៉ុនសម្រាប់តុលាការនេះ មានចំនួន ប្រមាណជា ៧៨,៧២ លានដុល្លារអាមេរិក ស្មើនឹងប្រហែល ៤១% នៃវិភាគទានអន្តរជាតិសរុប។
អើុយ អាពីរក្បាលនេះ ចាស់ៗណាស់ទៅហើយ កុំដាក់គុកម៉ាជីវិត នាំតែមានកម្ម មានពារអី គឺគ្រាន់តែដំពងម្នាក់ៗ ១ញញួរទៅបានហើយ!