សហមេធាវី​លោក នួន ជា ច្រាន​ចោល​នូវ​ភស្តុតាង​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​

ថ្ងៃ អង្គារ 22 តុលា 2013
ដោយ លី ម៉េងហួរ
RFI

ក្នុង​សវនាការ​បិទ​បញ្ចប់​ការសន្និដ្ឋាន​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង​០០២ វគ្គ​ទី​១ នៅ​ព្រឹក​ថ្ងៃ​ទី​២២​តុលា​នេះ ដល់​វេន​សហមេធាវី​ការពារ​លោក នួន ជា ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន។ ផ្តើម ដំបូង សហ​មេធាវី​បរទេស​របស់​លោក នួន ជា គឺ​លោក​មេធាវី វីកទ័រ គូប៉េ (Victor Koppe) បាន​ច្រាន​ចោល​នូវ​ឯកសារ​ភស្តុតាង​នានា​របស់​សហ​ព្រះ​រាជអាជ្ញា មក​ដល់​លោក នួន​ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា សម័យ​ខ្មែរ​ក្រហម។

លោក​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា ​និង​ជា​បង​ទី​២​ សម័យ​ខ្មែរ​ក្រហម​ នៅក្នុង​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃចន្ទ២៧មិថុនា២០១១​ (© Reuters/Mark Peters)

សេចក្តី​រាយការ​ណ៏របស់​ លី ម៉េងហួរ

(02:16)

ភាគី​សហ​មេធាវី​ការពារ​ក្តី​លោក នួន​ជា មាន​ពេល​ពីរ​ថ្ងៃ ចាប់ពី​ព្រឹក​ថ្ងៃទី២២តុលា​នេះ ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន បិទ​បញ្ចប់​ការពិភាក្សា​ដេញដោល លើ​សំណុំរឿង០០២ ដំណាក់កាល​ទី១ ស្តីពី ការជម្លៀស​ដោយ​បង្ខំ និង​ការសម្លាប់​ទាហាន អ្នករដ្ឋការ​សម័យ​សាធារណៈរដ្ឋ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់។

 
ក្នុង​សវនាការ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​មេធាវី Victor Koppe សហ​មេធាវី​បរទេស សញ្ជាតិ​ហូ​ឡង់ ការពារ​ក្តី​លោក នួន​ជា បាន​លើកឡើងថា ឯកសារ​ភស្តុតាង ដែល​លើកឡើង​ដោយ​សហ​ព្រះរាជអាជ្ញា រួមមាន៖ វិ​ដេ​អូ​សម្ភាសន៍​រវាង​អ្នកកាសែត ថេត​សម្បត្តិ និង​លោក​នួន ជា រួមទាំង​សៀវភៅ​ប្រវត្តិសាស្ត្រ និពន្ធ​ដោយ​អ្នកកាសែត និង​អ្នកប្រវត្តិសាស្ត្រ​បរទេស ជាដើម​នោះ គ្រាន់តែ​ជាការ​ចុច​យក​ភស្តុតាង​ដោយចុះៗ របស់​សហ​ព្រះរាជអាជ្ញា ដើម្បី​ដាក់បន្ទុក​លើ​លោក នួន​ជា ដែល​សព្វថ្ងៃ មាន​អាយុ ៨៧ ឆ្នាំ​តែប៉ុណ្ណោះ។
 
តាម​មេធាវី អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា លោក នួន​ជា យល់ស្រប និង​ឯកភាព​ក្នុងការ​ជម្លៀស​ប្រជាជន​កម្ពុជា​ពី​ភ្នំពេញ នៅពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ និង​ការសម្លាប់​អតីត​មេ​ខ្មែរក្រហម​ដទៃទៀត។ ប៉ុន្តែ​លោក នួន​ជា បាន​បដិសេធ មិន​ទទួល​ដឹងឮ​ទេ លើ​ការសម្លាប់​មេដឹកនាំ​ខ្ពស់ និង​ទាហាន​ក្នុង​របប​សាធារណៈរដ្ឋ​ខ្មែរ លន់នល់ នៅ​ទួល​ពោធិ៍​ជ្រៃ និង​បដិសេធ​លើ​តួនាទី​របស់លោក ក្នុងការ​ជម្លៀស​ប្រជាជន លើក​ទី២ ក្នុងពេល​ខ្មែរក្រហម កំពុងកាន់​អំណាច អំឡុង​ឆ្នាំ១៩៧។
 
ក្នុងពេល​សវនាការ នៅ​ព្រឹក​នេះ សហ​មេធាវី​បរទេស ការពារ​លោក​នួន​ជា ក៏បាន​កត់សម្គាល់​ពី​អវត្តមាន​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា សព្វថ្ងៃ មិនបាន​ចូលរួម​ជា​សាក្សី ដើម្បី​ផ្តល់​សក្ខីកម្ម ក្នុង​សវនាការ នាំ​ឲ្យ​ប៉ះពាល់​ដល់​លោក នួន​ជា ត្បិត​អី តាម​មេធាវី លោក ហេង សំរិន ជា​សាក្សី ដោះ​បន្ទុក​លោក​នួន​ជា ពាក់ព័ន្ធ​នឹង​ការជម្លៀស​ប្រជាជន និង​ការសម្លាប់​ទាហាន រដ្ឋការ​របប​លន់នល់ នៅ​ទួល​ពោធិ៍​ជ្រៃ។
 
កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សហ​ព្រះរាជអាជ្ញា លោកស្រី ជា លាង បានស្នើ​សុំ​ឲ្យ​តុលាការ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​មួយជីវិត លើ​លោក នួន​ជា និង​លោក ខៀវ​សំផន ក្នុង​អំពើ​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធ​នឹង​ការជម្លៀស និង​ការសម្លាប់​ទាហាន លន់នល់៕

 

What Next?

Recent Articles