ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO)ប្រកាសនៅថ្ងៃអង្គារថា ខ្លួនបានរកឃើញករណីថ្មីមួយទៀតនៃជំងឺផ្តាសាយបក្សី ដែលកើតលើកុមារី មកពីខេត្តកំពង់ធំ ហើយនេះជាករណីទី២១ហើយនៃជំងឺនេះ សម្រាប់ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងុសខាភិបាល និងអង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី២២ខែតុលានេះ ឲ្យដឹងថា កុមារីម្នាក់នេះ អាយុ៨ឆ្នាំ រស់នៅក្នុងភូមិអូររាំង ឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ។ កុមារី ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៧ខែតុលា ថាមានជំងឺផ្តាសាយបក្សីH5N1។ កុមារនេះ ចាប់ផ្តើមឈឺ កាលពីថ្ងៃទី៨ ខែតុលា ដោយមានគ្រុនក្តៅ និងកណ្តាស ហើយនៅថ្ងៃទី០៩ខែតុលាឪពុកម្តាយ ស្វែងរកការព្យាបាលនៅគ្លីនិកឯកជន មួយនៅតាំងគោក ខេត្តកំពង់ធំ។ ដោយសារស្ថានភាពកុមារមានភាពធ្ងន់ធ្ងរ កុមារីនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។ នៅថ្ងៃទី១៤ខែតុលា កុមារបានទទួលការព្យាបាលដោយឱសថ Tamiflu។ បច្ចុប្បន្ន កុមារកំពុងស្ថិតក្នុងស្ថានភាពហ្នឹងន។ក្រសួងសុខាភិបាល បញ្ជាក់ថា កុមារីនេះ បានប៉ះពាល់ជាមួយបសុបក្សីងាប់ពេលកុមារ ជួយរៀបចំម្ហូបអាហារ។
គួរបញ្ជាក់ថា នេះជាករណីទី៤២នៃជំងឺផ្តាសាយបក្សី ដែលកើតឡើងនៅកម្ពុជា។ ៣១ករណីក្នុងចំណោម៤២ករណីនៃជំងឺនេះ កើតលើកកុមារអាយុក្រោម១៤ឆ្នាំ និង២៥ករណីនេះជំងឺនេះ កើតលើនារី។ ១០ករណីក្នុងចំណោម២១ករណីក្នុងឆ្នាំ២០១៣នេះ អាចមានលទ្ធភាពរស់រានមានជីវិត។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអប់រំប្រជាពលរដ្ឋ ជាពិសេសកុមារ លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសំរាប់បរិភោគ ត្រូវចំអិនអោយឆ្អិនល្អ។
ជំងឺផ្ដាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្ដែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការធ្វើការព្យាបាល នៅមន្ទីរពេទ្យ។ ទោះបីជាជំងឺនេះ មិនងាយឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត ប៉ុន្ដែបើវាផ្លាស់ប្ដូរវានឹងអាចរាលដាល ដូចនឹងជំងឺផ្ដាសាយតាមរដូវកាល៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com