ដោយ៖ ញឹម សុខន និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សមត្ថកិច្ចការពារនៅមុខផ្ទះនាយករដ្ឋមន្ត្រី ខណៈកម្មកររោងចក្រ SL តវ៉ា (រូបថត Heather)
ស្ទើរតែរាល់ថ្ងៃដែលកម្មករ-កម្មការនី បម្រើការក្នុងវិស័យឧស្សាហកម្មកាត់ដេរ បានធ្វើកូដកម្ម ហើយឈានទៅដល់បាតុកម្ម ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗ និងលក្ខខណ្ឌការងារ។
តើស្ថានភាពកម្មករក្នុងវិស័យកាត់ដេរ សព្វថ្ងៃបានជួបបញ្ហាអ្វីខ្លះ បានជាពួកគេ ឈានដល់ធ្វើកូដកម្ម ឬបាតុកម្ម ?
នៅក្នុង វេទិកា ស្តីពី “សុខភាព សុវត្ថិភាព និងសន្តិសុខរបស់កម្មកររោងចក្រកាត់ដេរ" នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែតុលានេះ ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យCCIM ឧបត្ថម្ភថវិកាដោយអង្គការរ៉ូសាលុចហ្សំបួរ កម្មករដែលបានចូលរួមលើកឡើងថា ប្រាក់ឈ្នួលសព្វថ្ងៃ មិនអាចផ្គត់ផ្គង់រាល់ការចំណាយផ្សេងៗបានទេ។ ដើម្បីចាយគ្រប់ត្រឹមប្រាក់ឈ្នួល៨០ដុល្លារនោះ ពួកគេអាចទិញបានតែចំណីអាហារថោកៗ គ្មានគុណភាព យកទៅបរិភោគ ប្រឈមនឹងបញ្ហាសុខភាព ហើយការធ្វើដំណើរ ត្រូវជិះប្រជ្រៀតគ្នា ប្រឈមនឹងគ្រោះថា្នក់ និងបង្ខំចិត្តធ្វើការថែមម៉ោងច្រើនជាដើម ៖ "ក្នុងមួយថ្ងៃគឺគាត់ធ្វើការបានតែ ១ម៉ឺន២ពាន់រៀលទេ ចឹងសាំងក៏វាឡើង១លីត្រពី៥ពាន់ ទៅ៦ពាន់អីដែរ ។ ចឹងគាត់ជិះម៉ូតូមកក៏ត្រូវចំណាយពេលយកលុយហ្នឹងមកចាក់សាំង អញ្ចឹងក្នុងមួយថ្ងៃចំណាយទាំងហូបចុកផង និងថ្លៃសាំងផង ចឹងក្នុងមួយថ្ងៃគាត់សល់តែ ២ពាន់រៀល ទៅ៣ពាន់រៀលសម្រាប់តែសល់ហ្នឹងទេ។ សព្វថ្ងៃលុយបាយដែលគាត់ទទួលបានគឺ២ពាន់រៀល ពេលដែលគាត់ថែមម៉ោង៦ អញ្ចឹងបើសិនជាមានលុយបាយបន្ថែមលើនឹងអាច២ពាន់រៀលបន្ថែមលើនឹងទៀត បានន័យថា ៤ពាន់រៀលក្នុងមួយថ្ងៃនៅពេលម៉ោង៦ហ្នឹង អញ្ចឹងគាត់អាចងាកមកហូបអាហារ ដែលមានតម្លៃ១ពាន់រៀល ដើម្បីទ្រទ្រុងសុខភាពរបស់គាត់" ។

វេទិកាស្តីពី សុខភាព សុវត្ថិភាព និងសន្តិសុខរបស់កម្មកររោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ (រូបថត ពេជ្រ សុធារី)
នៅកម្ពុជាសព្វថ្ងៃ ប្រាក់ឈ្នួលគោលរបស់កម្មករមានត្រឹម៨០ដុល្លារក្នុងមួយខែ។ ចំណែកប្រាក់ឈ្នួលគោលរបស់កម្មករនៅបណ្តាប្រទេសជាសមាជិក អាស៊ាន ដូចជានៅប្រទេសថៃ ប្រាក់ឈ្នួលកម្មករ ២៦៣ដុល្លារ ប្រទេសហ្វីលីពីន ២១២ដុល្លារ ប្រទេសឥណ្ឌូនេស៊ី ១៨២ដុល្លារ និងប្រទេសវៀតណាម ១៧២ដុល្លារ ជាដើម។
នៅចំពោះកម្មកររាប់រយ នាក់ក្នុងវេទិកា នៅខេត្តកំពង់ស្ពឺ ដែលជាបណ្តុំរោងចក្រច្រើនដែរនោះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងបន្ថែមថា កម្មករបានជួបប្រទេះ និងបញ្ហាសុខភាព នៅពេលបំពេញការងារ ដូចជាបរិយាកាសនៅក្នុងរោងចក្រ គ្មានខ្យល់អាកាសគ្រប់គ្រាន់ ផលិតផលក្នុងសង្វាក់ផលិតកម្មសំអាតសារជាតិគីមី មិនបានស្អាត និងការរំលោភសិទ្ធិការងារជាដើម។
លោក អាត់ ធន់ បញ្ជាក់ថា កត្តាទាំងនោះ ហើយដែលជំរុញឲ្យមានកូដកម្ម និងបាតុកម្ម ទាមទារលក្ខខណ្ឌការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ៖ "បើយើងគិតថា ម្ហូបអាហារហូបចុកសមរម្យ សម្រាប់ពេលបច្ចុប្បន្ន គឺយ៉ាងហោចណាស់ មួយពេល១ដុល្លារដែរ ឲ្យសមរម្យឲ្យគ្រប់កាឡារីណាស់ បើមួយខែយើងអស់៩០ដុល្លារដែរ ចុះជួលផ្ទះប៉ុន្មាន ចុះថ្លៃធ្វើដំណើរប៉ុន្មាន បើថាសាំងមួយថ្ងៃមួយលីត្រ ក៏៣០លីត្រដែរ ចឹងយើងមើលប្រាក់បច្ចុប្បន្ននេះ វាអត់គ្រប់ទេ បើអត់គ្រប់គាត់ធ្វើម៉េច គាត់ហូបតិច គាត់ហូបតិច ការងារគេឲ្យធ្វើ៨ម៉ោងថែម២ម៉ោងទៀត ជួនកាលថ្ងៃបុណ្យធ្វើទៀត ថ្ងៃអាទិត្យធ្វើទៀត ។ គាត់ចង់ទេ បានសួរគាត់ គាត់ថា អត់ចង់ទេ ប៉ុន្ដែវាអត់មានជម្រើស" ។
ក្រៅពីបញ្ហាលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលទាប ការយកកងកម្លាំងប្រដាប់អាវុធឬអ្នកមានអំណាចទៅកាងឲ្យក្រុមហ៊ុន ហើយគៀបសង្កត់កម្មករនោះ ក៏បញ្ហាដែលនាំឲ្យផ្ទុះបាតុកម្មដែរ។
កម្មកររោងចក្រSLជិត២០០០នាក់ ដែលបាតុកម្មជិត៣ខែមកនោះ ក្រៅតែពីបានបិទផ្លូវច្រើនដងមកហើយ ពួកគេបានដង្ហែក្បួនមករកអន្តរាគមន៍ដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប៉ុន្តែការកអន្តរាគមន៍នៅពេលនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ច ប្រដាប់ដោយខែល និងដំបង រារាំងឈានដល់ហិង្សា ៖ "ច្បាប់គេឲ្យប្រាក់ថ្លៃបាយ ធ្វើការថែមម៉ោង ២០០០រៀលថែមពីលើ អញ្ចឹងគាត់ស្នើសុំ គាត់អាចសុំ ៣០០០ ឬក៏ ៤០០០ អីអញ្ចឹងទៅ អាហ្នឹងពាក់ព័ន្ធនឹងអត្ថប្រយោជន័ ឧទាហរណ៍មួយទៀត ច្បាប់តម្រូវឲ្យផ្តល់ថ្លៃស្នាក់នៅ ឬក៏ថ្លៃធ្វើដំណើរហ្នឹង ៧ដុល្លារក្នុងមួយខែ អញ្ចឹងគាត់ស្នើសុំ ១០ដុល្លារក្នុងមួយខែរ គាត់សុំបន្ថែម ៣ដុល្លារ បន្ថែមអីអញ្ចឹងទៅ"។

កម្មកររោងចក្រ SL តវ៉ានៅមុខផ្ទះនាយករដ្ឋមន្ត្រី (រូបថត ញឹម សុខន)
តាមរបាយការណ៍ របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាC-CAWDU ឆ្នាំ២០១២ បង្ហាញថា ឆ្នាំ២០១០ វិវាទរួមមាន១៣២ករណី វិវាទបុគ្គលមាន៣២ករណី។ នៅឆ្នាំ២០១១វិវាទរួមមាន១៨៤ វិវាទបុគ្គល៣៧ និង២០១២មាន១៩០ករណី។ វិវាទកើនឡើង នាំឲ្យចំនួនកូដកម្មឬបាតុកម្ម របស់កម្មករ មិនថយចុះទេ។
អនុប្រធាន ការិយាល័យច្បាប់នៃក្រសួងការងារ លោក ហួន សឿ ឲ្យដឹងដែរថា កូដកម្ម-បាតុកម្មរបស់កម្មករនៅឆ្នាំ២០១៣នេះក៏មិនថយចុះទេ។ លោកថា ភាគច្រើនកើតចេញពីការទាមទារបន្ថែមនូវអត្ថប្រយោជន៍ផ្សេងៗ តែមិនមានបញ្ហាផ្នែកប្រាក់ឈ្នួលគោលទេ ៖ "វ៉ៃខ្ញុំម៉្លេះលោកអើយ ខ្ញុំធ្វើអីលោកឯង…មកហ្នឹងចង់ឲ្យសម្តេចជួយដោះស្រាយ ព្រោះនៅទីនោះគេមិនដោះស្រាយឲ្យទេ ថៅកែហ្នឹងវាមានឯកឧត្តមនៅហ្នឹង វាធ្វើបាបកម្មករ រោងចក្រវាដាក់ប៉ូលិស ដាក់ប៉េអឹមអី វាជិះជាន់ពួកយើងតាមចិត្ត"។
របាយការណ៍របស់សហជីព C-CAWDU បង្ហាញថា ការផ្តល់អត្ថប្រយោជន៍បន្ថែម ក្រៅពីប្រាក់ឈ្នួលអប្បបរមា ដោយមានភ្ជាប់នូវលក្ខខណ្ឌយ៉ាងតឹងរឹង ដូចជាបញ្ហា្ផផ្តល់ប្រាក់រង្វាន់ការងារ១០ដុល្លារក្នុង១ខែបាន ភ្ជាប់នូវលក្ខខណ្ឌថា ធ្វើការមិនអវត្តមាននោះ គឺជាបានបង្ហាញពីចេតនារឹតបន្តឹង និងបង្ខំដល់កម្មករនិងនិយោជិតឲ្យធ្វើការដោយគ្មានថ្ងៃឈប់សម្រាក ។
អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី យល់ថា ករណីនេះរាជរដ្ឋាភិបាល គួរបង្កើតយន្តការជាក់លាក់ ដំឡើងប្រាក់ឈ្នួលសមរម្យដល់កម្មករ និយោជិត ដើម្បីបញ្ជៀសបាតុកម្ម និងទប់ស្កាត់ការខាតបង់ថវិកាជាតិ ដោយសារផ្ទុះវិវាទការងារនេះ ។
លោក អាត់ ធន់ ឲ្យដឹងថា បញ្ហាសុខភាព សុវត្ថិភាព និងសន្តិសុខ នៅតែជាបញ្ហាប្រឈមនៅឡើយសម្រាប់កម្មករ ដែលករណីនេះ លោកស្នើឲ្យរាជរដ្ឋាភិបាល គួរតែដំឡើងប្រាក់ឈ្នួលដល់កម្មករ-កម្មការិនី ឲ្យបានសមរម្យ ទៅតាមអតិផរណាទំនិញលើទីផ្សារ និងធ្វើយ៉ាងណាពួកគាត់មានជីវភាពរស់នៅសមរម្យ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អិត សំហេង ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ការដំឡើងប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ អាចនឹងសម្រេចឲ្យបានមុនបំណាច់ ឆ្នាំ២០១៣នេះ៕
សរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com