ថ្ងៃ ពុធ 23 តុលា 2013
ដោយ ប៉ែន បូណា
RFI
នៅឯទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃពុធនេះក្រុមបាតុករគណបក្សសង្គ្រោះជាតិបានមកជួបជុំគ្នាជាបន្តបន្ទាប់ដើម្បីរង់ចាំកម្មវិធីផ្លូវការនៅរសៀលនេះ។ តាមការវាយតម្លៃរបស់អង្គការសង្គមស៊ីវិល មនុស្សប្រមាណជា២ម៉ឺននាក់បានមកជួបជុំគ្នានៅព្រឹកនេះក្រោមអាកាសធាតុក្តៅហែង ។ បាតុករកំពុងបន្តចូលមកជាបន្តបន្ទាប់ទៀត។

ក្រុមអ្នកចូលរួម មហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣តុលា២០១៣។ RFI/Siv Channa
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅព្រឹកនេះបានចាប់ផ្តើមឡើងដោយមានអ្នកចូលរួមច្រើនកុះករនៅទីលានប្រជាធិបតេយ្យ។ នៅព្រឹកនេះនៅមិនទាន់មានកម្មវិធីអ្វីសំខាន់នៅឡើយទេដោយពួកគេគ្រាន់តែមកជួបជុំគ្នាដើម្បីរង់ចាំដង្ហែញត្តិនៅថ្ងៃរសៀលតែប៉ុណ្ណោះ។
អ្នកដែលមានវត្តមាននៅទីលានប្រជាធិបតេយ្យនៅព្រឹកនេះមានចំនួនប្រហែល២ម៉ឺននាក់នេះបើយោងតាមការវាយតម្លៃរបស់ក្រុមអង្គការសង្គមស៊ីវិលដែលបានតាមដានព្រឹត្តិការណ៍នេះ។ ពួកគេបានជ្រកក្រោមដំបូលរោងប្រក់សំពត់តង់ដើម្បីគេចពីកម្តៅថ្ងៃដ៏ហួតហែង។ លោក សួន ប៊ុនស័ក្តិ មន្ត្រីនៃគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សដែលបានតាមដានរឿងនេះបានប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅតាមបណ្តាច្រកចូលភ្នំពេញ អាជ្ញាធរមិនបានរារាំងអ្នកដំណើរដែលមកចូលរួមបាតុកម្មទេ ប៉ុន្តែ គ្រាន់តែមានការឆែកឆេរខ្លះៗប៉ុណ្ណោះ។
ការឆែកឆេរនេះបានបង្កការរំខានខ្លះដល់អ្នកដំណើរ។ យ៉ាងណាក៏ដោយ លោក សួន ប៊ុនស័ក្តិ កត់សម្គាល់ថា អាជ្ញាធរហាក់ដូចជាមានការសម្របសម្រួលឲ្យបាតុករបានចូលមកធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ។ រហូតមកទល់ថ្ងៃត្រង់នេះ នៅមិនទាន់មានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់នៅឡើយទេ។
សូមបញ្ជាក់ថា តាមគម្រោងសម្រាប់មហាបាតុកម្មថ្ងៃដំបូងនេះ អ្នកចូលមហាបាតុកម្មនឹងដង្ហែញត្តិដែលមានស្នាមមេដៃពលរដ្ឋរាប់លាននាក់ដែលខ្លួនប្រមូលបានទៅដាក់ជូនការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំទីក្រុងភ្នំពេញ។ មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី និងលោក កឹម សុខា ក៏គ្រោងនឹងចូលរួមក្នុងពិធីដង្ហែញត្តិនេះដែរ។ បន្ទាប់ពីការដាក់ញត្តិរួចហើយ ក្រុមបាតុករនឹងវិលមកកាន់ទីលានប្រជាធិបតេយ្យវិញ។ នៅយប់នេះ ក៏មានការខ្សែភាពយន្តឯកសារស្តីពីការតស៊ូរបស់វីរជនបរទេសមួយចំនួនដើម្បីបង្ហាញក្រុមបាតុករផងដែរ។
មហាបាតុកម្មនឹងបន្តធ្វើរយៈពេលបីថ្ងៃជាប់ៗគ្នា។ នៅថ្ងៃស្អែក និងថ្ងៃបន្តបន្តាប់ទៀត ក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងដង្ហែញត្តិស្នាមមេដៃរបស់អ្នកគាំទ្រទៅជូនស្ថានទូតបរទេសនានានៅទីក្រុងភ្នំពេញផងដែរដើម្បីសុំឲ្យសហគមន៍អន្តរជាតិជួយដោះស្រាយបញ្ហាបោះឆ្នោត៕




១. បក្ខពួកហ៊ុន សែនបាននាំទាហានជាច្រើនឡានចូលក្រុងភ្នំពេញហើយ!
២. សូមនិស្សិត សិស្ស និងកម្មករ មេត្តាត្រៀមកំលាំង ដើម្បីទប់ស្កាត់ និងឡោមព័ទ្ធបក្ខពួកហ៊ុន សែន ករណីពួកវាបង្រ្កាបបាតុករដែលជាប្រជារាស្រ្តស្លូតត្រង់របស់យើង!!
៣. យើងជាជនរួមជាតិខ្មែរមិនបណ្តោយអោយហ៊ុន សែនអនុវត្តនូវយុទ្ធសាស្រ្តបិទទ្វារវៃឆ្កែជាដាច់ខាត!!!!