ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2013
http://vodhotnews.com
កុមារីអាយុ៨ឆ្នាំម្នាក់ទៀត នៅស្រុកបារាយខេត្តកំពង់ធំ បានរួចផុតពីការស្លាប់ ដោយសារឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 កាលពីចុងសប្តាហ៍មុន។
កុមារកុមារីនោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៣ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីព្យាបាលនៅឃ្លីនិចឯកជនមិនបានធូរស្រាល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO) ចុះថ្ងៃទី២២ ខែតុលាឲ្យដឹងថា កុមារីម្នាក់នោះ រស់នៅក្នុងភូមិអូររាំង ឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៧ខែតុលា ថាកុមារីនោះមានជំងឺផ្តាសាយបក្សីH5N1។
ស្មៀនឃុំពង្រ លោក លឹម ហេង ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី២៧ខែតុលានេះថា កុមារីនោះ បានត្រឡប់មកផ្ទះវិញហើយ ដោយពុំមានអាការៈជំងឺដូចមុនទេ។
ក្រសួងសុខាភិបាលឲ្យដឹងដែរថា កាឆ្លងជំងឺរបស់កុមារីនោះ អាចមកពីប៉ះពាល់មាន់ទា ឬបក្សីដែលងាប់ ។
នេះជាករណីទី៤២នៃជំងឺផ្តាសាយបក្សី ដែលកើតឡើងនៅកម្ពុជា។ ៣១ករណី កើតលើកុមារអាយុក្រោម១៤ឆ្នាំ និង២៥ករណី កើតលើនារី។ ១០ករណីក្នុងចំណោម២១ករណីក្នុងឆ្នាំ២០១៣នេះ អាចមានលទ្ធភាពរស់រានមានជីវិត៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍តាមរយៈ sreyleak@vodhotnews.com