ដោយ៖ ញឹម សុខន និងដួង សុខា
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
សាលារាជធានីភ្នំពេញ កាលពីអង្គារម្សិលមិញ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ផ្តល់ផែនទីគោលនៃការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញឲ្យបានឆាប់ ដើម្បីកាត់បន្ថយការរំលោភយកដីសាធារណៈ និងទប់ស្កាត់ជម្លោះដីធ្លី។
គេហទំព័រសាលារាជធានីភ្នំពេញ ឲ្យដឹងកាលពីថ្ងៃទី៥ វិច្ឆិកានេះ ថា ក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានី កាលពីថ្ងៃទី៤ វិច្ឆិកា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ថ្លែងប្រាប់រដ្ឋមន្ត្រីក្រសួងដែនដី នគររូបណីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញកំពុងប្រឈមនឹងការសាងសង់សំណង់ខុសច្បាប់ដ៏ស្មុគស្មាញ។
លោក ប៉ា សុជាតិវង្ស បន្តថា ដើម្បីងាយស្រួលកំណត់គោលដៅអភិវឌ្ឍន៍ជាក់លាក់ លោកស្នើ លោក អ៊ឹម ឈុនលឹម ជួយផ្តល់ផែនទីគោលនៃការអភិវឌ្ឍន៍រាជធានី ឲ្យបានឆាប់ ដើម្បីងាយស្រួលក្នុងការកំណត់តំបន់អភិវឌ្ឍន៍ កាត់បន្ថយការរំលោភដីសាធារណៈរបស់រដ្ឋ នៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ពីពេលនេះរហូតដល់ឆ្នាំ២០២០។
សកម្មជនដីធ្លីម្នាក់នៅតំបន់បឹងកក់ ដែលធ្លាប់ជាប់ពន្ធនាគារជាងមួយខែ ដោយសារការប្រឆាំងការបណ្តេញចេញ កញ្ញា សុង ស្រីលាភ ថ្លែងថា ការបង្ហាញជំហរថ្មីរបស់ លោក ប៉ា សុជាតិវង្ស ទំនងជាមិនធ្វើឲ្យជនរងគ្រោះរឿងដីធ្លីមានជំនឿទេ ព្រោះអ្នកភូមិដែលត្រូវបានអាជ្ញាធរបណ្តេញចេញមួយចំនួន ក្រោមគម្រោងអភិវឌ្ឍន៍រដ្ឋាភិបាល នៅមិនទាន់ទទួលដំណោះស្រាយនៅឡើយ ៖
មន្ត្រីសម្រសម្រួលនៅបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីភិច លោក សន ជ័យ យល់ថា ការលើកឡើងរបស់ លោក ប៉ា សុជាតិវង្ស ជាជំហានឈានទៅរកការធ្វើកំណែទម្រង់ដីធ្លី។ ប៉ុន្តែ លោកថា បើរដ្ឋាភិបាលមិនកំចាត់មន្ត្រីពុករលួយនៅជុំវិញខ្លួនទេ កំណែទម្រង់នេះក៏មិនមានប្រសិទ្ធិភាពដែរ ៖
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងដែនដី លោក អ៊ឹម ឈុនលឹម សន្យាខិតខំជំរុញការអនុម័តចេញផែនទីគោល តាមការស្នើសុំនេះឲ្យបានឆាប់ក្នុងឆ្នាំ២០១៤ ដើម្បីជាមូលដ្ឋានក្នុងការតម្រង់ទិសអភិវឌ្ឍន៍រាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាព៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
លោកបា៉ សុជាតិវង្សនិយាយត្រូវ,… ដើម្បីអភិវឌ្ឍន៏អោយមានតម្លាភាពខ្លាចអីក្រសួងបង្ហាញមក បង្ហាញជាសាធារណមក បើចឹត្តសឿង បើមិនអញ្ជឹងទេរាស្រ្តខ្មែរនៅតែជាចំណាប់ខ្មាំងដដែលជាដដែលហ្នឹង
This isue show the weakness of the goverment. After 20 year plust and spend million dollars of public money, they just start to ask each orther for the Phnom Penh Master Plan…..