អ្នក​កោះរុង​បារម្ភ​ពី​ការ​បាត់​ដី​ខណៈ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប គំរាម​រុះ​រើ​ផ្ទះ

Wednesday, 06 November 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

131106_07

ជីវភាព​របស់​ប្រ​ជាពលរដ្ឋ​រស់​នៅលើ​ដែន​កោះ​ ក្នុង​ខេត្ត​ព្រះ​សីហនុ​​​។ រូបថត ផា​ លីណា

ព្រះ សីហនុៈ ពលរដ្ឋ ៩៣ គ្រួសារ នៅ​ក្នុង​ភូមិ កោះ​តូច សង្កាត់ កោះរុង ក្រុង ព្រះសីហនុ កំពុង​កើត​កង្វល់​អំពី​ការ​បាត់​បង់​ដីធ្លី ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង​ជា​ថ្មី បន្ទាប់​ពី​អ្នក​ភូមិ​បី​គ្រួសារ​ត្រូវ​កង​សន្តិសុខ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គំរាម​នឹង​បង្ខំ​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ ដែល​បាន​រស់​នៅ​ជាង ២០ឆ្នាំ ហើយ​ចាក​ចេញ។

លោក ព្រាប គឹមឡាយ ជា​គ្រួសារ​រងគ្រោះ​ម្នាក់​ក្នុង​បី​គ្រួសារ​ដែល​រង​ការ​គំរាម​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ក្រុម​សន្តិសុខ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ចំនួន​បួន​នាក់ បាន​មក​ហាម​មិន​ឲ្យ​គាត់​ជួស​ជុល​ផ្ទះ​ដែល​ទ្រុឌ​ទ្រោម​ទេ និង​បាន​ដក​យក​សម្ភារ​មួយ​ចំនួន​ដែល​ប្រើ​ក្នុង​ការ​ជួស​ជុល​ផ្ទះ​ផង។

លោក​និយាយ​ថា៖ «ក្រោយ​ពី​ការ​ដក​យក​របស់​ទាំង​នោះ​ពួក​គេ​គំរាម​ខ្ញុំ​ឲ្យ​រុះរើ​ផ្ទះ​ចេញ ជាមួយ​គ្នា​នឹង​ផ្ទះ​អ្នក​ភូមិ​ពីរ​គ្រួសារ​ទៀត ដោយ​សារ​ថា ផ្ទះ​បី​នេះ​សង់​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​គេ»។

លោក សេង ហ៊ួលាង ចៅ​សង្កាត់​រង សង្កាត់ កោះរុង បាន​ប្រាប់​ថា កោះរុង មាន​ផ្ទៃ​ដី​ជាង ៩ ពាន់​ហិកតា មាន​ប្រជា​ពលរដ្ឋ​ជាង ៩០ គ្រួសារ​រស់​នៅ ប្រកប​មុខរបរ​នេសាទ​ធ្វើ​កសិកម្ម និង​បម្រើ​សេវា​ទេសចរណ៍​តាំង​ពី​ឆ្នាំ ១៩៩៣។ នៅ​ក្នុង​ខែ កក្កដា ឆ្នាំ ២០០៩ រាជ​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ដី​តំបន់ កោះរុង ទំហំ ៤.៦២៨ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នក​ឧកញ៉ា គិត ម៉េង ធ្វើ​ការ​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​រមណីយដ្ឋាន អេកូ ទេសចរណ៍។

លោក​បន្ត​ថា ក្រោយ​ពី​បាន​អាជ្ញាប័ណ្ណ​ពី​រាជ​រដ្ឋាភិបាល ក្រុមហ៊ុន​នេះ​ប្រើ​សិទ្ធិ​អំណាច​គំរាម​កំហែង និង​បំភិត​បំភ័យ​ពលរដ្ឋ ដោយ​ហាម​មិន​ឲ្យ​សង់​អ្វី​ថែម​នៅ​លើ​ដី​ខ្លួន​ឡើយ និង​បង្ខំ​ឲ្យ​អ្នក​ភូមិ​រុះ​រើ​ផ្ទះ​សម្បែង​ចាក​ចេញ​ពី​កន្លែង​ធ្លាប់​រស់​នៅ​រាប់​សិប​ឆ្នាំ​នេះ ដោយ​គ្មាន​សំណង​អ្វី​ទាំង​អស់។ លោក​ថា ពលរដ្ឋ​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ប្តឹង​ទៅ​តុលាការ ដោយ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ទន្ទ្រាន​ដី​ក្រុមហ៊ុន​ទៀត​ផង។

លោក​បន្ថែម​ថា៖ «កន្លង​មក​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ថា អ្នក​ភូមិ​រស់​នៅ​កន្លែង​ណា​ត្រូវ​រស់​នៅ​ទី​នោះ​បន្ត​និង​បង្ក​បង្កើនផល​ដូច​ធម្មតា និង​ចេញ​បម្រាម​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​គំរាម​កំហែង រុះរើ​លំនៅឋាន​ប្រជា​ពលរដ្ឋ​ទេ រហូត​ដល់​មាន​ដំណោះស្រាយ​ជា​ថ្មី»។

លោក​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ថ្ងៃ សុក្រ ពួក​អ្នក​ភូមិ​បាន​រាយការណ៍​ថា លោក ខៀវ សំណាង មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​គំរាម​រុះ​រើ​ផ្ទះ​ពលរដ្ឋ​បី​គ្រួសារ​នៅ​ភូមិ កោះតូច ប៉ុន្តែ មិន​បាន​សម្រេច ខណៈ​ក្រុម​អ្នក​ភូមិ​បាន​លើក​គ្នា​ធ្វើ​ការ​តវ៉ា​ប្រឆាំង ដោយ​មាន​កាន់​កាំបិត និង​កាន់​ដំបង​ត្រៀម​ទប់​ទល់​ផង។ តែ​ទោះ​យ៉ាង​ណា​មិន​មាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ទេ។

លោក ប្រាក់ ស៊ីហារ៉ា អភិបាល​រង​ខេត្ត ព្រះសីហនុ ទទួល​បន្ទុក​ដីធ្លី បាន​បញ្ជាក់​ដែរ​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ណា​មួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ជុំវិញ​សេចក្ដី​រាយការណ៍​នេះ​ទេ។ តែ​ទោះ​បី​ជា​យ៉ាង​ណា ទំនាស់​ដីធ្លី​នៅ​តំបន់​នោះ នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅ​ឡើយ ដូច្នេះ​ពលរដ្ឋ​ធ្លាប់​រស់​នៅ​កន្លែង​ណា គឺ​ពួក​គាត់​មាន​សិទ្ធិ​រស់​នៅ​បន្ត​ទៀត មិន​មាន​ភាគី​ណា​ទៅ​រំលោភ​បំពាន​សិទ្ធិ​ពួក​គាត់​បាន​ទេ។

លោក បញ្ជាក់​ថា៖ «បើ​ភាគី​ក្រុមហ៊ុន​មក​ឲ្យ​ប្រជា​ពលរដ្ឋ​រុះរើ​ផ្ទះ​ទាំង​បង្ខំ មែន​នោះ គឺ​ពិត​ជា​ធ្វើ​ខុស​ច្បាប់​ទាំង​ស្រុង​ហើយ»។

ពាក់ព័ន្ធ នឹង​ករណី​នេះ លោក ខៀវ សំណាង មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត ព្រះ​សីហនុ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា សមត្ថកិច្ច​លោក​មាន​តួនាទី ការពារ​សុវត្ថិភាព និង​រក្សា​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ និង​ការពារ​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​កាន់​កាប់​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ដែល​ទទួល​បាន​ពី​ការ​ផ្ដល់​ប្រទានកម្ម​ពី​រាជ​រដ្ឋាភិបាល។

លោក សំណាង បាន​ថ្លែង​ថា៖ «យើង​គ្រាន់​តែ​ហាម​ឃាត់ មិន​ឲ្យ​ពួក​គាត់​សង់​លំនៅឋាន​ថ្មី​ថែម​ទៀត ដោយ​ហេតុ​ថា លំនៅឋាន​ពួក​គាត់​ស្ថិត​នៅ​ក្នុង​គម្រោង​ដី​សម្បទាន​របស់​ក្រុមហ៊ុន។ ក្រុម​អ្នក​ភូមិ​ដែល​បាន​និង​កំពុង​សង់​លំនៅឋាន​ជា​លក្ខណៈ ខុនដូ ដែល​សមត្ថកិច្ច​យើង​ខ្ញុំ​ចុះ​ទៅ​ហាម​ឃាត់​មុន​នេះ គឺជា​សាច់​ញាតិ​របស់​លោក​ចៅ​សង្កាត់​រង សេង ហ៊ួលាង តែ​ម្ដង។ យើង​កំពុង​តែ​សង្ស័យ​លើ​គាត់ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ទាំង​នោះ»៕



What Next?

Recent Articles