អ្នកទេសចរ​​អំពាវនាវ​​ឲ្យ​​ប្រទេស​​ចំនួន​​៤​​ ការពារ​កុមារ​ពី​ការ​កេង​ប្រវ័ញ្ច​​ក្នុង​​វិស័យ​​ទេស​ចរណ៍​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​​​អ្នកទេសចរ​​មក​កាន់​តំបន់​អាស៊ី​​ភាគ​អាគ្នេយ៍ អំពាវនាវ​ឲ្យ​ប្រទេស​ចំនួន​៤​​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូចជា​ ប្រទេស​កម្ពុជា ឡាវ ថៃ និង វៀតណាម បង្កើន​​សកម្មភាព​ក្នុង​ការ​ការពារ​​កុមារ ពី​​ការ​កេង​ប្រវ័ញ្ច​​ក្នុង​​វិស័យ​​ទេ​សចរណ៍​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ​​វេ​ស្ទើន​ស៊ីដ​នី និង​អង្គការ​ទស្សនៈ​ពិភពលោក ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​០៦​​ខែ​វិច្ឆិកា​ ត្រូវ​នឹង​​ថ្ងៃ​ប្រារព្ធ​ទិវា​ទេស​ចរណ៏​​ពិភព​លោក ប្រកបដោយ​ការ​ទទួលខុសត្រូវ បានឲ្យដឹងថា កាលពី​ឆ្នាំ​កន្លងទៅ មាន​ភ្ញៀវទេសចរ​​ជាង​​៣៦​លាន​នាក់ ធ្វើដំណើរ​មក​កាន់ ប្រទេស​​ទាំង​៤​នេះ ហើយ​​ភាគច្រើន​នៃ​ភ្ញៀវ​​ទាំង​នោះ បានឃើញ​កុមារ​ស្ថិតក្នុង​ភាព​ងាយ​រងគ្រោះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ​បន្ថែមថា ក្នុង​របាយការណ៍​អង្កេត តាមរយៈ​​កិច្ចសម្ភាសន៍​​អ្នក​ទេសចរ​​ ២៧០​នាក់ មកពី​៣៩​​ប្រទេស​ខុសៗ​គ្នា​។ ក្នុង​នោះ ៩៥% នៃ​ភ្ញៀវ​​ទេសចរ​ដែល​ទទួលការ​ស្ទង់​មតិ បាន​​លើកឡើង​ថា ពួកគាត់​​មាន​អារម្មណ៍​​សោក​សៅ ព្រួយ​បារម្ភ និង​ខកចិត្ត នៅពេល​បាន​ជួប​ស្ថាន​ភាព​ងាយ​រងគ្រោះ​​ទៅលើ​កុមារ ។

របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ភាគច្រើន​នៃ​ភ្ញៀវទេសចរ​ ឲ្យ​​ដឹងថា ពួក​គេ​ចង់​ជួយ​កុមារ​​ដែល​ប្រឈម​នឹង​បញ្ហា​ទាំង​នោះ ប៉ុន្តែ​ពួកគេ​ថា​ភាគ​ច្រើន​​ពុំទាន់ ដឹង​ច្បាស់​​ពី​សកម្មភាព​ដែល​ពួក​គេ​គួរ​ធ្វើ ហើយ​ពួក​គេ​ចង់បាន​ព័ត៌មាន​​បន្ថែម​ស្តីអំពី​សកម្មភាព ដើម្បី​ទប់ស្កាត់​កុមារ​ពី​ការរំលោភ បំពាន​ឬ​កេង​​ប្រវ័ញ្ច​ផ្សេងៗ​។​

​រដ្ឋាភិបាល​អូស្ត្រាលី​ បាន​ផ្តល់​ជំនួយ​​ដល់គម្រោង​​កុមារ​ផ្នែក​​បង្ការ ចំនួន ៧,៥​លាន​​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​​កុមារ​​ក្នុង​​វិស័យ​ទេសចរណ៍ ក្នុង​​អនុ​តំបន់​​ទន្លេមេគង្គ​។​

សម្រាប់​នៅ​កម្ពុជា​គម្រោង​​កុមារ​ផ្នែក​បង្ការ​នេះ​​ គ្រោង​នឹង​អនុវត្ត​រយៈពេល​​បី​ឆ្នាំ ចាប់ពី​ខែ​តុលា ឆ្នាំ​២០១១ រហូត​ដល់ ខែ​​កញ្ញា ឆ្នាំ​២០១៤​។ គម្រោង​​​នេះ​ត្រូវ​បាន​អនុវត្ត​តាម​រយៈ​សកម្ម​ភាព​ ដូចជា ​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ផ្តល់​វគ្គ​បណ្តុះបណ្តាល​​ទៅ​ដល់​កុមារ ៥១៥​នាក់ នៅ​ខេត្ត​ចំនួន​បួន​រួម​មាន ខេត្ត​មណ្ឌល​គី​រី សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ អំពី​របៀប​ការពារ​ខ្លួន​ពី​ការរំលោភ​បំពាន ឬ​កេងប្រវ័ញ្ច​ផ្លូវភេទ​។ ក្រៅពីនោះ​មាន​ជា​ការ​សំដែង​​រឿង បណ្តុះប​ណ្តាល​ឪពុកម្តាយ ផ្តល់​ការបណ្តុះបណ្តាល ស្តីពី​របៀប​ការពារ​សុវត្ថិភាព​កុមារ​ពី​ការរំលោភ​បំពាន ឬ​កេងប្រវ័ញ្ច​ផ្លូវភេទ ទៅ​ដល់​តំណាង​ង​សហគម​ន៏​ចំនួន​២១៤​ជាដើម​៕

សរសេរមកកាន់អ្នក​នាង ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles