បុគ្គលិក​សណ្ឋាគារ​មួយ នៅ​ខេត្ត​សៀមរាប ផ្ទុះ​ការតវ៉ា​ទាមទារ​ល​ក្ខខណ្ឌ​​

ដោយ៖​ បូ សា​វី និង អ៊ឹង ប៊ុនថន​
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

បុគ្គលិក​សណ្ឋាគារ​ឡឹមេរីឌានអង្គរ តវ៉ាទាមទារលក្ខ​ខណ្ឌ​ការ​ងារ (រូបថត បូ សាវី)

​បុគ្គលិក​ប្រមាណ​ជាង ១០០​នាក់ នៃ​សណ្ឋាគារ ឡឹ​មេ​រីឌា​ន អង្គរ (Le Meridian Angkor) នៅ​ខេត្ដ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ផ្ទុះ​ការតវ៉ា​នៅខាងមុខ​កន្លែងធ្វើការ​របស់​ពួកគេ ស្ថិត​នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដើម្បី​ទាមទារ​ឲ្យ​អ្នកគ្រប់គ្រង​របស់ខ្លួ​ន ទទួលយក​លក្ខ​ខណ្ឌ​​ការងារ​៣​ចំណុច​។

​បុគ្គលិក​ម្នាក់​ធ្វើការ រយៈពេល​៨​ឆ្នាំ និង​ជា​សមាជិក​​​សហជីព លោក លី លីន​ដា ថ្លែងថា ម្ចាស់​សណ្ឋាគារ ជា​ជនជាតិ​ថៃ​នោះ មាន​គម្រោង​បញ្ចប់​កិច្ច​សន្យា​​ការងារ​​លោក នៅ​ខែ​មករា​ឆ្នាំ​២០១៤ ដោយសារ រើសអើង​សហជីព​។ លោក​បន្ដថា ការបញ្ឈប់​បែបនេះ ខុស​ច្បាប់​ការងារ​ត្រង់​មាត្រា​៨៣ ដែល​លោក​​បញ្ជាក់ថា កម្មករ ដែល​ធ្វើ​ការងារ បាន​រយៈពេល​ពី ពីរ​ឆ្នាំ​ឡើង​ទៅ​អាច​ធ្វើការ​បាន​ដោយ​ស្វ័យប្រវត្តិ ពោល​គឺ​មិនបាច់​ចុះកិច្ចសន្យា​ថ្មី​ឡើយ លើក​លែង​តែ​បុគ្គល​នោះ​មាន​មាន​កំហុសឆ្គង ទើប​អ្នក​គ្រប់គ្រង​មាន​សិទ្ធិ​បញ្ចប់​បាន​ ​៖ "ក្នុងន័យច្បាប់​ យើងធ្វើការចាប់ពីពីរឆ្នាំឡើងទៅ​ គឺយើងគេហៅថា Open contract គឺយើងលែងមានកុងត្រាទៀតហើយ ទោះបីយើងធ្វើប៉ុន្មានទៀតក៏ដោយ បាទ លើកលែងតែ​យើង​ បុគ្គលិក​ កម្មករ នយោជិកគាត់ប្រព្រឹត្ដកំហុសធ្ងន់ណា​មួយ ដែលទាក់ទងនឹង​មាត្រ​៨៣ ច្បាប់ស្ដីពីការងារ បាននិយោជក​ គាត់​មានសិទ្ធិពិចារណា"។

​បុគ្គលិក​ផ្នែក​អាហារ និង​ភេសជ្ជៈ រយៈពេល​៨​ឆ្នាំ​ដែរ លោក យី​ង ប៉េង ឲ្យដឹងថា ម្ចាស់​សណ្ឋាគារ​បានបញ្ចប់​កិច្ចសន្យា​ការងារ​របស់​លោក ​កាល​ពី​​ខែ​សីហា ឆ្នាំ​២០១៣​នេះ ដោយ​សារ​​មក​ធ្វើការ​យឺត​១៥​នាទី ​និង​សង្ស័យ​លោក​ចូល​ជា​សមាជិក​សហជីព ​៖ "កំហុសខ្ញុំចុងក្រោយ​គឺខ្ញុំមក យឺត គឺទាក់ទងនឹង​ច្បាប់ ខ្ញុំនិយាយជុំសហជិព​ គាត់ថា កំហុសនេះ​អត់ត្រូវដេញចេញទេ អត់ត្រូវបញ្ឈប់ទេ ចឹងទៅខ្ញុំទាមទារ​ឲ្យគាត់ជួយ​ ឲ្យបានធ្វើការវិញ​"។

VOD មិនអាច​ទាក់ទង​ម្ចាស់​សណ្ឋាគារ ឡឺ​មេ​រីឌា​ន អង្គរ ជា​ជនជាតិ​ថៃ​បាន​នៅឡើយ​ទេ​។ ប៉ុន្ដែ​បើ​តាម អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ខេត្ត​សៀម​រាប លោក អ៊ឹង ចំរើន ដែល​បាន​ចូល​សម្រួល​​ករណីនេះ មានប្រសាសន៍​ខ្លី​ថា អ្នកគ្រប់គ្រង​សណ្ឋាគារ នឹង​ដោះស្រាយ​រយៈពេល​៥​ថ្ងៃ​ទៀត ​៖ "អត់ទាន់ស្ដាប់បានទេ គេ​ទុក​ឲ្យពិចារណា​៥ថ្ងៃសិន យើងអត់អាចនិយាយបានឡើង​" ។

​ទោះជា​យ៉ាងណា ប្រធានសហ​ព័ន្ធ​សហជីព កម្មករ​និយោជិត វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា ប្រចាំ​ខេត្ដ​សៀមរាប លោក ម៉ម រិទ្ធី សំគាល់ថា ម្ចាស់​​ក្រុមហ៊ុន​មួយចំនួន នៅ​ខេត្ត​ទេសចរណ៍ តែង​គាបសង្កត់​បុគ្គលិក​​គ្រប់​រូបភាព ដោយសារ​បុគ្គលិក​ទាំង​នោះ​ចូល​ជា​សមាជិក​សហជីព​។ លោក​ព្រមាន​​ថា នឹង​ធ្វើ​ការតវ៉ា​ម្ដងទៀត នៅ​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ បើសិន​មិន​ដំណោះស្រាយ ​៖ "គាត់ធ្វើការ​តែម្នាក់​គាត់​ ជាមួយសហជីព តទល់​គ្នា​ បើមិនបាន​ចំណុះគាត់ទេ គ្រប់វិធីសាស្រ្ដ​ដើម្បីយក​ឈ្នះគ្នាទៅវិញទៅមក​ បើនិយាយ​ពី​ភាពជាក់ស្ដែងគ្នាមែនទែន ស្ទើតែ៧០ ទៅ៨០ភាគរយ​ហើយ​ រាល់ថ្ងៃ​គឺមានការ​គាបសង្កត់ផ្លូវចិត្ដ​ ដូចជា​ កិច្ចផ្សេងៗហ្នឹង គឺទាល់តែ៧០ភាគរយ​ ហើយ​បើសិន​ជា​អ្នកចូលសហជីព អ្នកដែលត្រៀមចូលសហជីពអី​ហ្នឹង មានបញ្ហាជាមួយថៅកែទាំងអស់ គឺ​គំរាមកំហែង​បញ្ឈប់ គំរាមកំហែង​ទម្លាក់ដំណែង​ ការប្រាក់ខែ​ ឫ​ក៏ប្រើ​វិធីសាស្ដ្រ​ផ្សេង​ៗ កុំឲ្យពួកគាត់ចូលរួម​ជាមួយ​សហជីព​ បង្កើតសហជីពបាន​​ "។

​លក្ខខណ្ឌ​ការងារ​ទាំង​៣​ចំ​ណុច​ ដែល​បុគ្គលិក​ទាមទារ​នោះ រួមមាន ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួលយក​បុគ្គលិក២នាក់​ចូល​ធ្វើការ​វិញ មានឈ្មោះ លី លីន​ដា និង​​ឈ្មោះ យី​ង ប៉េង និង​ទាមទារ​ឲ្យ​បញ្ចប់​អ្នកគ្រប់គ្រង​ផ្នែក​វិស្វកម្ម​ម្នាក់ទៀត ឈ្មោះ ស្រួយ សុខុម ដែល​ក្រុមអ្នកតវ៉ា អះអាងថា អ្នកគ្រប់គ្រង​ផ្នែក​នោះ បង្ក​បញ្ហា​ញឹកញាប់ បន្ទាប់​ពី​ចូល​បម្រើ​ការងារ​នៅ​ទីនោះ​បាន​៨​ខែ​៕

សូមសរសេរមកកាន់​ លោក បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles