កម្មករកម្មការិនីរោងចក្រផលិតកង់ ស្មាត ធិច (Smart Tech) ប្រមាណជិត ១ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ានៅមុខសាលាខេត្តស្វាយរៀង ឲ្យជួយដោះស្រាយលក្ខខណ្ឌការងារដែលនៅសេសសល់ចំនួន ២ចំណុច នៅព្រឹកថ្ងៃទី៦ វិច្ឆិកា។
ដោយ ហ៊ុំ ចំរើន
2013-11-06
RFA

សកម្មភាពកម្មកររោងចក្រផលិតកង់ ស្មាត ធិច (Smart Tech) តវ៉ានៅមុខសាលាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Hum Chamroeun
ក្រុមកម្មករតវ៉ា ទាមទារឲ្យក្រុមហ៊ុនដោះស្រាយលក្ខខណ្ឌការងារ រួមមាន ទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់បន្ថែមដល់កម្មករម្នាក់ ៣ដុល្លារអាមេរិក ក្នុងមួយខែ និងលក្ខខណ្ឌទី២ ស្នើឲ្យភាគីក្រុមហ៊ុនដោះស្រាយទូទាត់ប្រាក់ការងារ ៥០% ដល់កម្មករ អំឡុងពេលធ្វើកូដកម្មពីថ្ងៃទី១ ដល់ថ្ងៃទី៦ វិច្ឆិកា។ ការទាមទារនេះ បន្ទាប់ពីក្រុមកម្មករបានចរចារកដំណោះស្រាយជាមួយភាគីក្រុមហ៊ុន នៅថ្ងៃទី៤ វិច្ឆិកា ដោយគ្មានដំណោះស្រាយ។
តំណាងកម្មកររោងចក្រផលិតកង់ ម្នាក់ លោក អ៊ុក ភ័ក្ត្រា មានប្រសាសន៍នៅថ្ងៃទី៦ វិច្ឆិកា ថា កន្លងមក កម្មករបានធ្វើការងារផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុន។ មួយវិញទៀត កម្មករបានធ្វើការនៅក្រុមហ៊ុននេះរយៈពេលយូរ ក្លាយទៅជាកម្មករជំនាញអស់ទៅហើយ។ ប៉ុន្តែ ក្រុមហ៊ុនគិតតែពីផលចំណេញ ភ្លេចពីប្រាក់អត្ថប្រយោជន៍របស់កម្មករ ទើបធ្វើឲ្យក្រុមកម្មករតវ៉ារហូតដល់សាលាខេត្ត។
លោក អ៊ុក ភ័ក្ត្រា៖ «ពីមុនហ្នឹង វាមានដល់ទៅ ១៣ចំណុចបាទ! ដល់ពេលខាងរោងចក្រហ្នឹងក្រោយការដោះស្រាយជាមួយខាងក្រុងហ្នឹង បាន ១១ចំណុច។ អាឡូវនៅខ្វះ ២ចំណុច។ សុំអាប្រាក់ជំនាញហ្នឹងឲ្យដល់កម្មករ ព្រោះកម្មករដែលគាត់មានជំនាញយូរហើយ គាត់ចេះ។ ជួនកាលកង់មួយគាត់អាចតាំងពីចេះផ្សា ចេះទាំងពីបាញ់ថ្នាំ ចេះដំឡើង អាចកង់ជិះបានបាទ។ ហើយដល់ពេលអ៊ីចឹង គាត់មានប្រាក់ជំនាញហ្នឹង។ តាមរោងចក្រនានាគេឲ្យ ដល់រោងចក្រយើងខ្ញុំអត់មានបាទ»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន ឲ្យដឹងថា បញ្ហាដែលភាគីទាំងសងខាងដោះស្រាយមិនចេញ ដោយសារលក្ខខណ្ឌទាមទាររបស់កម្មករ ហាក់មានកម្រិតខ្ពស់បន្តិច ដែលខុសនឹងគោលការណ៍ច្បាប់បានកំណត់។ កត្តាទាំងនេះ ធ្វើឲ្យក្រុមហ៊ុនរឹងរូសពុំព្រមធ្វើតាមសំណើរបស់កម្មករ៖ «អ៊ីចឹងហើយ បើសិនគាត់អត់ធ្មត់បានចូលធ្វើការវិញទៅ ក៏ជាការល្អដែរ ដើម្បីជាការផលប្រយោជន៍ភាគីទាំងសងខាង ព្រោះទាមទារប្រាក់ជំនាញនេះ មើលទៅក្រុមហ៊ុនក្នុងការដឹងតែពិបាកផ្ដល់ឲ្យ។ ហើយបើគាត់នៅតែចចេសទាមទារទៀត អាហ្នឹងវានៅតែមិនបានផលអីដដែល»។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិណ្នារ័ត្ន បញ្ជាក់ថា ការធ្វើកូដកម្មស្នើទាមទាររបស់កម្មករ ចាត់ទុកជារឿងត្រឹមត្រូវ ព្រោះកម្មករមានជំនាញ ត្រូវតែមានការលើកទឹកចិត្ត និងដំឡើងប្រាក់បន្ថែម៖ «ច្បាប់ការងារក៏គេបាននិយាយដែរ កម្មករមែន បើកម្មករណាមានជំនាញ គឺគាត់ទទួលបានប្រាក់បៀវត្សរ៍ទៅតាមជំនាញរបស់គាត់បាទ។ អ៊ីចឹង អ្វីដែលគាត់ទាមទារទៅថៅកែហ្នឹង បើយើងគិតតាមផ្លូវច្បាប់ គឺគាត់មិនខុសអីទេ គឺគាត់មិនទាមទារឲ្យខុសពីច្បាប់ការងារទេ គឺកិច្ចការមួយដែលគាត់ត្រូវទាមទារ»។
រោងចក្រ ស្មាត ធិច មានកម្មករកម្មការិនីប្រមាណជាង ១.២០០នាក់ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
បន្ទាប់ពីការធ្វើកូដកម្មទាមទាររបស់ក្រុមកម្មករនៅមុខសាលាខេត្តស្វាយរៀង ប្រមាណជាង ៣ម៉ោង ដោយគ្មានដំណោះស្រាយ អភិបាលខេត្តបានប្រគល់ភារកិច្ចនេះទៅឲ្យមន្ត្រីក្រោមឱវាទដែលពាក់ព័ន្ធ ឲ្យចូលរួមរកដំណោះស្រាយជាមួយភាគីទាំងសងខាងម្ដងទៀត នៅរសៀលថ្ងៃដដែលនៅក្រុងបាវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីការងារខេត្តក្រចេះណែនាំឲ្យក្រុមហ៊ុនចិនគោរពសិទ្ធិការងារកម្មករ
- កម្មករ២៧នាក់រងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ
- កម្មកររោងចក្រអែស.អិលព្រមទទួលយកប្រាក់៥០%ក្នុងអំឡុងពេលធ្វើបាតុកម្ម
- កម្មករសិប្បកម្មកាត់ដេរខោអាវនៅតាកែវតវ៉ាសុំប្ដូរមេការ
- កម្មករខ្មែរត្រូវបានហាមមិនឲ្យអូសរទេះចូលទឹកដីថៃ
- ក្រុមហ៊ុនចិនផលិតក្ដារបន្ទះនៅក្រចេះរងការចោទថារំលោភសិទ្ធិការងារកម្មករ
- កម្មកររោងចក្រអែស.អិលគ្រោងធ្វើបាតុកម្មមុខរោងចក្រនៅថ្ងៃច័ន្ទ
- ថៅកែមួយចំនួននៅខេត្តសៀមរាបរងការចោទថារំលោភសិទ្ធិការងារកម្មករ
- ILO បង្កើតកម្មវិធីអប់រំកម្មករតាមប្រព័ន្ធទូរស័ព្ទ
Adding $3.00 more for nothing , at least adding more $30.00 /month.
Chieng Om unability to resolve the problem .Gorverner of Svay Rieng Province has to change to someone have ability to operate the province for develop………………………Get down Chieng Om!!!