ដោយ៖ តាំង វីដា
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
គណបក្សសង្គ្រោះជាតិមានគម្រោងចរចាជាមួយ គណបក្សប្រជាជនកម្ពុជារៀបចំកញ្ចប់ថវិកាជាតិសម្រាប់ជួយដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ធម្មជាតិ ដើម្បីជួយដោះ ស្រាយទុក្ខលំបាករបស់ប្រជាជនឲ្យបានទាន់ពេល។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ តំណាងរាស្ត្រ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ លើកឡើងថា ក្នុងពេលទឹកជំនន់ប៉ុន្មានឆ្នាំចុងក្រោយ ពិសេសនៅឆ្នាំ២០១៣នេះ ប្រជាជនជួបការលំបាកដោយសារការជួយសង្គ្រោះ និងការផ្តល់ជំនួយឧបត្ថម្ភមិនបានគ្រប់គ្រាន់។ លោកស្រីបញ្ជាក់ថា ដើម្បី សម្រួលការលំបាកដល់ប្រជាពលរដ្ឋ គឺត្រូវបង្កើតកញ្ចប់ថវិកាចំណាយឲ្យបានជាក់លាក់ សម្រាប់ជួយដល់ប្រជាជនពេលជួបទឹកជំនន់ ឬគ្រោះថ្នាក់ធម្មជាតិផ្សេងៗទៀត។
កាលពីខែតុលាកន្លងទៅ គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុម័តកញ្ចប់ថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០១៤ មានទឹកប្រាក់ស្មើនឹង ៣៥០០លានដុល្លារ សហរដ្ឋអាមេរិក។ តែថវិកានេះ មិនលម្អិតថា ត្រូវចំណាយលើផ្នែកអ្វីខ្លះនៅឡើយទេ៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotenews.com
